បើក​យុទ្ធនាការ ១៦​ថ្ងៃ បំពាក់​បូ​ពណ៌​ស​៖ រួម​គិត រួម​ធ្វើ រួម​ដោះស្រាយ ដើម្បី​បញ្ឈប់​អំពើហិង្សា លើ​ស្ត្រី និង​ក្មេងស្រី​

145
ចែករម្លែក

ដោយ​៖ ទេព មង្គល​-​គ​ន្ធា​
​ភ្នំពេញ​៖
លោកស្រី ហ៊ូ សា​មិត្ត រដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី បាន​ចូលរួម​បើក​យុទ្ធនាការ ១៦ ថ្ងៃ​បំពាក់​បូ​ពណ៌​ស ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង ក្មេងស្រី កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​ព្រឹត្តិការណ៍​មួយ​នេះ ប្រព្រឹត្តទៅ ក្រោម​ប្រធានបទ ” រួម​គិត រួម​ធ្វើ រួម​ដោះស្រាយ ដើម្បី​បញ្ឈប់​អំពើហិង្សា លើ​ស្ត្រី និង​ក្មេងស្រី ” ។​

លោកស្រី ហ៊ូ សា​មិត្ត

​បន្ទាប់ពី​អរគុណ​ចំពោះ ក្រុមការងារ​ទប់ស្កាត់​អំពើហិង្សា ទាក់ទង​នឹង​យេនឌ័រ​របស់ ក្រសួង​កិច្ចការនារី និង​អង្គការ​ដៃគូ របស់​ក្រសួង​កិច្ចការនារី រួមមាន អង្គការ UNFPAUN Women និង​កម្មវិធី ACCESS ដែល​បាន​ជួយ​គាំទ្រ​កម្មវិធី​នេះ លោកស្រី ហ៊ូ សា​មិត្ត បានឱ្យដឹងថា ការរៀបចំ​កម្មវិធី​យុទ្ធនាការ ១៦ ថ្ងៃ បំពាក់​បូ​ពណ៌​ស ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី សម្រាប់​ឆ្នាំ​២០១៩ នាពេលនេះ ក្នុង​គោលបំណង​បង្កើន​ការ យល់ដឹង​របស់​មន្ត្រី នៃ​ក្រសួង​កិច្ចការនារី​ទាំងអស់ អំពី​អត្ថន័យ និង​ខ្លឹមសារ នៃ​យុទ្ធនាការ ១៦ ថ្ងៃ បំពាក់​បូ​ពណ៌​ស ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដូចនេះ​យើងទាំងអស់គ្នា ត្រូវតែ រួម​គិត​រួម​ធ្វើ រួម​ដោះស្រាយ ដើម្បី​បញ្ឈប់​អំពើហិង្សា លើ​ស្ត្រី និង​ក្មេងស្រី ដោយ​យក​អស់កម្លាំង​កាយ​ចិត្ត រួមទាំង​ឆន្ទៈ​មោះមុត ធ្វើយ៉ាងណា​ឱ្យ​ស្ត្រី និង​ក្មេងស្រី រួច​ផុតពី​អំពើហិង្សា ហើយ​មានឱកាស​ចូលរួម ក្នុង​គ្រប់​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមជាតិ ដូច​បុរស និង​ក្មេងប្រុស​ដែរ​។​

​លោកស្រី បាន​បន្តថា ជា​រៀងរាល់ឆ្នាំ ក្រសួង​កិច្ចការនារី តែងតែ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ​ជាតិ អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​គោលបំណង​រំលឹក​ឡើងវិញ ពី​វីរភាព​របស់​ក្រុម​បុរស​ជនជាតិ​កាណាដា​មួយក្រុម ដែល​បានចាប់ផ្តើម​ឡើង តាំងពី​ឆ្នាំ ១៩៩១ រហូតដល់​ទិវា​នេះ បាន​ត្រូវបាន​អង្គការសហប្រជាជាតិ ទទួលស្គាល់ និង​បានចាត់ទុក ជា​ទិវា​អន្តរជាតិ ក្នុង​ការធ្វើ​យុទ្ធនាការ លុបបំបាត់​រាល់​ទម្រង់ នៃ​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។ ជា​រៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ នៅ​ទូទាំង​ពិភពលោក តែងតែ​រៀបចំ យុទ្ធនាការ​នេះ ហើយ​គេ​បាន​ចាត់ទុកថា អំឡុង​ពេលនេះ គឺជា​ទិវា​នៃ​ស្មារតី​សាមគ្គីភាព របស់​បុរស​ប្រឆាំងនឹង​អំពើហិង្សា របស់​បុរស ទៅលើ​ស្ត្រី ហើយ​បានកំណត់ ការបំពាក់​បូ​ពណ៌​ស ដែលជា​សញ្ញា នៃ​ការសន្យា​របស់​ពួកគេ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។

