បើ​មាន​សំណង់​អត់​ច្បាប់​សង់​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​មេ​ខណ្ឌ​ទាំង​១៤​នឹង​ទទួលខុសត្រូវ​មុខ​ច្បាប់​

491
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​លិខិត​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង​១៤ អាច​នឹងត្រូវ​ទទួលរ​ង​វិន័យ​រដ្ឋបាល និង​ទទួលខុសត្រូវ​មុខ​ច្បាប់​ជា​ធរមាន ប្រសិនបើ​មាន​សំណង់​ណា ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​សាងសង់ឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​យោងតាម​លិខិត​របស់​រដ្ឋបាល​ដែល​ចុះហត្ថលេខា​និង​ត្រា​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ផ្ញើ​ទៅកាន់​អភិបាលខណ្ឌ​ទាំង​១៤ ស្តីពី​វិធានការ​ទប់ស្កាត់ សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់ ដែល​អ្នកសារព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ជាប្រចាំ​ដល់​រដ្ឋបាល​ខណ្ឌ​ឱ្យ​យកចិត្តទុកដាក់​ទប់ស្កាត់​នូវ​រាល់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់​និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​។​ដូចនេះ​ដើម្បី​គ្រប់គ្រង​ការសាងសង់​គ្រប់​ប្រភេទ​ឱ្យ​ស្របតាម​ប្លង់គោល​រាជធានី​ភ្នំពេញ បទដ្ឋាន​នគ​រូប​នី​យ​បញ្ញត្តិ និង​លក្ខណៈ​បច្ចេកទេស​សំណង់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​អភិបាលខណ្ឌ​ត្រូវខិតខំ​ទប់ស្កាត់​រាល់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់​និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​ឱ្យ​ខាន​តែ​បាន​និង​ឱ្យមាន​ប្រសិទ្ធភាព​ក្នុងន័យ​រឹតបន្តឹង ការគោរព​លិខិតបទដ្ឋាន​គតិយុត្ត ក៏​ដូច​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​ជូន ប្រជាពលរដ្ឋ​។​

​តាម​លិខិត​ដដែល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងករណី​ដែល​សំណង់ គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​នៅតែ​កើតមាន​ហើយ​បង្កឱ្យមាន​គ្រោះថ្នាក់​និង​បង្ក​ព្យសនកម្ម ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នោះ​។ លោក​អភិបាលខណ្ឌ ត្រូវ​ទទួល​នូវ​វិន័យ​រដ្ឋបាល​ទៅតាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​អាស្រ័យហេតុនេះ សូម​លោក​អភិបាលខណ្ឌ ជ្រាប​និង​អនុវត្តតាម​ខ្លឹមសារ​ខាងលើ ឱ្យបាន​ម៉ឺងម៉ាត់ និង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​»៕S/​