បើ​ភ្លៀង​នៅតែ​ខ្សោយ​បែបនេះ ស្រូវ​ប្រឈម​ការខ្វះ​ទឹក​កើន​ដល់​ខ្ទង់សែន​ហិកតា​

370
ចែករម្លែក

ដោយ​: ប​.​ខុន​
​ភ្នំពេញ​:
ស្ថានភាព​ភ្លៀង​ធ្លាក់​ខ្សោយ​និង​មិនបាន​រាយប៉ាយ បើ​នៅ​បន្ត​កើត មាន​អូសបន្លាយ​ដល់ពេល​មួយ​សប្តាហ៍​ទៀត អាច​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដំណាំ​ស្រូវ​ចូលដល់​ខ្ទង់​ម៉ឺន​សែន​ហិកតា​ហើយ នៅ​ទូទាំងប្រទេស​។ តែ​មន្ត្រី​ជំនាញ​ខាង​អាកាសធាតុ​ប្រាប់ថា ភ្លៀង​នឹង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​ល្អ​មកវិញ ក្រោយពី​ព្យុះ​ទី​៥​រលាយ​។ ភ្លៀង​ធ្លាក់​ខ្សោយ និង​មិន​រាយប៉ាយ​កន្លងទៅនេះ ដោយសារ​ឥទ្ធិពល​កូន​រដូវប្រាំង​កម្រិត​ខ្សោយ​។​

ដំណាំ​ស្រូវ​ខ្វះ​ទឹក​ក្នុង​ខេត្តកំពង់ចាម​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុ​និ​យ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៩​ថា ដំណាំ​ស្រូវ​នៅក្នុង​បណ្តា​ខេត្ត​ជាច្រើន​បាន​ប្រឈម​នឹង​ការខ្វះ​ទឹក តែ​ផ្ទៃដី​ប៉ះពាល់​មាន​ចំនួន​ត្រឹម​ខ្ទង់ពាន់​ហិកតា​នៅឡើយ​ទេ បើ​ស្ថានភាព​ភ្លៀង​ធ្លាក់​ខ្សោយ​នៅ​បន្ត​កើតមាន ដល់​ពីមួយ​សប្តាហ៍​ដល់​១០​ថ្ងៃ​ទៀត​នោះ​ដំណាំ​ស្រូវ​ប៉ះពាល់​ពី​ការខ្វះ​ទឹក​អាច​នឹង កើន​ដល់​ខ្ទ​ង​ម៉ឺន​សែន​ហិកតា​ហើយ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា កន្លងទៅនេះ​ភ្លៀង​មាន ធ្លាក់​នៅ​គ្រប់​ខេត្ត​តែ​ខ្សោយ​និង​មិនមាន​របាយ​ស្មើ ធ្វើឱ្យ​ដំណាំ​ស្រូវពង្រោះ​នៅ ក្នុង​ខេត្តបាត់ដំបង (​តំបន់​ក្រោម​ប្រព័ន្ធ​អាង​កំពីងពួយ​ដែល​កន្លងទៅ​មានការ​ជួស ជុល​ប្រព័ន្ធ​នៅ​ផ្នែក​ខាងលើ​) បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ​(​តំបន់​រុករាន​ថ្មី​) កំពង់ធំ សៀមរាប កំពង់ចាម ព្រៃវែង ស្វាយរៀង​…​ប្រឈម​ការខ្វះ​ទឹក​។​

