បើក​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ លើក​ទី​១ សំដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ លើក​ទី​៣២

1608
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​សិស្ស​-​និស្សិត​កម្ពុជា នា​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ នេះ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស និង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការបើក​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) លើក​ទី​១ ឆ្នាំនេះ នា​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​លោក ស សុខា បាន​មាន​ប្រសា​សាសន៍​ថា ការប្រកួត​នេះ ក្នុង​គោលបំណង អនុវត្ត​នយោបាយ​កំណែទម្រង់ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​រចនាសម្ព័ន្ធ​ប្រកួត ដើម្បី​ត្រៀម​ឆ្ពោះទៅ​ការប្រកួត​កីឡា SEA GAMES ឆ្នាំ​២០២៣ លើក​ទី​៣២ ឲ្យ​ស្របទៅនឹង​រចនាសម្ព័ន្ធ ការប្រកួត​ថ្នាក់​តំបន់ និង​អន្តរជាតិ ដូចជា ការប្រកួត​កីឡា​សិស្ស​អាស៊ាន កីឡា​សាកលវិទ្យាល័យ​អាស៊ាន និង​កីឡា​សាកលវិទ្យាល័យ​ពិភពលោក ជាដើម​។​

​លោក​រដ្ឋលេខាធិការ បាន​បន្តថា យើង​មាន​ដំណាក់កាល នៃ​ការបណ្តុះបណ្តាល មន្ត្រីរដ្ឋបាល មន្ត្រី​បច្ចេកទេស ព្រមទាំង​ជ្រើសរើស កីឡាករ​-​កីឡាការិនី ដែល​ល្អៗ ជា​ថ្នាល​ត្រៀម​បម្រុង សម្រាប់ SEA GAMES ដោយ​បំផុសសកម្មភាព អប់រំ​កាយ និង​កីឡា នៅក្នុង​គ្រឹះស្ថានសិក្សា និង​នៅតាម​រាជធានី ខេត្ត ព្រមទាំង​ជួយ​ឲ្យ​សិស្ស មាន​សុខុមាល​ភាពល្អ កាយសម្បទា​មាំមួន ឆន្ទៈ​មោះមុត អំណត់​ព្យាយាម​វិន័យ ស្មារតី​ក្រុម គំនិត​ច្នៃប្រឌិត និង​តស៊ូ​ស្វិតស្វាញ សំដៅ​ដណ្ដើមបាន​លទ្ធផល​ល្អប្រសើរ លើ​ការប្រកួត ទទួលបាន​លទ្ធផល​ការសិក្សា​ល្អ និង​ជីវភាព​រស់នៅ សុខដុមរមនា​។

​លោក​បាន​បន្ថែមថា លើកទឹកចិត្ត​ដល់ អ្នកលេង​កីឡា និង​អ្នក​ដែលមាន​ឧបនិស្ស័យ ដើម្បី​ជ្រើសរើស​បាន ជា​កីឡាករ​-​កីឡាការិនី​ថ្នាល​ល្អៗ ចូលក្នុង​ក្រុម​ជម្រើសជាតិ ចូលរួម​ក្នុងការ​ហ្វឹកហាត់ ត្រៀមលក្ខណៈ​ចូលរួម​ការប្រកួត នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​នានា​។ បង្កលក្ខណៈ​ឲ្យ​សិស្ស​ជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បី​ចេះ​រួមរស់​ជាមួយគ្នា នៅក្នុង​សង្គម ផ្តល់ឱកាស​ដល់​អ្នកលេង​កីឡា បាន​ស្គាល់​តំបន់​ផ្សេងៗ ក៏ដូចជា​រមណីយដ្ឋាន ទេសចរណ៍​នានា ដើម្បី​បណ្តុះ​គំនិត ឲ្យ​ចេះ​ស្រឡាញ់ ចេះ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ និង​បណ្តុះ​គំនិត ស្នេហា​ជាតិ​។​

​ក្រសួង​អប់រំ បានសម្រេច​ដាក់ ១១ ប្រភេទ​កីឡា រួមមាន​៖ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡា​ប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡា​វាយ​សី កីឡា​ការ៉ាត់តេ កីឡា​តេ​ក្វាន់​ដូ WT និង​កីឡា​តេ​ក្វាន់​ដូ ITF ។ ការប្រកួត នឹងធ្វើ​ឡើង នា​ថ្ងៃទី​១០ ដល់​១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ហើយ​ការប្រកួត​ឆ្នាំនេះ មាន ២៥ រាជធានី ខេត្ត ចូលរួម​៕​v