​លោកស្រី បាន​បន្តទៀតថា យើងទាំងអស់គ្នា ពិតជា​បានដឹងហើយថា អំពើហិង្សា នៅក្នុង​គ្រួសារ និង​ការរំលោភបំពាន​ផ្លូវភេទ លើ​ស្ត្រី និង​ក្មេងស្រី នៅតែ​បន្ត​កើតមាន​លើ​ស្ត្រី និង​ក្មេងស្រី ក្នុងប្រទេស​កម្ពុជា និង​នៅលើ​ពិភពលោក​ទាំងមូល ហើយ​អំពើហិង្សា​ទាំងនេះ កើតមានឡើង​គ្រប់​រូបភាព ដែល​ស្ត្រី និង​ក្មេងស្រី នៅតែ​បន្ត​ជា​កម្មវត្ថុ នៃ​អំពើហិង្សា​លើ​រូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និង​នៅក្នុង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​។ ស្ត្រី​ប្រឈមមុខ​នឹង​ឧបសគ្គ​ជាច្រើន ក្នុងការ​ទទួលបាន​នូវ សិទ្ធិមនុស្ស កិច្ចការពារ និង​យុត្តិធម៌ ហើយ​ស្ត្រី​ក៏​តែងតែ​ទទួលរង នូវ​ហានិភ័យ នៃ​អំពើហិង្សា ថែមទៀត​ដែរ​។ បញ្ហា​នេះ រួមបញ្ចូល​ទាំង​ស្ត្រី​ពិការ ស្ត្រី​ចាស់ជរា ស្ត្រី​ស្រឡាញ់ ភេទ​ដូចគ្នា ស្ត្រី​ជនជាតិដើម​ភាគតិច ស្ត្រី​បម្រើសេវា​ផ្លូវភេទ ស្ត្រី​បម្រើ​ការងារ នៅ​កន្លែង​កំសាន្ត កម្មការិនី​រោងចក្រ និង​និយោជិត ជា​ស្ត្រី​ផ្សេងៗ​ទៀត​។

រាល់​ទម្រង់​ទាំងឡាយ នៃ​អំពើហិង្សា​លើ​ស្ត្រី កើតឡើង​ដោយ​កត្តា​គួបផ្សំ​ផ្សេងៗ ទាក់ទង​នឹង​កម្រិត​បុគ្គល សម្ព័ន្ធភាព​សហគមន៍ និង​ឋានៈ​ក្នុងសង្គម ហើយ​មិនអាច​ក្រសួង ស្ថាប័ន​ណាមួយ ទទួលបន្ទុក​ដោះស្រាយ តែឯង​បានឡើយ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម ពី​គ្រប់​អ្នកពាក់ព័ន្ធ ទាំង​ក្រសួង ស្ថាប័នរដ្ឋ អង្គការ​ដៃគូ​ជាតិ អន្តរជាតិ និង​ផ្នែក​ឯកជន ព្រមទាំង​សហគមន៍ ក្រុមគ្រួសារ និង​ជនរងគ្រោះ​ខ្លួនឯង​ផងដែរ ហេតុ ដូច្នេះ ទើប​ឆ្នាំនេះ​ក្រសួង​កិច្ចការនារី សម្រេច​ជ្រើស​រើសយក​ប្រធានបទ ” រួម​គិត រួម​ធ្វើ រួម​ដោះស្រាយ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​” សម្រាប់​យុទ្ធនាការ ១៦​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ” នៅ​ឆ្នាំ​២០១៩ នេះ ក្នុង​គោលបំណង​គៀរគរ​យើងទាំងអស់គ្នា ចូលរួម​រិះរក​យុទ្ធសាស្ដ្រ ក្នុងការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។​

​លោកស្រី បាន​បញ្ជាក់ថា ការចូលរួម​ធ្វើ គឺ​សំដៅ​ការចូលរួម​អប់រំ​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ មិនត្រូវ​ប្រព្រឹត្ត​អំពើហិង្សា លើ​នរណាម្នាក់​ឡើយ ទោះបី​អ្នកនោះ​ជា​បងប្អូន កូនចៅ ប្រពន្ធ​ប្តី ជា​សាច់ញាតិ ឬ​អ្នកដទៃ​ក៏ដោយ ពីព្រោះ​ការប្រព្រឹត្ត​អំពើហិង្សា គឺជា​អំពើ​ខុសច្បាប់ ហើយ​រំលោភបំពាន សិទ្ធិមនុស្ស ដែលមាន​ផលប៉ះពាល់ លើ​ជីវិត​របស់​ជនរងគ្រោះ​។ យើងទាំងអស់គ្នា ត្រូវ​ចូលរួម​អនុវត្ត​សកម្មភាព ឬ​កិច្ច​អន្តរាគមន៍ ក្នុង​ការផ្តល់សេវា​ជូន ជនរងគ្រោះ ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ការសម្របសម្រួល​បញ្ជូន​ជនរងគ្រោះ ទៅ​សេវា​ពាក់ព័ន្ធ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ។​

​លោកស្រី បាន​មាន​ជឿជាក់ថា សមិទ្ធផល​ដែល​សម្រេចបាន បន្ទាប់ពី​សកម្មភាព​យុទ្ធនាការ​បូ​ពណ៌​ស ១៦​ថ្ងៃ នាពេលនេះ នឹង​ជា​វិភាគទាន​មួយ ដ៏​មានតម្លៃ ប្រកបដោយ​វិសាលភាព ក្នុងការ​ចូលរួម​កាត់​បន្ថយ អំពើហិង្សា ទាក់ទង​នឹង​យេនឌ័រ ដែលជា​ការឆ្លើយតប ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ផែនការ​យុទ្ធសាស្ដ្រ​នារីរតនៈ របស់​ក្រសួង​កិច្ចការនារី ដែល​ជំរុញឱ្យមាន​សមភាព និង​សមធម៌​យេនឌ័រ នៅក្នុង​សង្គម ប្រកបដោយ​បរិ​យាប​ន្ន ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ទំនាក់ទំនង​យេនឌ័រ ដើម្បី​កាត់បន្ថយ​រាល់​ទម្រង់ អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។ ជាពិសេស សមិទ្ធផល​នេះ រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​បានរួម​ចំណែក​អនុវត្ត​ការប្ដេជ្ញាចិត្ត នាពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ជាមួយ​តំណាង​ប្រទេស ចំនួន​១៧០ ក្នុងការ​សម្រេច​ឱ្យបាន​ដល់​ចំណុចសូន្យ នៃ​ការបញ្ឈប់​អំពើហិង្សា លើ​ស្ដ្រី នៅ​ឆ្នាំ​២០៣០៕v