បើក​វិញ​ហើយ សិប្បកម្ម​ផលិត​ស្ករត្នោត​ផ្ទុក​សារធាតុ​គីមី នៅ​ខណ្ឌ​ច្បារអំពៅ​

1488
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​ច្បារអំពៅ បង្ហើប​ប្រាប់ថា សិប្បកម្ម​ផលិត​ស្ករត្នោត​ផ្ទុក​សារ​ធាតុគីមី​មួយកន្លែង ដំណើរការ​ឡើងវិញ​ហើយ បន្ទាប់ពី​អាជ្ញាធរ​ចុះបង្ក្រាប​កាលពីពេល​កន្លងទៅ​។

​គេ​នៅ​ចាំបាន​ថា ទីតាំង​ដ៏​ធំ​លួចលាក់​ផលិត​ស្ករត្នោត​ផ្ទុក​សារធាតុ​គីមី នេះ គឺ មាននៅ​ស្រុក​បាទី ខេត្តតាកែវ ហើយ​បាន​ចែកចាយ​បន្ត​ស្ទើរ​ទូទាំងប្រទេស ។ បញ្ហា​នេះ លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​បញ្ជា​ឱ្យ​បិទ​ទីតាំង​នេះ​ចោល​ហើយ​។

​សមត្ថកិច្ចឆ្មក់​ចូល​ឆែកឆេរ​សិប្បកម្ម​កែឆ្នៃ​ស្ករត្នោត​ផ្ទុកសារធាតុគីមី នៅច្បារអំពៅ (រូបឯកសារ)

​ប៉ុន្តែ មហាជន​មាន​ចម្ងល់​ថា បើ​ទីតាំង​ដ៏​ធំ​នៅ​ស្រុក​បាទី ខេត្តតាកែវ បិទ​ហើយ ចុះ​ស្ករត្នោត​ផ្ទុក​សារធាតុ​គីមី ដែល​ចែកចាយ​នៅ​កន្លែង​ផ្សេងទៀត បានមកពី​ណា​វិញ ? ។ ប្រជាពលរដ្ឋ សំណូមពរ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ស៊ើបអង្កេត​ករណីនេះ​ផង ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទទួលទាន​ស្ករត្នោត ច្រឡំ​ថា ជា​ស្ករត្នោត​ពិតប្រាកដ​នេះ តាម​ការពិតជា​ស្ករត្នោត​ក្លែងក្លាយ​សោះ​។

​គួរ​បញ្ជាក់ថា សិប្បកម្ម​ផលិត​ស្ករត្នោត​មួយកន្លែង​នៅ​ខណ្ឌ​ច្បារអំពៅ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញថា មាន​ផ្ទុក​សារធាតុ​គីមី​ក្នុង​ស្ករ​ជិត​៤០​តោន​។​

​ការរកឃើញ​រោង​សិប្បកម្ម​ផលិត​ស្ករត្នោត​ដែលមាន​ផ្ទុក​សារធាតុ​គីមី​នេះ បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រោម​បទបញ្ជា​របស់លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាន​ឆ្មក់​ចូល​ឆែកឆេរ​សិប្បកម្ម​កែឆ្នៃ​ស្ករត្នោត​ខាងលើនេះ ។

​ប្រតិបត្តិ​ការឆែកឆេរ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ ស្ថិតនៅ​ផ្ទះ​លេខ​២១៣​និង​២១៩ ផ្លូវ​៣៦៩ ភូមិ​ម៉ាក់​គ្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ដោយមាន​កម្លាំងចម្រុះ​មកពី​នាយកដ្ឋាន​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ មន្ត្រី​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម និង​មន្ត្រី​មកពី​ក្រសួងសុខាភិបាល ជាដើម ។​

​លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត លើកឡើងថា ការចុះ​ប្រតិបត្តិ​ការឆែកឆេរ​នូវ​សិប្បកម្ម​កែច្នៃ​ស្ករ ត្នោត​នេះ​ឡើង​ដោយ​សង្ស័យថា សិប្បកម្ម​នេះ​បាន​ធ្វើឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​លួច​លាយ​នូវ​សារ​ធាតុគីមី ។​

​តាម​របាយការណ៍​រប​ស់​ក្រុម​ប្រតិបត្តិ​ការបង្ក្រាប​នេះ វត្ថុតាង​ទាំងអស់​ខាងលើ លោក​ព្រះរាជអាជ្ញារង​បានសម្រេច​ឱ្យ​បិទ​ខ្លុំបេ​រក្សា​ដាក់​ទុក​ក្នុង​អាស័យដ្ឋាន​ខាងលើ និង​សម្រេច មិនឱ្យ​បើក​ធ្វើ​អាជីវកម្ម​បន្ត ហើយ​បាន​អញ្ជើញ​ម្ចាស់​ទីតាំង​ឈ្មោះ ឆែ គីម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី​។

​ប៉ុន្តែ​ជាក់ស្ដែង ម្ចាស់​ទីតាំង​រូបនេះ ពុំ​ត្រូវបាន​ឃាត់ខ្លួន​ឡើយ គ្រាន់តែ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​តែប៉ុណ្ណោះ​៕ ល​