បើក​កិច្ចប្រជុំ​គ្រាអាសន្ន​អំពី​ការចាប់​នាវា​ដឹក​ប្រេង​នៅពេល​អង់គ្លេសគ្រោង​បញ្ជូន​នាវាមុជទឹក​ទំនើប​ទៅកាន់​ឈូង​សមុទ្រ​

1887
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រេសា មេ ត្រូវបើក​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​គ្រាអាសន្ន​របស់​អង់គ្លេស​នៅ​ថ្ងៃ​២២​កក្កដា ដើម្បី​ពិភាក្សា​ការចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​មួយ​​ពី​សំណាក់​អ៊ីរ៉ង់នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​។​វា​ជា​កិច្ចការ​សំខាន់​មួយ​ដែល​លោកស្រី​ត្រូវ​ធ្វើ​មុន​លោកស្រី​លាឈប់​នៅ​ថ្ងៃ​ពុធ​ទី​២៣​កក្កដា​។​

​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ អង់គ្លេស​បាន​និយាយថា អ៊ីរ៉ង់​បាន​អះអាងថា នាវា Stena Impero ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ស៊ុយអែត​​នេះ បាន​ព្យាយាម​ចូល​ច្រក​សមុទ្រ​តាម​ផ្លូវ​ចេញ មិន​ឆ្លើយតប​នឹង​ការព្រមាន និង​បិទ​GPS​។​

​ពួក​មន្ត្រី​អ៊ីរ៉ង់ ក៏​បាន​និយាយថា នាវា​អង់គ្លេស​ត្រូវបាន​ឃាត់​ទុកដើម្បីស៊ើបអង្កេត​ដោយសារ​វា​បាន​បុក​ទូក​នេសាទ​អ៊ីរ៉ង់​មួយ​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោកជេរេ​មី ហា​ន់ កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ទៅកាន់​សម​ភាគី​បារាំង និង​អង់គ្លេស រួម​ទាំង​អ៊ីរ៉ង់​អំពី​ការចាប់​នាវា​នេះ ដោយ​រដ្ឋមន្ត្រី​ការបរទេស​​បារាំង​និង​អាល្លឺម៉ង់​បាន​យល់​ស្រប​ជាមួយ​សម​ភាគី​អង់គ្លេស​ថា ដំណើរ​ចេញចូល​ដោយ​សុវត្ថិភាព​នៅ​ច្រក​សមុទ្រហ័​រមូស ជា​អាទិភាព​កំពូល​មួយ​សំរាប់​បណ្តា​ប្រជាជាតិ​អឺរ៉ុប​។​

​ក្នុងអំឡុង​ទូរស័ព្ទ​ទៅកាន់​សម​ភាគី​អ៊ីរ៉ង់ លោក​ហាន់ បាន​និយាយថា​នាវា​អង់គ្លេស​«​ត្រូវតែ​ហើយ​នឹង​ត្រូវបាន​ការពា​រ​»​។​

ចំណែក​មន្ត្រី​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយថា ទោះជា​មាន​រឿងហេតុ​ដូចការចោទប្រកាន់នេះ​កើត​ឡើង​ក៏​នាវា​Stena Impero​នេះបាន​ស្ថិតនៅ​ក្នុង​ដែនទឹក​អន្តរជាតិ​អូ​ម៉ង់ ដែល​អ៊ីរ៉ង់​មិន​មាន​សិទ្ធិ​ស្ទាក់​ចាប់​នាវា​​ទេ​។​

​ក្នុងពេល​ជាមួយគ្នា អង់គ្លេស​ក៏មាន​ផែនកា​រ​បញ្ចូន​នាវាមុជទឹក​ថ្មី​បំផុត​ចំណុះ​៧.៤០០​តោន​ទៅ​កាន់​ឈូង​សមុទ្រ​។​នាវា​នេះ​អាច​ចាប់​ចលនា​និង​សម្លេង​សន្ទនា​នៅ​ចម្ងាយ​៣២០​គីឡូម៉ែត្រ​ពី​វា​និង​បញ្ជូន​សារ​ទៅ​កាន់​បញ្ជាការដ្ឋាន​ទ័ពជើងទឹក​។​

​ប្រភព​ព័ត៌មាន​បាន​និយាយថា នាវា​នេះ​នឹង​ផ្តោត​លើ​កំពង់ផែ Bandar Abbas​របស់​អ៊ីរ៉ង់ កង​នាវាមុជទឹក​អ៊ីរ៉ង់​ដែល​បង្ក​ការ​គំរាម​ដល់​ផ្លូវ​ដឹកជញ្ជូន​អន្តរជាតិ​តាម​ច្រក​សមុទ្រ​​ហ័​រមូស​៕ដោយ៖វាសនា

Ambush នាវាមុជទឹក​ថ្មី​របស់​អង់គ្លេស​ដែល​អាច​យកការណ៍​និង​វាយប្រហារ​លើ​គោលដៅ​ណាមួយ​