បើ​ចង់​ធ្វើដំណើរ​ទៅ​ខេត្ត​តាម​រថយន្តក្រុង​របស់​រដ្ឋ​ដោយ​មិន​អស់ប្រាក់​តើ​ត្រូវ​ទៅ​ឡើង​ជិះ​នៅ​កន្លែង​ណាខ្លះ​?

1557
ចែករម្លែក
  • 31
    Shares

រថយន្តក្រុងដឹកអ្នកដំណើរដោយមិនយកប្រាក់របស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃដំបូងទី១២ខែមេសា

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​បញ្ចេញ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ថ្ងៃ​ដំបូង​(​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨)​ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​ក្នុងឱកាស​បុណ្យ​ចូល​ខ្មែរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​។​សកម្មភាព​នេះ​គឺជា​ការ​អនុវត្តតាម​អនុ​សា​សន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន​៦០​គ្រឿង​ត្រូវ​ដាក់ពង្រាយ​តាម​គោលដៅ​ច្រកចេញចូល​រាជធានី​ភ្នំពេញ​។​នៅ​ថ្ងៃ​ដំបូង​នេះ​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ទាំង​គ្រួសារ​និង​មិត្តភក្តិ​របស់ខ្លួន​ឡើង​ជិះ​រថយន្ត​ដោយ​ក្តី​សោ​មនស្ស​​រីករាយ​តាម​ការរៀបចំ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា​ទីតាំង​ដែល​ប្រជាពលរដ្ឋ​អាច​ឡើង​ជិះ​រថយន្ត​បា​មាន​ចំនួន​៥​កន្លែង​។​ក្នុងនោះ​ទី​១.​បើ​ចង់​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១​ត្រូវ​ឡើង​រថយន្ត​នៅ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន​(​ផ្លូវ​៦០​ម៉ែត្រ​)​ទល់មុខ​ក្រុមហ៊ុន​ម៊ែ​ស​សឺ​ដេ​ស ។​រថយន្ត​ធ្វើដំណើរ​ឆ្ពោះទៅ​ខេត្តកណ្តាល​,​ព្រៃវែង​និង​ខេត្តស្វាយរៀង​។​ទី​២.​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣​ត្រូវ​ឡើង រថយន្ត​នៅមុខ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​ង​៧០​ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ទី​៣.​បើ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤​ត្រូវ​ឡើង​រថយន្ត​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤​និង​មហាវិថី​ឈ្នះ​ឈ្នះ​(​កប់​ស្រូវ​)​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ទី​៤.​បើ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥​ត្រូវ​ឡើង​រថយន្ត​ចំណត​សួនច្បារ​ឬ​ស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​)​រថយន្ត​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ,​ពោធិ៍សាត់​,​បាត់ដំបង​និង ខេត្តបន្ទាយមានជ័យ​។​ទី​៥.​បើ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦​ត្រូវ​ឡើង​រថយន្ត​នៅ​ម្តុំ​រង្វង់​ព្រំ​មុខ​បួន​គល់ស្ពាន​ជ្រោយចង្វា ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វា​ក្រុមហ៊ុន OCIC​។​

លោកឃួងស្រេងចុះពិនិត្យអ្នកធ្វើដំណើរដោយផ្ទាល់

​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែមេសា​នេះ​បាន​អញ្ជើញ​ទៅ​ចំណតរថយន្ត​ទីលាន​ប្រជាធិបតេយ្យ​នៅ​ខណ្ឌឫស្សីកែវ​ដើម្បី​ពិនិត្យមើល​ដំណើរការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​បាន​ចាត់ទុកថា​នេះ​ជា​កាដូ​ឆ្នាំ​ថ្មី​ដ៏​ធំ​របស់​សម្តេច​តេ​ជោ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ដោយ​មិន​បង់ប្រាក់​តាមរយៈ​រថ​យន្ត​ក្រុង​ដឹកជញ្ជូន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​ពលរដ្ឋ​នឹង​ទទួលបាន​ទាំង​សុវត្ថិភាព​និង​ផាសុកភាព​។​

​លោក​អ៊ា​ន​សុ​ឃីម​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​ចេញដំណើរ​ទៅតាម​បណ្តា​ខេត្ត​ក្រុង​នានា ច្រើនជាងគេ នៅ​ថ្ងៃ​ដំបូង​នេះ​មាន​ខេត្តបាត់ដំបង សៀមរាប​និង​ខេត្តបន្ទាយ​មាន​ជ័យ​៕​មន​