បើ​ទៅលេង​ប្រទេស​ថៃ សូមកុំ​ខកខាន​បទពិសោធន៍​អស្ចារ្យ​ទាំង ១០ នេះ​ឱ្យសោះ​

511

​ប្រទេស​ថៃ​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​ដែនដី​នៃ​ស្នាមញញឹម​” និង​មាន​ឆ្នេរសមុទ្រ​ស្រស់ស្អាត វិមាន​ដ៏​ស្រស់​ឆើតឆាយ និង​អាហារ​ដ៏​អស្ចារ្យ​។​

​ហើយ​មិន​ថា​ដើរ​មើល​ប្រាសាទ​ឬ​ទស្សនា​ផ្សារ​បណ្តែត​ទឹក​ឬ​គយគន់​ទេសភាព​លើ​ខ្នង​ដំរី​នោះទេ ប្រទេស​ថៃ​មាន​បទពិសោធ​ដ៏​អស្ចារ្យ​មួយចំនួន​សម្រាប់​ផ្តល់ជូន​។​

​ខាងក្រោម​នេះ គឺជា​បទពិសោធន៍ ១០ ដែល​អ្នក​មិន​ចង់​ខកខាន នៅពេល​ទៅលេង​ប្រទេស​ថៃ​។​

១. ទៅ​ស្គាល់​ថ្មកំបោរ​តាមរយៈ​ទូក​កា​នូ​

​ដោយ​លៀន​ចេញពី​សមុទ្រ​អា​ដា​ម៉ាន់ ផ្ទាំង​ថ្មកំបោរ​នៅ​ជិត​កោះ​ភូ​កេ​ត​គឺ​ពិតជា​អស្ចារ្យ​សម្បើម​ណាស់​។​

​តើ​មាន​អ្វីដែល​ល្អប្រសើរ​ជាង​ជិះទូក​កា​នូ​ទៀត​នោះ នៅពេល​ចង់ទៅ​មើល​ឱ្យ​កៀក​កោះ​តូច​នេះ និង​តំបន់​នៅ​ជុំវិញ​?

​ក្រុមហ៊ុន John Gray Sea Canoe ផ្តល់ជូន​នូវ​ការធ្វើដំណើរ​មួយថ្ងៃ​ដ៏​សម្បូរបែប ដោយ​អ្នក​អាច​ជិះទូក​កា​នូ​ដោយ​ខ្លួនឯង​ក៏បាន ឬ មាន​អ្នកជំនាញ​ជួយ​ចែវ​ទូក​កា​នូ​ឱ្យ​អ្នក​ក៏បាន​។​

​អ្នក​អាច​មើលឃើញ​ត្បូង​ជាច្រើន​លាក់ខ្លួន​នៅ​ជុំវិញ​ឆកសមុទ្រ​ផាង​ង៉ា និង​អាច​ផ្តិត​យក​ទេសភាព​ដ៏​ល្អ​អស្ចារ្យ​។​

២. ទៅ​ស្គាល់​ស្ពាន​រំលង​លើ​ទន្លេ​ក្វៃ (Kwai)

​វា​គឺជា​ស្ពាន​ដ៏​ល្បីល្បាញ​មួយ​នៅលើ​ផ្លូវដែក​ភូមា​ដែល​សាងសង់ឡើង​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២ និង​ជាទី​តាំង​ថត​ខ្សែភាពយន្ត​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០​។​

​ហើយ​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅជិត​ព្រំដែន​ភូមា​អាច​ឆ្លុះបញ្ចាំង​លើ​ស្ពាន​ឆ្លងកាត់​ទន្លេ​ក្វៃ​និង​ប្រវត្តិ​របស់​វា​នៅឯ​សារមន្ទី​រថភ្លើង​ងាប់​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៅ​ខេត្ត​កាញ់​ចា​ណា​បុរី​។​

