បើក​ម៉ូតូ​ទាំង​ស្រវឹង​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​ស្រុក​មោង​ឫ​ស្សី​

137

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ដោយ​បើកបរ​ម៉ូតូ​ទាំង​ស្រវឹង​ទៅបុក​ជាមួយ​រថយន្ត​ដឹកស្រូវ កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុ​ទី​១ លើផ្លូវ​ក្រាល​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ចក​ធំ ឃុំ​កកោះ ស្រុក​មោងឫស្សី​។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​។​

​លោក​អនុសេនីយ៍ឯក ម៉ៅ ហ៊​ត មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោងឫស្សី បានឱ្យដឹងថា សព​ដែល​ស្លាប់​មានឈ្មោះ សួ​ម សល់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី​។ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន​មុន​សមត្ថកិច្ច​មកដល់​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច​ជំនាញ ដែល​ចុះទៅ​វាស់វែង​ថា មុនពេល​កើតហេតុ​មាន រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ស​ដឹកស្រូវ ពាក់​ស្លាក​លេខ​កំពង់ចាម ៣A ០៤៦១ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​) ទិសដៅ​ផ្ទុយគ្នា​។ រថយន្ត​ធ្វើដំណើរ​ពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​វត្ត​ចក​មកដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ បាត់ដំបង ១W ៣៧២៤ បើកបរ​ដោយ​ឈ្មោះ សួ​ម សល់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី បណ្តាលឱ្យ​ស្លាប់​អ្នកបើក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​

​លោក​មេបញ្ជាការរង​ស្រុក​បានឱ្យដឹងថា មូលហេតុ​មកពី​អ្នកបើក​ម៉ូតូ​ស្រវឹងស្រា​។ សាកសព​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រថយន្ត​និង​ម៉ូតូ​រក្សាទុក​នៅ​អធិការ​នគរ​បាល​ស្រុក​មោងឫស្សី ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