បេក្ខជន​ជាង​៦០​នាក់​អវត្តមាន​ក្នុង​ថ្ងៃ​ដំបូង​នៃ​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​

821
ចែករម្លែក

​(​កំពត​)៖​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ជាង​៥.០០០​នាក់​ទូទាំង​ខេត្តកំពត​បេក្ខជន​ជាង​៦០​នាក់​បាន​អវត្តមាន​សម្រាប់​ថ្ងៃ​ដំបូង​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​។​
​បន្ទាប់ពី​បានបញ្ចប់​ថ្ងៃ​ដំបូង​នា​ល្ងាច​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​លោក​តាក​ហាប់​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ក្នុង​ថ្ងៃ​ដំបូង​នេះ​បេក្ខជន​ចំនួន​៦៣​នាក់​ស្រី​២៨​នាក់​បាន​អវត្តមាន​។​ក្នុងចំណោម​នោះ​ភាគច្រើន​ជា​បេក្ខជនស្វ័យរិន​ដែល​ធ្លាប់​ប្រឡង​ធ្លាក់​នា​បណ្តា​ឆ្នាំ​កន្លងទៅ​។

លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ឱ្យដឹងថា​សភាពការណ៍​នៃ​ការប្រឡង​ពេញ​មួយថ្ងៃ​មានដំណើរ​ការល្អ លើកលែងតែ​ករណី​តូច​មួយ​គឺ​បេក្ខជន​ម្នា​ក់នៅ​មណ្ឌល​វិទ្យាល័យ​ព្រះរាជ​សម្ភារ​ដែល​ត្រូវ​សត្វ​ឪម៉ាល់​ទិច​ពេល​រសៀល​ហើយ​ត្រូវ​អាក់ខាន​មួយរយៈ​ខ្លី ខណៈ​ក្រុមគ្រូពេទ្យ​ចាក់​ថ្នាំ​ព្យាបាល​ដើម្បី​បាន​សះស្បើយ​វិញ​។​

​សូម​រំលឹកថា​ការប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧​នេះ នៅ​ខេត្តកំពត​មាន​បេក្ខជន​ជា​សិស្ស​បំពេញវិជ្ជា​ទូទៅ ព្រមទាំង​ស្វ័យរិន​៥.១៧៩​នាក់ ស្រី​២.៤៣៧​នាក់ ស្មើនឹង​២០៨​បន្ទប់​ដំណើរការ​តាម​មណ្ឌល​ចំនួន​ប្រាំបី​ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​។ ដោ​ឡែក​កាលពី​ឆ្នាំ​២០១៦ បេក្ខជន​ក្នុង​ខេត្ត​នេះ​មាន​៤.៤៨៣​នាក់ ស្រី​២.១២១​នាក់​។ ជា​លទ្ធផល​នាពេលនោះ បេក្ខជន​ដែល​ប្រឡង​ជាប់​មាន​២.៧៣១​នាក់ ស្រី​១.៣៧៧​នាក់ ស្មើនឹង​៦០,៩២​ភាគរយ​។

ក្នុងនោះ​និទ្ទេស A ចំនួន​១១​នាក់ ស្រី​៨​នាក់​, និទ្ទេស B ចំនួន​១២០​នាក់ ស្រី​៦០​នាក់​, និទ្ទេស C មាន​២៧២​នាក់ ស្រី​១៤៣​នាក់​, និទ្ទេស D មាន​៤៤៩​នាក់ ស្រី ២៣៣​នាក់ និង​និទ្ទេស E មាន​១.៨៦៩​នាក់ ស្រី​៩៣៣​នាក់​។​

សូមបញ្ជាក់ថា​នាពេល​ចាប់ផ្តើម​នៅ​ថ្ងៃ​ដំបូង ថ្នាក់ដឹកនាំ​ខេត្តកំពត​បាន​បែងចែក​គ្នា​ក្នុងការ​ចូលរួម​កាត់​ប្រអប់​វិញ្ញាសា​តាម​មណ្ឌល​នីមួយៗ​។ ក្នុងនោះ លោក​ចាន់ ចេស្តា អភិបាលខេត្ត​កំពត​បា​ន​អ​ញ្ចើ​ញ​ចូល​កាត់​វិញ្ញាសា​នៅ​មណ្ឌល​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​កំពត​ក្រុង​។

លោក​អភិបាលខេត្ត​ឆ្លៀត​យក​ឱកាស​ផ្តាំផ្ញើ​ដល់​បេក្ខជន​ប្រើប្រាស់​ឱ្យអស់​នូវ​ចំណេះដឹង​ដែល​បាន​ក្រេបជញ្ជក់​រយៈពេល​១២​ឆ្នាំកន្លងមក​ដើម្បី​ទទួលជោគជ័យ​ក្នុងការ​ឈានឆ្ពោះ​ទៅកាន់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បន្តទៀត​។ លោក​ចាន់ ចេស្តា​ក៏បាន​រំលឹក​ផងដែរ​នូវ​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ដែលថា​អ្នកចេះ​ប្រាកដ​គឺ​ពិតជា​ជាប់​៕S/​ដោយ បូកគោ​