បើក​សិក្ខាសាលា ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ការអភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ​ស៊ីវិល នៅ​ក្រសួងមហាផ្ទៃ និង​ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

289
ចែករម្លែក
  • 5
    Shares

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក រស់ ផា​រិ​ទ្ធិ អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ការអភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ​ស៊ីវិល​នៅ​ក្រសួងមហាផ្ទៃ និង​ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកស្រី ប្រាក់ ពុ​ទ្ធី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លោក លោកស្រី នាយក​-​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល សាលាស្រុក​.​ក្រុង លោក លោកស្រី អភិបាលរងក្រុង​-​ស្រុក​ទាំង​៨ នៃ​ខេត្តស្វាយរៀង ព្រមទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀតហើយ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​របស់​សាលាខេត្ត​ស្វាយរៀង​។​

​លោក រស់ ផា​រិ​ទ្ធិ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា នៅក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧% ដោយបាន​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​បាន​កាត់បន្ថយ​ភាពក្រីក្រ​នៅត្រឹម​ក្រោម​១០% ។​

​ជាការ​ពិតណាស់​សមិទ្ធ​ផល​ទាំងនេះ គឺ​កើតចេញពី​ការកែទម្រង់​អភិបាលកិច្ច​ជា​បន្តបន្ទាប់ ដែល​រហូត​មកទល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​នូវ​វឌ្ឍន​ភាពជា​មូលដ្ឋាន ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ អភិបាលកិច្ច តាមរយៈ​ការជំរុញ​ប្រយុទ្ធប្រឆាំង​អំពី​ពុករលួយ ការកែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាល​សាធារណៈ ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់​វិម​ជ្ឍ​ការ និង​វិ​ស​ហម​ជ្ឍ​ការ ការកែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ ព្រមទាំង​ការកែទម្រង់​តាម​វិស័យ​នានា ។​

​លោក​បាន​មានប្រសាសន៍​បន្តថា ទទ្ទឹម​នឹង​សមិទ្ធផល​នេះដែរ ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បន្ត​ដោះស្រាយ​ឲ្យ​បាន​ជោគជ័យ តាមរយៈ​ការយកចិត្តទុកដាក់​លើ​ការងារ​អាទិភាព​ចំនួន​៤​គឺ​៖ ការអភិវឌ្ឍន៍​ធនធានមនុស្ស​, ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​, ការលើកស្ទួយ​វិស័យ​ឯកជន​និង​ការងារ​, ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។ សំដៅ​សម្រេច​អោយបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៤ ដែល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ក្នុង​គោលបំណង​កសាង​មូលដ្ឋាន​ឲ្យ​រឹងមាំ ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឲ្យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។​

​លោក​អភិបាលរង​ខេត្ត​បាន​ផ្ដាំផ្ញើ​ដល់​លោកនាយក​រដ្ឋា​បាល លោកនាយក​ទីចាត់ការ ប្រធាន​អង្គភាព និង​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​នូវ​ស្មារតី នៃ​ការប្រកាស ស្ដីពី​ការអភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ​ស៊ីវិល​នៅ​ក្រសួងមហាផ្ទៃ និង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយនឹង​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ការអភិវឌ្ឍន៍​សមត្ថភាព មន្ត្រីរាជការ​ស៊ីវិល​នៅ​ក្រសួងមហាផ្ទៃ និង​ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕ ល​