បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​រវាង​កម្មករ​រោងចក្រ ហ្វឹ​ស ហ្គា​វ័ន ចំនួន​១៦៨​នាក់ និង​តំណាង​ថៅកែ​រោងចក្រ​

843
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាលាខណ្ឌ​មានជ័យ បាន​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ រវាង​កម្មករ​រោងចក្រ ហ្វឹ​ស ហ្គា​វ័ន ចំនួន ១៦៨ នាក់ និង តំណាង​ថៅកែ​រោងចក្រ ក្រោម​កិច្ចដឹកនាំ​ប្រជុំ​ពី លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា ប្រធាន​លេខាធិការដ្ឋាន​ដោះស្រាយ បញ្ហា បាតុកម្ម កូដកម្ម ​តាម​មុខសញ្ញា​ក្នុង​ខណ្ឌមានជ័យ និង​មានការ​ចូលរួម​ពី​លោក តំណាង​ក្រសួង​ការងារ រួមទាំង​តំណាង កម្មករ សហជីព សរុប​ចំនួន ៤០​នាក់​ចូលរួម ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​នាពេលនោះ​។​

​ក្រោយ​កិច្ចពិភាក្សា តំណាង​កម្មករ បានស្នើ​សុំ​រក​ដំណោះស្រាយ​២​ចំណុច ដូចជា ស្នើអោយ​ថៅកែ​រោងចក្រ បើក​លុយ ១៧០​ដុល្លារ ជូន​កម្មករ ចាប់ពី​ខែមករា រហូតដល់​បច្ចុប្បន្ន គុណ​រយៈពេល ៥​ខែ​។ ប្រសិនបើ​ក្រុមហ៊ុន​បិតទ្វា​លែង​ដំណើរការ​កម្មករ​ស្នើអោយ​អនុវត្តន៍​ច្បាប់​ក្ស័យធន របស់​ក្រសួង​ការងារ​។​

​តំណាង​ថៅកែ​រោងចក្រ មានលទ្ធភាព​បើក​លុយ​ជូន​កម្មករ សរុប ១៦៨​នាក់ ក្នុង ១​នាក់ ទទួល​ចាប់ពី​ខែមករា​ដល់​ខែឧសភា បានតែ ១៧០​ដុល្លារ​។ កិច្ចពិភាក្សា មិនទាន់​ឯកភាពគ្នា រវាង​តំណាង​ថៅកែ​រោងចក្រ និង​បងប្អូន​កម្មករ​។ តំណាង​ភាគី​នីមួយៗ យក​ចំណុច​ទាំងនេះ ទៅ​ពិភាក្សាគ្នា​នៅពេល​ក្រោយ​បន្តទៀត​។​

​សំណូមពរ​អាជ្ញាធរ ស្នើ​កម្មករ កម្ម​ការ​នី រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុង​រោងចក្រ មិនត្រូវ​ធ្វើ​អ្វី​ខុស ឬក៏​ប៉ះពាល់​ដល់​រោងចក្រ បង្ក​សំឡេង​រំខាន​អ្នកជិតខាង ហាម​ដើរ​ក្បួន​លើផ្លូវ​សាធារណៈ​ជាដាច់ខាត ឬក៏​ផ្ទុយ​ពី​លក្ខខណ្ឌ ច្បាប់​ស្តីពី​ការងារ​នោះឡើយ​៕ ល​

#