បើ​វត្ត​ណា​គ្មាន​កឋិន​ហែ​ចូល​២-៣​ឆ្នាំ វត្ត​នោះ​នឹងត្រូវ​បិទ​ចោល​មែនឬ​?

475

(​ភ្នំពេញ)​៖ មាន​អ្នកខ្លះ បាន​លើកឡើងថា ប្រសិនបើ​វត្ត​ណាមួយ គ្មាន​កឋិន​ហែ ចូល​វត្ត​នោះ ខកខាន​មិនបាន​ធ្វើ កឋិន​រយៈពេល​២​ទៅ​៣​ឆ្នាំ វត្ត​នោះ​នឹងត្រូវ​បិទ​ចោល​។ ប្រការនេះ បានធ្វើឱ្យ​អ្នកខ្លះ ព្រួយបារម្ភ ខ្លាច​វត្ត​នោះ ត្រូវ​បិទ ទើប​ខំ​ស្រ​វេរ​ស្រវារ ធ្វើយ៉ាងណា​ឱ្យ​វត្ត​របស់​ពួកគេ តោង​តែមាន​កឋិន​រាល់​ឆ្នាំ​។​

​ព្រះ​ភិក្ខុ សាន ភា​រ៉េត គង់នៅ​វត្ត​បទុម​វ​តី ក្នុង​រាជធានី​ភ្នំពេញ បាន​ពន្យល់ថា វា​អាច​ប្រឈម​នឹង​ការបិទ​មែន ប៉ុន្តែ​រឿង​ប្រឈម​នឹង​ការបិទ​ឬ​អត់​នោះ គេ​ត្រូវ​ពិនិត្យ​មើលថា តើ​ការដែល​វត្ត​នោះ មិនមាន​កឋិន​ហែ​ចូល មកពី​ហេតុអ្វី ? គឺថា តើ​មកពី​មូលហេតុ​ទាស់ខុស​ទៅនឹង​ធម៌​វិន័យ ឬ​មកពី​កត្តា​ភូមិសាស្ត្រ​ជាដើម ដូចជា ភិក្ខុសង្ឃ​មិនចេះ​វិន័យ ភិក្ខុសង្ឃ មិន​គោរព​វិន័យ ឈ្លោះទាស់ទែង​គ្នា​ជាដើម ជាហេតុ​ធ្វើ​ឱ្យគេ​មិន​ជ្រះថ្លា ទើប​គេ​មិន​ហែ​កឋិន​ចូល ឬ​មិន​គោរព​ច្បាប់ មិន​ស្តាប់​ការណែនាំ​របស់​ថ្នាក់​គ្រប់គ្រង ជាហេតុ​ប្រឈម នឹង​វិធានការ​ច្បាប់​ជាដើម ក៍​ជាហេតុ​ធ្វើឱ្យ​គ្មាន​កឋិន​ហែ​ចូល និង​ជាហេតុ​អាច​នាំទៅដល់​ការបិទ​វត្ត​នោះដែរ​។​
​ ​
​ព្រះអង្គ​បានបញ្ជាក់ ហេតុផល​មួយចំនួន​ទៀតថា ដូចជា​វត្ត​នោះ គ្មាន​ភិក្ខុសង្ឃ គង់នៅ គឺ​មានតែ​សាមណេរ​ឬ មាន​ភិក្ខុសង្ឃ​គង់នៅ ភិក្ខុសង្ឃ​សិក្សា និង​ប្រតិបត្តិ​ធម៌​វិន័យ​បាន​សមគួរ​ដូច​វត្ត​ឯទៀត​ដែរ​។ ប៉ុន្តែ​មិនមាន​កឋិន ហែ​ចូល​ដោយសារតែ​វត្ត​នោះ នៅ​ឆ្ងាយ​ពុំមាន​អ្នក​ស្គាល់​ជាវ​ត្ត​ដែលមាន​ផ្លូវ​ពិបាក​ទៅមក​ទើប​ពុំមាន អ្នក​ហែ​កឋិន​ចូល​អ្នក ក្នុង​មូលដ្ឋាន​មិនមាន​លទ្ធភាព​ធ្វើ​កឋិន ឬ​អ្នក​នៅ​ជុំវិញ​នោះ គឺជា​អ្នក​កាន់សាសនា​ផ្សេង ឬ​ស្រុកទេស​មាន​អសន្តិសុខ កើត​កល​យុគ​ជាដើម ទើប​វត្ត​នោះ​មិនមាន​ធ្វើ​កឋិន ហើយ​វត្ត​នោះ​មិនមាន​បញ្ហា ប្រឈម​នឹង​ការបិទ​ឡើយ ព្រោះ​ក្នុង​ធម៌ និង​វិន័យ​ព្រះពុទ្ធសាសនា ការដែល​វត្ត​ណាមួយ មិនមាន​កឋិន​ហែ​ចូល ឬ​មិនបាន​ធ្វើ​កឋិន​នោះ មិនមាន​ទាស់ខុស​អ្វី​ឡើយ​។​

​គប្បី​បញ្ជាក់ថា អ្នក​ដែល​អាច​ទទួល​កឋិន​បាន មានតែ​ព្រះសង្ឃ​។ ចំណែក​គ្រហស្ថ​ទោះជា​បុគ្គល​នោះ មាន​សីល រក្សាសីល​ខ្ជាប់​ខ្ជូ​ន ក៍​មិនអាច​ទទួល​កឋិន​បានដែរ (​ប៉ុន្តែ​គេ​អាច​ជូន​ទេយ្យទាន ដល់​ពួកគាត់​បាន​ដោយ​ប្រពៃ​) ហើយ​ព្រះសង្ឃ​ទៀតសោត លុះត្រា​ណា​តែ​ជា​ភិក្ខុ​។ ចំណែក​សាមណេរ មិនអាច​ទទួល​ក្រាល​គ្រង​កឋិន​បានទេ ដូច្នេះ​ទើប​ព្រះ​ភិក្ខុ សាន ភា​រ៉េត ពន្យល់ថា ប្រសិនបើ​វត្ត​ណា គ្មាន​ភិក្ខុ​គង់នៅ វត្ត​នោះ​មិនអាច​ធ្វើ​កឋិន​បានទេ ហើយ​ការដែល​មិនអាច​ធ្វើ​កឋិន ដោយសារតែ​មូលហេតុ​នេះ ក៍​មិនមាន​ទាស់ខុស​អ្វី​ទៅនឹង​វិន័យ​នោះដែរ​៕ ដោយ​៖ មេសា​

ព្រះសង្ឃ​ក៍​អាច​ធ្វើជា​អ្នក​ផ្តើម​បុណ្យកឋិន​បានដែរ​។​ប៉ុន្តែ​មិនអាច​ធ្វើ​សម្រាប់​វត្ត​ដែល​លោក​គង់នៅ ឡើយ​។ ( ព្រះសង្ឃ​បុណ្យកឋិន​)
​ព្រះ​ភិក្ខុ សាន ភា​រ៉េត ( សាន ភា​រ៉េត ៤)