បេក្ខជន​បាក់​ឌុប​ឆ្នាំនេះ​មិនមាន​យក​ឯកសារ​ឬ​ប្រុយយ៉ុង​ចូល​មណ្ឌល​ប្រឡង​

378

ដោយ​: ដេប៉ូ / ភ្នំពេញ​: រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​លើកឡើងថា ការប្រលង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប នា​ឆ្នាំនេះ បេក្ខជន​មិនមាន​យក​ប្រុយយ៉ុង ឬ​ឯកសារ​ចូល​ប្រលង​ដូច​បណ្តា​ឆ្នាំមុន​ទៀតឡើយ​។ ទាំងនេះ​ដោយសារ​បេក្ខជន​ភាគច្រើន​បាន​ខិតខំ​រៀនសូត្រ និង​បាន​យល់​ពី​វិន័យ នៃ​ការប្រលង​ច្បាស់លាស់​រួចមក​។​

​បញ្ជាក់​ក្រោយពី​ការបើក​វិញ្ញាសារ​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ កាលពី​ព្រឹក​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៨​នេះ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា​ក្នុងការ​រឹតបន្តឹង​ប្រលង​បាក់​ឌុប​នា​កន្លងមក​បានធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​យ៉ាងច្រើន ហើយ​ក្នុងនោះ​សិស្ស​មានការ​ខិតខំ​រៀន​សូត្រ និង​មាន​សមត្ថភាព​កាន់តែ​ល្អប្រសើរ​បន្តបន្ទាប់​។​

​លោក​បាន​បន្ថែមថា​ការប្រលង​បណ្តា​ឆ្នាំ​នីមួយៗ​ឃើញថា​កាន់តែ​ល្អប្រសើរ​។​ពិសេស ជាង​នេះ​ទាំង​សិស្ស​និង​គ្រូ​ក៏មាន​ការផ្លាស់ប្តូរ​ដូចគ្នា​។​
​ទាក់ទិន​ទៅនឹង​ការប្រលង​ថ្ងៃ​ដំបូង​នេះ​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា «​សម្រាប់​ថ្ងៃនេះ យើង​មិនឃើញ​មាន​សិស្ស​ណា មា្ន​ក់​កាន់​សំណៅ​ឯកសារ ឬ​ឧបករណ៍​អេឡិចត្រូនិក ចូល​មណ្ឌល​ប្រឡង​ទេ​។ បើ​ធៀប​នឹង​៥​ឆ្នាំមុន ខុសគ្នា​មែនទែន​។ យើង​ក៏​ឃើញថា ទាំង​អនុរក្ស និង​មេ​ប្រយោគ ក៏​បំពេញការងារ​បានល្អ​»​។​

​ដោយឡែក​លោកស្រី មាស ប៊ុ​ន្នី មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រចាំការ​នៅ​មណ្ឌល​ព្រះស៊ីសុវត្ថិ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា ការឆែកឆេរ​បេក្ខជន​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែសីហា​នេះ គេ​ពុំបាន​រកឃើញថា មាន​បេក្ខជន​ណា​ម្នា​ក់បាន​យក​ឯកសារ​ចូល​មណ្ឌល​ប្រឡង​នោះដែរ​។​

​គួរ​បញ្ជាក់ថា​ចាប់ពី​ម៉ោង ៧:៣០ នាទី​ព្រឹក​ថ្ងៃនេះ​បេក្ខជន​បាក់​ឌុប​គ្រប់​រាជធានី​-​ខេត្ត ចាប់ផ្តើម​ប្រលង​លើ​មុខ​វិទ្យា ប្រវត្តិវិទ្យា និង​ជីវវិទ្យា សម្រាប់​ថា្នក់​វិទ្យាសាស្ត្រ និង​សម្រាប់​ថា្នក់​វិទ្យាសាស្ត្រ​សង្គម ប្រលង​លើ​មុខ​វិទ្យា ផែនដីវិទ្យា និង​ប្រវត្តិវិទ្យា​។ សម្រាប់​រសៀល​វិញ សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​ទាំងអស់ នឹងត្រូវ​បន្ត​ប្រលង​លើ​មុខ​វិទ្យា គីមីវិទ្យា និង​ភាសាបរទេស និង​ថា្នក់​វិទ្យាសាស្ត្រ​សង្គម ប្រលង ភូមិវិទ្យា និង​ភាសាបរទេស​។​

​ដោយឡែក​ការប្រលង​ចុងបញ្ចប់​ថ្ងៃ ទី​២១ ខែសីហា សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ នឹងត្រូវ​ប្រលង អក្សរសាស្ត្រ​ខ្មែរ និង រូបវិទ្យា ហើយ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ប្រលង​លើ​វិញ្ញាសា គណិតវិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា​។ សម្រាប់​នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ​បេក្ខជន​ទាំងនេះ​នឹង​បន្ត​ប្រលង​មុខវិជ្ជា​គណិតវិទ្យា ខណៈដែល​ថា្នក់​វិទ្យាសាស្ត្រ​សង្គម ប្រលង អក្សរសាស្ត្រ​ខ្មែរ ដែលមាន​រយៈពេល ១៥០ នាទី​ដូចគ្នា​។​
​គួរ​បញ្ចាក់​ថា​ការប្រលង​បាក់​ឌុប​ក្នុងនេះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម រួម មាន បេ​ក្ខ ជន​ប្រលង​សរុប​ចំនួន ១១៧ ០៦១ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៩៥ មណ្ឌល ចែ ក​ចេញ​ជា ៤៧៦១​បន្ទប់ នៅ​រាជធានី ខេត្ត​ទាំង​២៥ នៅ​កម្ពុជា​។​

​សូម​រំលឹក​ដែរ​ថា​បេក្ខជន​ដែល​ប្រលង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០១៧​កន្លងមក មាន​ចំនួន​៦៣៦៦៨​នាក់ ត្រូវជា​៦៣.៨៤​ភាគរយ នៃ​បេក្ខជន​វត្តមាន​៩៩ ៧២៨​នាក់​។ ដោយឡែក​បើ​ធ្វើការ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៦​បេ​ក្ច​ជន​ដែល​ប្រលង​ជាប់​មាន​ចំនួន​៥៥ ៧៥៣​នាក់ ត្រូវ​ជាជាង ៦២​ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​ជិត​៩​ម៉ឺន​នាក់​( ៨៩ ៦៦១​នាក់​)៕