​តាមរយៈ​រូបភាព​មាន​ចលនា​និង​វត្ថុ​បុរាណ​នានា អ្នកទេសចរ​អាច​រៀន​សូត្រ​អំពី​ការស្ថាបនា​ស្ពាន​តាមរយៈ​ការបង្ហាញ​ផ្ទាល់​ដ៏​រំភើប​ពី​អ្នក​នៅ​រស់រានមានជីវិត​នា​សម័យ​នោះ​។​

​ហើយ​ភ្ញៀវទេសចរ​អាច​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នកទោស​សង្គ្រាម​ជាច្រើន​នាក់​ដែល​បាន​ស្លាប់​នៅពេល​ធ្វើការ​នៅលើ​ស្ពាន​នេះ​។​

៣. ត្រឡប់​ទៅ​សម័យកាល​បុរាណ​តាមរយៈ​ការ​ទស្សនា​ប្រាសាទ​ក្នុង​ក្រុង​អយុធ្យា

​ជា​អតីត​រាជធានី​របស់​សៀ​ម អយុធ្យា​គឺជា​ទីក្រុង​ប្រវត្តិសាស្ត្រ​ដែលមាន​ប្រាសាទ​និង​រូបចម្លាក់​គួរឱ្យភ្ញាក់ផ្អើល​ជាច្រើន​។​

​ដោយ​ធ្វើដំណើរ​រយៈពេល​ខ្លី​ពី​ទីក្រុង​បាងកក ទីតាំង​ខុសគ្នា​ចំនួន ៩ បាន​បង្កើត​ចេញ​ជា​តំបន់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ ដែល​នៅតែ​ជាទី​គួរឱ្យ​ចាប់អារម្មណ៍​រហូតដល់​សព្វថ្ងៃនេះ​។​

​លើសពីនេះ​ទៀត អ្នកទេសចរ​ក៏​អាច​ទៅ​មើល​ឱ្យ​ស្គាល់​ដំណាក់​ស្តេច​ចំនួន ៣ ដែល​ស្ដេច​អយុធ្យា​ជាច្រើន​អង្គ​បាន​កសាង​នៅលើ​កោះ​អយុធ្យា​។​

៤. គយ​គន​ជាមួយ​រូបចម្លាក់​ព្រះពុទ្ធ​

​វត្ត​មួយ​ក្នុងចំណោម​វត្ត​ដែល​គេ​និយម​ទស្សនា​បំផុត​នៅ​បាងកក​គឺ​វត្ត​ភូ ដែល​សង់​ឡើង​តាំងពី​សតវត្ស​ទី ១៦ ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ UNESCO​។​

​ហើយ​អ្នកទេសចរ​រាប់លាន​នាក់​បាននាំគ្នា​មក​វត្ត​នេះ​ដើម្បី​មើលរូប​ចម្លាក់​ព្រះពុទ្ធ​ធ្វើ​ពី​មាស​ប្រវែង ៤៦ ម៉ែត្រ​ដែលមាន​ទីតាំងនៅ​វិហារ​ធំ​។​

​ទន្ទឹមនឹង​នេះដែរ វត្ត​នេះ​ក៏មាន​រូប​ព្រះពុទ្ធ​ច្រើនជាងគេ​បំផុត​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។​

៥. ផ្សារ​បណ្តែត​ទឹក​

​ក្នុងនាម​ជា​ផ្សារ​បណ្តែត​ទឹក​ចាស់​ជាងគេ​មួយ​នៅ​ទូទាំងប្រទេស​ថៃ ផ្សារ​អាំ​ផា​វ៉ា (Amphawa) នៅ​ទីក្រុង​បាងកក​គឺជា​ទស្សនីយភាព​មួយ​មិនអាច​រំលង​បាន​។​

​អាជីវករ​នាំគ្នា​ឡើង​ចុះទូក​របស់​ពួកគេ​ដើម្បី​លក់​របស់របរ​ផ្សេងៗ ដូចដែល​បុព្វបុរស​របស់​ពួកគេ​ធ្លាប់ធ្វើ​រាប់រយ​ឆ្នាំមុន​។​

