បើក​រថយន្ត​​បុក​ចូលភោ​ជ្ជនី​យដ្ឋា​ន​នៅ​អាល្លឺម៉ង់​សម្លាប់​មនុស្ស​២​នាក់ របួស​២០​នាក់​

1211
ចែករម្លែក

ប៉ូលិសនិងមន្រ្តីបាននិយាយថា បុរសអាល្លឺម៉ង់ម្នាក់ បានបើករថយន្តទេសចរណ៍ធុន១៥កៅអីចូលហ្វូងមនុស្សដែលអង្គុយនៅក្រៅភោជ្ជនីយដ្ឋានមួយនៅកណ្តាលក្រុងMuenster នៅអាល្លឺម៉ង់ខាងលិចកាលពីថ្ងៃសៅរ៍ទី៧មេសា ដោយបានសម្លាប់មនុស្ស២នាក់មុនពេលបាញ់សម្លាប់ខ្លួនឯង។

មន្រ្តីអាល្លឺម៉ង់បានអោយដឹងថា ជនសង្ស័យគឺជាជនជាតិអាល្លឺម៉ង់និង​មិនមានប្រវត្តិពាក់ព័ន្ធនឹងជនអ៊ីស្លាមនិយមទេ។

សារព័ត៌មាន Frankfurter Allgemeine Zeitung បានរាយការណ៍ថា ជនវាយប្រហារឈ្មោះJens R អាយុ៤៨ឆ្នាំ រស់នៅចម្ងាយប្រមាណ២គ.ម ពីកន្លែងកើតហេតុ។

ចំណែកទូរទស្សន៍ZDFបាននិយាយថា ប៉ូលិសបានឆែកឆេរផ្ទះរបស់ជនល្មើសនិងថាជននេះមានទំនាក់ទំនងជាមួយពួកជ្រុលនិយមក្រុមស្តាំ តែមិនមានភស្តុតាងថាគាត់ជាជនជ្រុលនិយមក្រុមស្តាំម្នាក់ទេ ខណៈកាសែតមួយទៀតបានអះអាងថា ជននេះមានបញ្ហាសតិ។

ក្នុងពេលជាមួយគ្នា កាសែតBild បាននិយាយថា ប៉ូលិសកំពុងពិនិត្យលទ្ធភាពក្រែងមានជនសង្ស័យផ្សេងទៀតភៀសខ្លួនពីកន្លែងកើតហេតុ បន្ទាប់ពីសាក្សីបាននិយាយថា គេបានឃើញមនុស្សពីរនាក់លោតចេញពីរថយន្តបង្ក។

ឧបទ្ទវហេតុនេះបានកើតឡើងមួយឆ្នាំ ក្រោយការវាយប្រហារដោយរថយន្តធុនធំមួយនៅក្រុងស្តុកខុម សម្លាប់មនុស្ស៥នាក់ និងវាក៏ធ្វើអោយនឹកដល់ការវាយប្រហារដោយរថយន្តធំនៅខែធ្នូឆ្នាំ២០១៦ នៅក្រុងប៊ែរឡាំង ដែលបានសម្លាប់មនុស្ស១២នាក់៕

ការវាយប្រហារ ត្រូវបាន ធ្វើ ទៅលើ ហ្វូង មនុស្ស ដែល កំពុង អង្គុយ ទទួលទាន អាហារ នៅក្រៅ ហាង