បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​១​ខ្សែ​និង​ស្តារ​ប្រឡាយ​បង្ហូរទឹក​ជូន​ពលរដ្ឋ​នៅ​ភូមិ​ក្រាំងក្រូច សង្កាត់​ទៀន​

716
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ ៖​កាលពី​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ រួមជាមួយ​មន្ត្រីរាជកា​រ​សាលាខណ្ឌ សង្កាត់ ភូមិ ជាច្រើនរូប​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ នៅ​ភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ​។​
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖ ផ្លូវ​បេតុង ១​ខ្សែ ឆ្អឹង​ដែក ០,១៥​ម៉ែត្រ ប្រវែង ៤៧០​ម៉ែត្រ ទទឹង ៤​ម៉ែត្រ ស្ថិតនៅ​ភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ បាន​បើក​ការដ្ឋាន​ស្ថាបនា​។ ក្នុងនោះ​អាជ្ញាធរ​ខណ្ឌ ក៍​ស្តារ​ប្រឡាយ​បង្ហូរទឹក ជូន​ពលរដ្ឋ​ប្រើប្រាស់​ប្រវែង ៣០០​ម៉ែត្រ​។​
​នាឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា បាន​នាំយក​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​បាន​គិតគូរ​ពី​ការលំបាក បញ្ហា និង​តម្រូវការ​នានា របស់​បងប្អូន​រស់នៅ​ក្នុង​មូលដ្ឋាន​។​លោក​អភិបាលខណ្ឌ​ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ របស់​ប្រទេសជាតិ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​បញ្ហាលំបាក​នានា ឲ្យ​ក្លាយជា​ប្រទេស​មានការ​រីកចម្រើន ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ក្រោម ដំបូល​សន្តិភាព​។​
​លោក​អភិបាលខណ្ឌ​បាន​បាន​អះអាងថា​៖​ជាក់ស្តែង ផ្លូវ​បេតុង ១​ខ្សែ ឆ្អឹង​ដែក ០,១៥​ម៉ែត្រ ប្រវែង ៤៧០​ម៉ែត្រ ទទឹង ៤​ម៉ែត្រ ស្ថិតនៅ​ភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា នាពេលនេះ នឹង​ជួយ​សម្រួល​នូវ​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ផងដែរ ។ ជាមួយគ្នា​នោះ​លោក​អភិបាល​ក៍បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ទាំងអស់ សូម​ត្រៀម​ឯកសារ​នានា​នឹង​នាំគ្នា​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា នាពេលខាងមុខ​នេះ​គឺ​បោះ​ជូន​គណបក្ស​លេខ​រៀង​ទី​២០ ។​
​បច្ចុប្បន្ននេះ​ជាក់ស្ដែង​គេ​មើលឃើញថា​៖ នៅក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​ទាំងមូល ភាគច្រើន គឹជា​ផ្លូវ​បេតុង ដែល​អាជ្ញាធរ​ខិតខំ​ស្ថាបនា សម្រាប់​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ទូទៅ ។ ទន្ទឹម​និង​នេះ ពលរដ្ឋ​រស់ នៅក្នុង​ខណ្ឌដង្កោ ក៍មាន​ជីវភាព​ល្អប្រសើរ​ផងដែរ ទាំងនេះ​ក៍ ដោយសារតែ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញ​បរិបូរ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