បើក​ដំណើរការ​គម្រោង​សហភាព​អឺរ៉ុប​«​បណ្តុះបណ្តាល​សហគ្រិន​ជំនាន់​ថ្មី​ក្នុង​វិស័យ​កសិកម្ម​ប្រកបដោយ​ចិ​រ​ភាព​និង​ការកែច្នៃ​ចំណីអាហារ​»

101
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​គម្រោង​សហភាព​អឺរ៉ុប​FoodSTEM​សម្រាប់​រយៈពេល​៣​ឆ្នាំ​លើ​ការបណ្តុះបណ្តាល​សហគ្រិន​ជំនាន់​ថ្មី​ក្នុង​វិស័យ​កសិកម្ម​ប្រកបដោយ​ចិ​រ​ភាព​និង​ការកែច្នៃ​ចំណីអាហារ​បាន​ត្រូវ​ប្រកាស​បើក​ដំណើរការ​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២០​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC)​។​FoodSTEM​។គឺជា​គម្រោង​ថ្មី​មួយ​សំដៅ​ពង្រឹងសមត្ថភាព​របស់​សាកលវិទ្យាល័យ​កម្ពុជា​ចំនួន​បួន​ក្នុង​ការបង្កើត​មេរៀន​និង​ផ្តល់ជំនួយ​បច្ចេកទេស​ថ្មីៗ​សម្រាប់​បំពេញតម្រូវការ​បណ្តុះបណ្តាល​ស្តីពី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម​ចំណីអាហារ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

​លោក​បណ្ឌិត​អ៊ុម​រម្យ​ណី​អគ្គនាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ថ្លែងថា​៖​តាម​ការពិត​ទីផ្សារ​ក​សិ​កម្ម​កម្ពុជា​ពឹងផ្អែក​មួយ​ភាគ​ធំ​លើ​ផលិតផល​នាំចូល​ពី​ប្រទេសជិតខាង​។​នៅក្នុង​ស្រុក​ការកែច្នៃ​ចំណីអាហារ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​លក្ខណៈ​គ្រួសារ​តូចៗ​ដែល​ខ្វះខាត​សមត្ថភាព​ខាង​សហគ្រិនភាព​និង​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​បូករួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទន់ខ្សោយ​និង​ការយកចិត្តទុកដាក់​មាន​កម្រិត​លើ​គុណភាព​សុវត្ថិភាព​និង​ការគោរព​បរិស្ថាន​។​

​ដូច្នេះ​ចាំបាច់​ត្រូវធ្វើ​ការពង្រឹង​ការបណ្តុះបណ្តាល​ថ្នាក់​ឧ​ត្ត​ម​សិក្សា​តាម​កម្រិត​ផ្សេងៗ​ចាប់ពី​កម្រិត​បច្ចេកទេស​រហូត​ដល់​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដើម្បី​ផលិត​បាន​ធនធាន​សហគ្រិន​ជំនាន់​ថ្មី​ប្រកបដោយ​គុណ​វុ​ឌ្ឍ​ខ្ពស់​។​FoodSTEM​ប្រើប្រាស់​គោល​វិធី​ចម្រុះ​មុខវិជ្ជា​និង​ប្រកបដោយ​នវានុវត្តន៍​ទាំង​ផ្នែក​ខ្លឹមសារ ក៏ដូចជា​វិធីសាស្ត្រ​បង្រៀន​និង​រៀន​៖ សិក្សា​តាម​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​, សិក្ខាសាលា​អនុវត្តន៍​ស​ម្រា​ប់​និស្សិត និង​វិធីសាស្ត្រ​មួយចំនួនទៀត​។​

​លោក​អគ្គនាយក​បានឱ្យ​ដឹងថា​៖​គម្រោង​FoodSTEM​មាន​សាកលវិទ្យាល័យ​របស់​ក​ម្ពុ​ជា​ចំនួន​៤​ចូលរួម​គឺ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ម្ចាស់​គម្រោង អ្នកដឹកនាំ​គម្រោង ។ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ចូលរួមចំណែក​ក្នុង​ការផ្តល់​ចំណេះដឹង​ទាក់ទង​កសិកម្ម​ការកែ​ច្នៃ​។​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដើរតួនាទី​ផ្តល់​ចំណេះដឹង​អំពី​ច្បាប់ និង​សាកលវិទ្យាល័យ​បាត់ដំបង ។​

ចំណែក​ខាង​អឺរ៉ុប​មាន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​បារាំង​(​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​ទូ​លូ​ស៍​,​ម៉ុង​ប៉ឺ​លី​យេ​ស៊ុ​ពែ​ក្ស​))​និង​សាកលវិទ្យាល័យ​លី​យេ​ស៍​របស់​ប្រទេស​ប៊ែ​ល​ហ្សិ​ក​។​ការបង្រៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នឹងត្រូវ​បង្កើតឡើង ផ្សារភ្ជាប់​ជាមួយ​កម្មវិធីសិក្សា​រប​ស់​សាកលវិទ្យាល័យ​កម្ពុជា​ទាំង​បួន​។



ការសិក្សា​ពិសេស​លើ​ជំនាញ​សហគ្រិនភាព​,​អភិវឌ្ឍន៍​ផលិតផល​,​ការបង្កើត​អង្គភាព​ផលិតកម្ម​ប្រកបដោយ​ចីរភាព​,​ការគ្រប់គ្រង​សង្វាក់​ផ្គត់ផ្គង់​ជាដើម​។​នៅតាម​សាកលវិទ្យាល័យ​កម្ពុជា​ចំនួន​បី​(​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​,​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​,​សាកលវិទ្យាល័យ​បាត់ដំបង​)​ការប្រកួតប្រជែង​សម្រាប់​និស្សិត​និង​យុវ​សហគ្រិន​នឹងត្រូវ​រៀបចំឡើង​ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន​។​

​ក្រុម​ជ័យលាភី​នឹង​ទទួលបាន​ការគាំទ្រ​បច្ចេកទេស​នៅក្នុង​សិក្ខាសាលា​ឯកទេស​(FoodLabs)​អំពី​បច្ចេកវិទ្យា​,​ក្រោយ​ការប្រមូល​ផល​,​ការកែច្នៃ​និង​ការរក្សា​ចំណីអាហារ​រួមទាំង​វគ្គ​បណ្តុះបណ្តាល​ផ្នែក​សហគ្រិនភាព​ក្នុង​កម្មវិធី​ត្រៀម​ចូល​ទីផ្សារ​។​លោក​អគ្គនាយក​បា​នប​ន្ត​ថា​ក្នុង​រយៈពេល​អនុវត្តន៍​គម្រោង​នេះ​យើង​រំពឹង​ចង់បាន​ការចូលរួម​ពី​ភាគី​ផ្សេងៗ​រួមមាន​ស្ថាប័ន​សាធារណៈ​,​ក្រុមហ៊ុន​,​សហគ្រាស​,​អង្គការ​មិនមែន​រដ្ឋាភិបាល​,​និស្សិត​សហគ្រិន​៕S/