បើក​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ពង្រឹង​ការពាក់​មួកសុវត្ថិភាព​ចំពោះ​អ្នកបើកបរ​

541
ចែករម្លែក

​ដោយ : វ៉ៃកូ/ ខេត្តស្វាយរៀង : ​​នា​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨​នេះ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តស្វាយរៀង បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ពង្រឹង​ការពាក់​មួកសុវត្ថិភាព​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ស្ថិតក្នុង​ក្រុង​ស្វាយរៀង ក្រោម​អធិបតីភាព​លោកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរងនៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាលខេត្ត និង​លោក ព្រំ វត្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មានការ​ចូលរួម​លោក​ប្រធាន អនុប្រធាន និង​មន្ត្រីរាជការ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង កងកម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​ក្នុងឱកាស​នោះ​ក្រុមការងារ​បានធ្វើការ​ផ្សព្វផ្សាយ​នូវ​ប្រការ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ ​ដល់​អ្នកបើកប​រ​ទោចក្រយានយន្ត និង​មានការ​សួរ​សំនួរ​ពាក់ព័ន្ធ​អ្នកបើកបរ​ទោចក្រយានយន្ដ​ត្រូវ​យល់ដឹង ហើយ​ឆ្លើយ ដើម្បី​ទទួលបាន​មួកសុវត្ថិភាព​ម្នាក់​មួយ ។ ជាមួយនេះ ក្រុមការងារ​ក៏បាន​ចែកជូន​ឯកសារ​ជំនួយស្មារតី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ផងដែរ ។

​សូមបញ្ជាក់​ផងដែរ​ថា បើ​ទោះបី​ជាមាន​ការចុះ​អប់រំ​នឹង​ផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​យ៉ាងណា​ក៏ដោយ​ ក៏​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែមាន​កំណើន ​គួរឲ្យ​ព្រួយ​បារ​ម្មណ៍​ផងដែរ​ជាពិសេស​គឺ​នៅ​ក្រុង​បាវិតតែម្តង​ ហើយ​ម្យ៉ាងវិញទៀត​អ្នកដំណើរ​ដែល​ជិះ​ទោចក្រយានយន្ត​ភាគច្រើន​ មិនសូវ​ពាក់មួក​សុវត្ថិភាព​ទេ​នាពេល​បច្ចុប្បន្ននេះ​ ៕B