បើក​សិក្ខា​សាលា ​​និង​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត នៅ​

58
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប​ ៖ ក្នុង​រយៈពេល​០២​ថ្ងៃ​នៅ​ខេត្តសៀមរាប គឺ​នៅ​ថ្ងៃទី​០៧ – ០៨ ខែតុលា ឆ្នាំ​២០១៩​នេះ នៅក្នុង​ខេត្តសៀមរាប ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​បើក​សិក្ខាសាលា និង​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត ក្រោម​អធិបតីភាព​លោក នូ នឹម រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយមាន​ការចូលរួម​ជា​សិក្ខាកាម​ពី​សំណាក់​លោក លោកស្រី ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​មន្ត្រី​ជំនាញ​មកពី​មន្ទីរ​សង្គមកិច្ច នៃ​បណ្តា​ខេត្ត​-​រាជធានី​ទាំង​២៥ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

លោក នូ នឹម រដ្ឋលេខាធិការ និង ជា​ប្រធាន​ក្រុមការងារ​ចងក្រង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ថវិកា​កម្មវិធី និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា មានប្រសាសន៍ថា វគ្គ​បណ្ដុះបណ្ដាល​នេះ គឺជា​បរិបទ​មួយ​ដ៏​សំខាន់ សម្រាប់​ប្រសិទ្ធភាព​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ និង កំណត់​សូចនាករ​គោលដៅ​គន្លឹះ​ផ្សេងៗ​ទៀត ក្នុងការ​ជំរុញ និង​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ ការកំណត់​សូចនាករ​គោលដៅ​គន្លឹះ , ការកំណត់​ឈ្មោះ​កម្មវិធី អនុ​កម្មវិធី ចង្កោម​សកម្មភាព ដែល​ឆ្លើយតប​តាម​ក្របខ័ណ្ឌ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាច​វាស់វែង​-​ស្វែងយល់បាន អំពី​ដំណើរការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​។​

លោក នូ នឹម មានប្រសាសន៍​បន្ថែមថា យើង​បាន​ឆ្លងកាត់​ដំណាក់កាល​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ចំនួន​៣​រួចមកហើយ ដែល​ដំណាក់កាល​ទី​១ គឺ “​ភាពជឿ​ទុកចិត្តបាន នៃ​ថវិកា ឆ្នាំ​២០០៥-២០០៨” , ដំណាក់កាល​ទី​២ គឺ “​គណនេយ្យភាព​ហិរញ្ញវត្ថុ ចំណាត់ថ្នាក់​ថវិកា​ថ្មី ប្លង់​គណនី​ថ្មី​និង​អង្គភាព​ថវិកា ព្រមទាំង​ប្រព័ន្ធ​មាន​វិទ្យា​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ឆ្នាំ​២០០៩ -២០១៥” និង ដំណាក់កាល​ទី​៣ គឺ “​ការផ្សាភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ ដែល​ក្នុងនោះ​រួមមាន ការកែទម្រង់​ប្រព័ន្ធ​ថវិកា ផែនការ​យុទ្ធសាស្ត្រ ថវិកា​កម្មវិធី និង​អង្គភាព​ថវិកា ឆ្នាំ​២០១៦-២០២០” ហើយ​សម្រាប់​បន្តទៅ​ដំណាក់កាល​ទី​៤ គឺ “​គណនេយ្យភាព​សមិទ្ធកម្ម ដែលជា​ការគ្រប់គ្រង វាយតម្លៃ​លទ្ធផល និង​សមិទ្ធផល ឆ្នាំ​២០២០-២០២៥” ខាងមុខ៕B/