បើ​មិន​អាសូរ​ផ្លូវ ក៏​គួរ​ត្រូវ​ខ្មាស់​ខ្លួនឯង​ផង​!

296
ចែករម្លែក

របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហាញថា ចំនួន​រថយន្ត ដែល​ដឹក​លើស​ទម្ងន់ នៅក្នុង​ខែមករា ឆ្នាំ​២០១៩ កើនឡើង​ចំនួន​មួយគ្រឿង​។ គឺ​ពី ២១៤ គ្រឿង ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ មក ២១៥ គ្រឿង ក្នុង​ខែមករា ឆ្នាំ​២០១៩​។ ក្នុងចំណោម​រថយន្ត ដឹក​លើស​ទម្ងន់ ដែល​ចាប់បាន​ទាំងនោះ ផ្ទុក​លើស​ទម្ងន់ ចាប់ពី​ប្រាំ​តោន រហូតដល់ ៣២​តោន​។​

​របាយការណ៍​ដដែល បង្ហាញថា ក្នុងចំណោម​ស្ថានីយ​ជញ្ជីង​ថ្លឹង​ទាំង ២៧​កន្លែង នៅ​ទូទាំង​រាជធានី ខេត្ត ទូទាំងប្រទេស គឺមាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង ក្នុង​ខេត្តកំពង់ចាម អាជ្ញាធរ​ចាប់ បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ច្រើនជាងគេ ដែលមាន​ចំនួន ២៥​គ្រឿង ខណៈដែល​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ភ្នំ​ត្រែង ក្នុង​ខេត្តកំពត និង​ស្ថានីយ​អូរ​ចំណារ ក្នុង​ខេត្ត​ព្រះសីហនុ គឺ​គ្មាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​នោះទេ នៅ​ខែមករា ឆ្នាំ​២០១៩​។​

​តាម​របាយការណ៍​ដដែល នៅក្នុង​ខែមករា ឆ្នាំនេះ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់ កម្រិត​កំណត់ ចំនួន ២១៥​គ្រឿង ដោយបាន​ពិន័យ ជា​ប្រា​ក់បាន​ចំនួន​ជាង ៥០០​លាន​រៀល​។​

​រថយន្ត​ធុន​ធំ ផ្ទុកទំនិញ​លើស​កម្រិត​កំណត់ បានកើត​ឡើង​យូរ​ឆ្នាំ​ណាស់​មកហើយ​ដែល​នាំ​ឲ្យ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សាធារណការ បា​នប​ង្កើ​ម​ក្រុមការងារ​ជញ្ជីង​ថ្លឹង​រថយន្ត នៅតាម​ផ្លូវជាតិ​សំខាន់ៗ​ជាច្រើន នៅ​ទូទាំងប្រទេស ព្រមទាំង​ក្រុមការងារ​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត ផងដែរ​។

​រៀងរាល់ខែ ក្រុមការងារ​របស់​ក្រសួង​សាធារណការ ផ្នែក​ជញ្ជីង​ថ្លឹង​ក៏បាន​បន្ត​ចាប់បាន​រថយន្ត ផ្ទុក​លើស​ចំណុះ ពិសេស​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ធំៗ ហើយ​បើតាម​របាយការណ៍ គឺ​រថយន្ត ទាំងនោះ បាន​ផ្ទុក​លើស​ទម្ងន់ ចាប់ពី ប្រាំ​តោន រហូតដល់ ៣២​តោន​។​
​ ​
​ការផ្ទុក​ទំនិញ​លើស​ទម្ងន់​នេះ បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ច្រើនយ៉ាង​។ ទី​១=​រថយន្ត​ផ្ទុកទំនិញ​លើស ទម្ងន់​បង្ក​មហន្តរាយ​ខ្លាំងជាងគេ គឺ​ធ្វើ​ឲ្យ​ខូច​ផ្លូវ បាក់​ស្ពាន​ដែល​យើង​បានឃើញ​ការចុះផ្សាយ ជា​ញឹកញាប់​រួចមកហើយ និង​ទី​២-​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​នេះ ក៏​ពេលខ្លះ បាន​បង្ក​គ្រោះថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ ដូចជា ករណី​នៅលើ​ស្ពាន​អ្នក​លឿង កាលពី​ប៉ុន្មាន​ឆ្នាំមុន ហើយ​ថ្មីៗ​នេះ គឺ​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​កំណត់​ផ្លូវជាតិ​លេខ​៤ កាលពី​ខែមករា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ដោយសារតែ​រថយន្ត​ដឹក​ធ្ងន់​នេះឯង​។​
​ ​
ជា​ដំណោះស្រាយ មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង គួរតែ​ស្មោះត្រង់ ធ្វើការ​ដោយ​វិជ្ជាជីវៈ មិនត្រូវ​បន្ត​បណ្តែតបណ្តោយ​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់ បន្ត​បើកបរ​ឆ្លងកាត់​ផ្លូវ​ពិសេស​នៅ​កន្លែង ជញ្ជីង​ថ្លឹង​រថយន្ត ដោយ​គ្រាន់តែ​ក្រុម​ឈ្មួញ​អ្នករកស៊ី​ដឹកជញ្ជូន​ទាំងនោះ បង់លុយ ដាក់​ខែ​ឲ្យ ហើយ​ឡានធំៗ​ដឹកទំនិញ ចង់​ផ្ទុកទំនិញ​លើស​ប៉ុន្មាន​តោន ក៏​ស្រេច​តែ​ឡាន​ទៀត​នោះឡើយ​។