​រៀងរាល់​ចុង​សប្តាហ៍​ទីផ្សារ​នេះ​គឺ​ពោរពេញ​ទៅដោយ​អតិថិជន​ដែល​នាំគ្នា​ប្រមូល​ផ្តុំគ្នា​ទិញ​ម្ហូបអាហារ​ឆ្ងាញ់ៗ និង​រីករាយ​ជាមួយ​ទេសភាព​មាត់ទន្លេ​។​

​ទន្ទឹមនឹង​នេះដែរ នៅពេល​យប់​វា​គឺជា​កន្លែង​ដ៏​ល្អឥតខ្ចោះ​ដើម្បី​មើល​អំពិលអំពែក ខណៈដែល​ពួកវា​ហោះ​មក​ក្បែរៗ​ដើមឈើ​។​

៦. ពន្លឺ​ភ្លឺ​ព្រោងព្រាត​នៅក្នុង​ពិធីបុណ្យ​

​វា​គឺជា​ការអបអរសាទរ​ដែល​ឃើញ​មនុស្ស​បំភ្លឺ​កូន​គោម​បណ្តែត​ទឹក​នៅលើ​ទន្លេ​ថៃ​នានា​ដើម្បី​គោរព​ព្រះពុទ្ធ និង​អរគុណ​ដល់​ព្រះ​គង្គា​។​

​ហើយ​ពិធីបុណ្យ​ឡយ​ក្រា​ថោង (Loi Krathong) ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី ១២ នៃ​ប្រក្រតិទិន​តាម​ចន្ទគតិ​ដែលជា​ធម្មតា​នឹង​មកដល់​នៅ​ខែវិច្ឆិកា​។​

​ខេត្ត​សុខោទ័យ​គឺជា​កន្លែង​កំណើត​នៃ​បុណ្យប្រពៃណី​នេះ និង​ជា​ទិសដៅ​ពេញនិយម​បំផុត​សម្រាប់​អបអរសាទរ​ថ្ងៃបុណ្យ​។​

​អំឡុងពេល​៥​រាត្រី ប្រជាជន​នៅ​ខេត្ត​សុខោទ័យ​រីករាយ​នឹង​អណ្ដែត​គោម​តាម​ប្រពៃណី​ក៏ដូចជា​ការមើល​ការបាញ់​កាំជ្រួច ការបង្ហាញ​ពន្លឺ​ចម្រុះ​ពណ៌ និង ការ​រាំ​របាំ​ប្រជាប្រិយ​។​

៧. ការ​ផ្សងព្រេង​នៅ​ល្អាង​ភ្នំ​

​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ថៃ ឧទ្យាន​ជាតិ​សំ​រ៉​យ​យ៉ុ​ត (Samroiyod) គឺជា​ឧទ្យាន​ជាតិ​សមុទ្រ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​ថៃ​។​

​ហើយ​ក្នុងនាម​ជាទី​កន្លែង​នៃ​បក្សី​និង​រុក្ខជាតិ​ដ៏​សម្បូរបែប ឧទ្យាន​នេះ​ត្រូវបាន​គេ​ស្គាល់​ខ្លាំង ដោយសារ​ល្អាង​ភ្នំ​ដ៏​ធំ​រប​ស់វា ដែល​ភ្ញៀវទេសចរ​ចូលចិត្ត​ដើរ​រុករក​បំផុត​។​

​ល្អាង​ភ្នំ​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​គឺ​ល្អាង​ភ្នំ​ព្រះ​នគរ​នៅ​ហួ​ហ៊ី​ន ដែល​មើលទៅ​ប្រៀប​បី​ដូចជា​ល្អាង​ភ្នំ​នៅក្នុង​ខ្សែភាពយន្ត​។​

​នោះ​គឺ​ដោយសារតែ​នៅ​បាត​ល្អាង​ភ្នំ​គឺ​ក្រាល​មាស​និង​ឥដ្ឋ​ពណ៌​បៃតង​ដែល​កសាងឡើង​សម្រាប់​ស្តេច​នា​សតវត្ស​ទី ១៩​។​

​ត្រូវ​ប្រាកដថា អ្នកយក​កាមេរ៉ា​អាជីព​មក​តាម​ខ្លួន ព្រោះ​វា​ពិតជា​តំបន់​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​របស់​ប្រទេស​ថៃ​។​

