បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​វ៉ូ​វី​ណា​ម​៥៦​រូប​

1388
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​៖ សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា បាន​បើក​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​វ៉ូ​វី​ណា​ម​ចំនួន ៥៦​រូប រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៦-១៧​មក​នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ សិក្ខាកាម​ទាំង​៥៦​រូបនេះ មកពី​៦​ខេត្ត និង​ក្លិប​ចំនួន​៣​ក្នុង​រាជធានី​ភ្នំពេញ​។​

​វគ្គ​នេះ​បង្រៀន​ដោយ​លោក​គ្រូធំ មកពី​ប្រទេស​វៀតណាម គឺ​លោក Nguyen Van Cuong ដែលជា​គ្រូ​របស់​សហព័ន្ធ​ពិភពលោក​ទៀតផង​។ វគ្គ​នេះ មានការ​ស្វែងយល់​ពី​ប្រវត្តិ​វ៉ូ​វី​ណា​ម សិក្សា​លម្អិត​ពី​កម្រិត​ខ្សែក្រវាត់ បទបញ្ជា នៃ​ការប្រកួត​ទាំង​វិញ្ញាសា​ប្រយុទ្ធ ទាំង​វិញ្ញាសា​សម្ដែង ពាក្យ​បច្ចេកទេស​នៃ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម របៀប​ផ្ដល់​ពិន្ទុ ស្វែងយល់​ពី​ចំណុច​ហាមឃាត់​ក្នុងការ​វាយ មូលហេតុ​នៃ​ការដក​ពិន្ទុ ការ​វាយ​គូប្រកួត​ឲ្យ​សន្លប់​។​

​ស្វែងយល់​ពី​សម្លៀកបំពាក់​អាជ្ញាកណ្ដាល ផ្ទៃ​ទីលាន​សម្រាប់​ប្រកួត​ជា​ផ្លូវការ គឺ​១០​ម៉ែត្រ​គុណ​១០​ម៉ែត្រ ការសិក្សា​ពី​កាយវិការ​អាជ្ញាកណ្ដាល និង​ការស្វែងយល់​ពី​តារាង​ផ្ដល់​ពិន្ទុ​។ នេះ​ជាការ​សិក្សា​លម្អិត​ទាំង​ទ្រឹស្ដី និង​ការអនុវត្តន៍​លើ​ទីលាន​ផ្ទាល់​តែម្ដង​។​

​លោក Nguyen Van Cuong ដែលជា​គ្រូឧទ្ទេស​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ប្រភេទ​កីឡា​នេះ មានការ​ប្រកួត​នៅក្នុង​ស៊ី​ហ្គេម ហើយ​មាន​សហព័ន្ធ​តំបន់​អាស៊ាន សហព័ន្ធ​ទ្វីបអាស៊ី និង​បណ្ដា​ទ្វីប​ទាំង​៥ ព្រមទាំង​សហព័ន្ធ​ពិភពលោក​ទៀតផង​។​

​លោក​បន្តថា ក្នុងឋានៈ​ជា​ប្រទេស នៃ​ម្ចាស់​ក្បាច់គុន គឺ​ត្រូវមាន​កាតព្វកិច្ច​ជួយ​បណ្ដុះបណ្ដាល​ដល់​ប្រទេស​ជា​សមាជិក​ពី​ច្បាប់ទម្លាប់ នៃ​ការប្រកួត ក៏ដូចជា​តួនាទី​អាជ្ញាកណ្ដាល និង ចៅក្រម​ដែលជា​អ្នកមាន​តួនាទី​សំខាន់​ក្នុងការ​ប្រកួត​នានា​។​

​លោក អ៊ូ រតនា ដែលជា​អនុប្រធាន​ទី​១ នៃ​សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ចាត់ទុកថា វគ្គ​អាជ្ញាកណ្ដាល​-​ចៅក្រម​ថ្នាក់ជាតិ​នេះ សំខាន់​ណាស់​ក្នុង ខណៈដែល​កម្ពុជា​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​វ៉ូ​វី​ណា​ម​ជើងឯក​ពិភពលោក នា​ឆ្នាំ​២០១៩​ខាងមុខនេះ និង​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ នា​ចុងខែ​ឧសភា និង​ដើមខែ​មិថុនា​ខាងមុខនេះ​៕L