​ករណី​មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង បណ្តែតបណ្តោយ និង​ស៊ីលុយ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​នេះ ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាត់វិធានការ ដក​មន្ត្រី​នោះ បញ្ឈរជើង ហើយ​ក៏មាន​ករណីខ្លះ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ទៀតផង​។​
​ ​
​ម្យ៉ាងវិញទៀត ឈ្មួញ​រកស៊ី​ឡាន​ដឹកជញ្ជូន​ទំនិញ ក៏​ត្រូវតែ​ភ្ញាក់រលឹក​ផងដែរ​។ ខ្លួន​ធ្វើ​មាន ធ្វើបាន ហើយ​បែរជា​ផ្ទុកទំនិញ​លើស​ចំណុះ បណ្តាល​ឲ្យ​ខូច​ផ្លូវ និង​ពេលខ្លះ បង្ក​ជា​គ្រោះថ្នាក់ ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​អ្នកធ្វើដំណើរ​តាមផ្លូវ តើ​សម​ដែរឬទេ​? គួរតែ​រកស៊ី​តាម​ផ្លូវធម៌ សុច្ចរិត ក៏មាន​បាន ក៏​អាច​រស់នៅ​នឹង​គេ​បាន​ទៅហើយ​។ ផ្ទុយទៅវិញ នៅពេល​ផ្ទុក​លើស​ចំណុះ បើ​មន្ត្រី​ជំនាញ ចាប់បាន នឹងត្រូវ​ខាត​ពេលវេលា​ផង និង​ត្រូវ​រើស​ទំនិញ​លើស​ចំណុះ​នោះ​ចេញ​ផង ហើយក៏​ត្រូវ​ផាកពិន័យ​លុយ​ថែម​មួយកម្រិត​ទៀត​។​
​ ​
មួយវិញទៀត ក៏មាន​សេចក្តីរាយការណ៍​ថា កន្លងមក ក្រុមហ៊ុន​ដឹកជញ្ជូន​ធំៗ​មួយចំនួន មាន​ខ្នង​ក្រាស់​នៅ​កាង​ពីក្រោយ ដោយ​មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង​រថយន្ត ត្អូញត្អែរថា មិនអាច ប៉ះ​បានឡើយ​។ រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ មិន​ចូល​ជញ្ជីង​ថ្លឹង​ទេ​ហើយក៏​មិន​ខ្លាច ញញើត​នឹង​មន្ត្រី​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​ទម្ងន់​ដែរ ចង់​ដាក់​លើស​ប៉ុន្មាន​តោន​ក៏បាន ស្រេច​តែ​ចិត្ត​។ ករណីនេះ ប្រហែលជា​សូម្បី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​មិនមាន​ឥទ្ធិពល អាច​ចាប់​ឡាន​ទាំងនោះ យកមក​ពិនិត្យ​ផង​។​
​ ​
សរុបមក បើសិនជា​មន្ត្រី​អនុវត្ត​ច្បាប់ ពោលគឺ​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​តឹងរ៉ឹង គឺ​នឹង​មិនមាន​រថយន្ត​ដឹក​លើស​ទម្ងន់​ទេ ព្រោះថា រថយន្ត​ទាំងអស់ នៅពេល​ផ្ទុកទំនិញ មុន​ចេញដំណើរ​ពី​ក្រុមហ៊ុន គឺ​មន្ត្រី​ជំនាញ ត្រូវ​ថ្លឹង​ម្តង ហើយ​នៅតាម​ផ្លូវជាតិ​ធំៗ គឺ​ត្រូវ​ចាប់​រថយន្ត​ដឹកទំនិញ​ទាំងអស់ ថ្លឹង​ម្តងទៀត និង​នៅពេល​ចូល ដល់​កន្លែង​ទម្លាក់​ទំនិញ ក៏ត្រូវ​ថ្លឹង​ម្តងទៀត ដើម្បី​ផ្ទៀងផ្ទាត់​។

​ជាមួយគ្នា​នោះ​ក៏​គួរ​មាន​វិធាន​កាច់​កាច់ធ្មុង​ក្រុម​កាង និង​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ដែល​ការពារ​ពី ក្រោយ​រថយន្ត​ដឹកទំនិញ មិន​ចូល​ជញ្ជីង​ថ្លឹង​ទាំងនោះ ដើម្បី​ឲ្យ​ស្មើភាព និង​ឲ្យ​ប្រាកដថា រថយន្ត ដឹកទំនិញ​ទាំងអស់ មិន​ផ្ទុក​លើស​ទម្ងន់​កំណត់ ដែល​បង្កបញ្ហា​មុនគេ និង​គ្រោះថ្នាក់​ជាងគេ គឺ​ខូច​ផ្លូវ និង​ស្ពាន ដែល​មួយៗ​ឆ្នាំ រាជរដ្ឋាភិបាល បាន​ចំណាយលុយ​ជួសជុល និង​សាងសង់​រាប់ រយ​លាន​ដុល្លារ​៕ ដោយ​: ម៉េង​ឆៃ​