៨. ទទួលទាន​អាហារ​នៅលើ​ដំបូល​

​ការ​ញ៉ាំ​អាហារ​នៅ​ទីក្រុង​បាងកក​គឺជា​បទពិសោធន៍​មួយ​ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​នៅលើ​ដំបូល​មើលឃើញ​ទេសភាព​ជុំវិញ​ទីក្រុង​បាន​នាំឱ្យ​ការទទួល​ទាន​អាហារ​ទៅដល់​កម្រិត​មួយ​ផ្សេងទៀត​។​

​មាន​ភោជនីយដ្ឋាន​និង​បារ​លើដំបូល​ជាច្រើន​នៅ​ទូទាំង​រាជធានី​របស់​ថៃ​ដូចជា Sirocco, Red Sky និង Vertigo​។​

​នៅ​ភោជនីយដ្ឋាន Sirocco នៅលើ​ដំបូល​នៃ​អគារ Lebua’s State Tower អ្នកទេសចរ​អាច​រីក​រាយ​ទទួលទាន​អាហារ​ដ៏​ឆ្ងាញ់​នៅ​ភោជនីយដ្ឋាន​ខ្ពស់បំផុត​នៅលើ​ពិភពលោក​។ ភោជនីយដ្ឋាន Sirocco គឺ​ឈ្នះ​ពានរង្វាន់​ចម្រុះ​ជាច្រើន ហើយ​ស្ថាប័ន Thailand Tatler បានដាក់​ពិន្ទុ​ពេញ​ចំនួន ១០ ដល់​ភោជនីយដ្ឋាន​នេះ​សម្រាប់​ប្រភេទ​ទាំង ៤ តែម្តង គឺ​អាហារ ស្រា បរិយាកាស​ជុំវិញ និង សេវាកម្ម​។​

៩. ទៅ​មើល​សត្វ​ដំរី​

​ដំរី​គឺជា​សត្វ​តំណាង​ជាតិ​របស់​ថៃ​ហើយ​អ្នកទេសចរ​ធានាថា​នឹង​ឃើញ​ដំរី​យ៉ាងតិច​មួយ​ក្បាល នៅពេល​មកលេង​ប្រទេស​ថៃ​។​

​ហើយ​ការចិញ្ចឹម​បីបាច់​សត្វ​ដំរី​នៅក្នុង​បរិយាកាស​ដែលមាន​សុវត្ថិភាព​គឺមាន​សារៈសំខាន់​ណាស់​ដើម្បី​ធានាថា​អ្នកទេសចរ​រាប់​ជំនាន់​នឹង​អាច​រីករាយ​ជាមួយ​ពួកវា​នាពេល​អនាគត​បន្តទៅទៀត​។​

​ទីជម្រក​សត្វ​ដំរី​មាន​ទីតាំងនៅ​ទូទាំងប្រទេស​ថៃ និង​ឧទ្យាន​ធម្មជាតិ​ដំរី​នៅក្នុង​ឈៀង​ម៉ៃ​គឺជា​កន្លែង​ដែល​ល្បី​ជាងគេ​បំផុត​។​

១០. ជិះ​តុ​ក​តុ​ក​!

​គ្មាន​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​ណា​អាច​ពេញលេញ​បាន ដោយ​គ្មាន​ការ​ជិះ​តុ​ក​តុ​ក​នោះឡើយ​។​

​សំណាងល្អ តុ​ក​តុ​ក​មាននៅ​ទូទាំងប្រទេស​ហើយ​វា​គឺជា​មធ្យោបាយ​មួយ​ក្នុងការ​ធ្វើដំណើរ​យ៉ាង​សប្បាយរីករាយ​!

​តុ​ក​តុ​ក​ដែល​ល្បី​ជាងគេ​គឺ​នៅ​ទីក្រុង​បាងកក ហើយ​ពួកវា​ដឹក​អ្នកដំណើរ​ដើរលេង​នៅ​ទូទាំង​ទីក្រុង​៕ ដោយ៖ កញ្ញាដាលីស