បើ​អស់ចិត្ត​ហើយ សូម​ទៅ​ចុះ​!

199
ចែករម្លែក

កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១:៣០​យប់ នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​មាន អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​។ ប្រពន្ធ​សម្លាប់ប្តី​នឹង​ពូថៅ បណ្តាលឱ្យ​ប្តី​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។​

​ហេតុការណ៍​នេះ ត្រូវបាន​សមត្ថកិច្ចឱ្យដឹងថា ប្រពន្ធឈ្មោះ វ៉ា សុ​ណន អាយុ ៤២​ឆ្នាំ មាន​ទីលំនៅនៅ​ចំណុចកើតហេតុ​ខាងលើ បាន​យក​ពូថៅទៅ​កាប់​ប្តី ឈ្មោះ យី រ៉ា​ន់ អាយុ ៤៤​ឆ្នាំ ចំនួនប្រាំមួយ​ពូថៅ ។​

​មូលហេតុ​នៃ​រឿងនេះ ត្រូវបាន​ប៉ូលិស អះអាងថា ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ហើយ​ជន សង្ស័យ មាន​ជំងឺសរសៃប្រសាទ និង​ផឹកស្រា ជាប្រចាំ​ផង​។ ក្រោយ​កើតហេតុ​ភ្លាមៗ ស្ត្រី​ជា​ប្រពន្ធ ដែល​កាប់សម្លាប់​ប្តី ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​រតនមណ្ឌល ឃាត់ខ្លួន និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
​ ​
ក្នុងសង្គម​យើង ករណី​ប្រច័ណ្ឌ រវាង​ប្តី​ប្រពន្ធ បាន​កើតជា​អំពើហិង្សា បង្ក​របួសស្នាម ជះ​ទឹក​អាស៊ីត រហូតដល់​សម្លាប់ បាន​កើតឡើង​ច្រើនកាលពីមុន​។ ទីបំផុត លទ្ធផលចុងក្រោយ គឺ​ប្តី​ឬ​ប្រពន្ធជា​ជនរងគ្រោះបាន​រងរបួស​ស្នាម និង​រហូតដល់​ស្លាប់​។ រីឯ​ជនដៃដល់ជា​ប្តី ឬ​ជា​ប្រពន្ធ ក៏​គេច​មិន​ផុតពី​ការចាប់ខ្លួន ផ្តន្ទាទោស​ជាប់ពន្ធនាគារនោះឡើយ​។
​ ​
​មួយវិញទៀត ករណី​ប្រច័ណ្ឌរវាង​សង្សារ ដែល​យុវវ័យ​សម័យ​ទំនើប​នេះ​ច្រើន​កើត ឡើង ដោយមាន​បញ្ហា​ប្រច័ណ្ឌ ឬក៏​បែកបាក់ ចាប់ផ្តើម​ខាង​ប្រុសបង្ហោះ​រូបអាក្រាត របស់​ខាង​ស្រី​កាលពី​នៅ​ស្រឡាញ់គ្នា ដើម្បី​គំរាម​ដល់​ស្ត្រី​សង្សារ ហើយ​ជា​រើ​យៗ ករណីនេះ ខាង​ប្រុសជា​អតីត​សង្សារ​នោះបានត្រឹមតែ​ជាប់គុក ហើយ​ធ្វើ​ឲ្យ​ខាង​ស្រីខូច​ឈ្មោះ និង​ខ្មាស​គេ​។ ដូច្នេះ​ករណីនេះមិនមែនជា​រឿង​ប្រច័ណ្ឌ ព្រោះ​ស្រឡាញ់នោះទេ​។​
​ ​
សរុបទៅ ដោយសារតែ​ការគិត​ខ្លី ចងអាឃាតដៃគូជា​ប្តី​ប្រពន្ធ​នេះ បាន​នាំមក​នូវ សោកនាដកម្ម បង្ក​មហន្តរាយគ្មាន​ថ្ងៃ​ផ្សះផ្សារ​បាន​។ នោះ​គឺ​ឪពុកម្តាយ ដែលជា​អ្នករងគ្រោះក្នុង​អំពើ​ប្រច័ណ្ឌ ត្រូវរបួស ពិការ និង​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់​។ រីឯ​ជនដៃដល់ ជា​ប្តី ជា​ប្រពន្ធ ក្លាយជា​អ្នកទោស ត្រូវ​ជាប់ពន្ធនាគារ​តាម​ទម្ងន់ទោស ហើយ​បើ​រហូតដល់​ធ្វើ​ឲ្យ​គេ​ស្លាប់ គឺ​ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​
​ ​
ចុះបើ​គ្រួសារ​នោះមានកូន​ក្នុងបន្ទុក តើ​ជីវិត​កូនទៅជា​យ៉ាងណា​? នៅពេល​ឪពុក​ស្លាប់ ហើយ​ម្តាយក្លាយជា​ឃាតករ ក៏ត្រូវ​ជាប់គុក នោះ​កូនក្លាយជា​កំព្រា មិនមាន​អ្នក​មើលថែ ខូចអនាគត​កូន​ទាំងស្រុង ដោយសារតែ​ការគិត​ខ្លីក្នុង​ភ្លើង​ប្រច័ណ្ឌ​មោហបាំង​មួយប៉ប្រិចភ្នែក​នេះឯង​។​
​ ​
​ដូច្នេះ បើសិនជាខាង​ប្រុស ឬក៏​ខាង​ស្រីអស់ចិត្តក្នុង​និស្ស័យ​ជា​ប្តី​ប្រពន្ធ​ហើយ គួរតែ​ដៃគូ​ជា​ប្តីជា​ប្រពន្ធ កុំ​ចងអាឃាត​នឹង​គ្នា​។ រក​ផ្លូវ​សម្រុះសម្រួល​ដោយ​សន្តិវិធី ហើយ​បើ​មិនអាច​ផ្សះផ្សា​បានទេ គឺ​ត្រូវ​រក​ច្បាប់ ប្តឹង​លែងលះ ហើយ​ចែកទ្រព្យ​សម្បត្តិ ចែក​កូន និង​សាង​ជីវិត​ថ្មី ដោយ​មើលថែ​កូនចៅ​រៀងៗ​ខ្លួន និង​ដើរ​តាមផ្លូវ​ជីវិត​រៀងៗ​ខ្លួន ហើយ​ចូរ​គិតថា នេះ​ជា​កម្ម​យើង​ទេ​។ ម្យ៉ាងទៀត ការ​ចងអាឃាត រហូតដល់​បង្ក របួសស្នាម និង​សម្លាប់​ដៃគូ​នោះ គឺជា​រឿង​បាបកម្ម ៕ ដោយៈ ម៉េង​ឆៃ​/Ha