​លោក ចាន់ យុ​ត្ថា និយាយ​ឱ្យដឹងទៀតថា ដំណាំ​ស្រូវ​នៅក្នុង​បណ្តា​ខេត្ត​មួយ ចំនួន​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក ភាគច្រើន​ស្ថិតនៅ​តំបន់​គ្មាន​ប្រភពទឹក​ដែល មិន​អាចជួយ​សង្គ្រោះបាន​។ ក្រសួង​ធនធានទឹក​មាន​ម៉ាស៊ីនបូមទឹក​ច្រើន​ប្រភេទ​រាប់រយ​គ្រឿង សម្រាប់​ការងារ​អន្តរាគមន៍​បូមទឹក តែ​សំខាន់​តំបន់​ប្រឈម​ទាំងនោះ មួយចំនួន​គ្មាន​ប្រភពទឹក​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០​ខែកក្កដា​ថា ដំណាំ​ស្រូវ​ជាង​៥​ពាន់​ហិកតា នៅក្នុង​ស្រុក​ចំនួន​៤​របស់​ខេត្ត កំពង់ចាម ដែល​បាន​ប្រឈម​ការខ្វះ​ទឹក​មាន​សភាព​ធូរស្រាល​បន្តិច​មកវិញ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​(​តិចតួច​)​ពីរ​ថ្ងៃ​ជាប់​គ្នា តែបើ​រាំង​បួន​ប្រាំ​ថ្ងៃ​ទៀត​ការប៉ះពាល់​នឹង ត្រឡប់មកវិញ​ធ្ងន់ធ្ងរ​លើស​ដើម​។​

​លោក ប៉ែន កុសល អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០​ខែ​កក្ដ​ដា​ថា ដំណាំ​ស្រូវ​ប្រឈម​ការខ្វះ​ទឹក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន ចំនួន​ប្រមាណ​ជ​៨៨០​ហិកតា​កំពុង​ត្រូវបាន​ជួយ​អន្តរាគមន៍​បូមទឹក​ដាក់ ក្នុងនេះ​មាន​ចំនួន​ប្រមា​៥០០​ហិកតា​គ្មាន​ប្រភពទឹក​ជួយសង្គ្រោះ​ទេ អាច​នឹង​ខូច​បើ​ពីមួយ សប្តាហ៍​ទៅ​១០​ថ្ងៃ​ទៀត​នៅតែ​គ្មាន​ភ្លៀង​។​

​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០​ខែកក្កដា​ថា ដំណាំ​ស្រូវ ប្រឈម​ការ ខ្វះ​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន​១៧​ពាន់​ហិកតា​ភាគច្រើន​បាន​ជួយសង្គ្រោះ​មក វិញ​ដោយ​ការបញ្ចេញ​ទឹក​ពី​អាង​អូរ​ខៃ​ដន​និង​ការជួយ​អន្តរាគមន៍​បូម​ដាក់ ដោយ ម៉ាស៊ីន​ចល័ត​ធំៗ​។ ដំណាំ​ស្រូវ​ខ្វះ​ទឹក​នៅ​មានតែ​តំបន់​គ្មាន​ប្រភពទឹក​ប៉ុណ្ណោះ​។​

​លោក​អ៊ុ រី​ណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុ និយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០​ខែ​កក្ដ​ដា​ឆ្ន​២០១៩​ថា កូន​រដូវប្រាំង​ដែល​ក្រសួង​បាន​ព្យាករណ៍​ថា អាច​នឹង​កើត​មាននៅ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា នោះ វា​បាន​កើតមាន​រួចទៅហើយ​នាពេល​កន្លងទៅ និង នៅពេលនេះ មាន​សញ្ញា​ថប​ថយ​ទៅវិញ​។ កូន​រដូវប្រាំង​ដែល​បាន​កើតមាន​ខ្សោយ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ នៅ​គ្រប់​ខេត្ត គ្រាន់តែ​ខ្សោយ​និង​មាន​របាយ​មិន​ស្មើ តែ​ភ្លៀង​នឹង​ចាប់ផ្តើម​ធ្លាក់​ល្អ វិញ​នៅពេល​ព្យុះ​ទី​៥​រលាយ​។​

​ចំណែកឯ​ការងារ​បង្ក​បង្កើន​ផល​នៅ​ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃទី​១៥​ខែ​កក្ក ដា អនុវត្តបាន ១,៧៤៨,៣៧៧​ហិកតា ស្មើ​៦៧.៨៥​ភាគរយ​នៃ​ផែនការ​២,៥៧៦,៧៧១​ហិកតា បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៨ ការងារ​បង្កបង្កើនផល ឆ្នាំនេះ​មាន​ល្បឿន​យឺត​ជាង​ដោយសារ​ឥទ្ធិពល​បាតុភូត​អៃ​ល​នី​ណូ ធ្វើឱ្យប៉ះពាល់​ដល់​ការធ្លាក់​ភ្លៀង​រដូវវស្សា​៕ ល​