បេក្ខជន​បាក់​ឌុប​បាននាំគ្នា​បន់ស្រន់​ដើម្បី​សុំឱ្យ​ប្រឡង​ជាប់ ខណៈ​ការប្រឡង​ថ្ងៃស្អែក​មកដល់​

262
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រុម​បេក្ខជន​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប នា​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៩​នេះ ពោលគឺ​បន្ទាប់ពី​បាន​ពិនិត្យ​បញ្ជី​ឈ្មោះ​តាម​មណ្ឌល​ប្រឡង​នីមួយៗ​នោះ បាន​ពពាក់ពពូន​គ្នា​ធ្វើការ​បន់ស្រន់​តាម​មណ្ឌល​ប្រឡង តាម​ទីវ​ត្ត​អារាម​និង​តាម​ទីសក្ការៈ​មួយចំនួន​យ៉ាង​កុះករ​។​

​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ក្រុម​បេក្ខជន​ប្រឡង​បាក់​ឌុប បាននាំគ្នា​បន់ស្រន់​តាម​ជំនឿ​របស់​ពួកគេ ដើម្បី​សុំឱ្យ​ការប្រឡង​របស់ខ្លួន​ទទួលបាន​សេចក្តីសុខ​សប្បាយ​និង​ប្រឡង​ជាប់ អាច​រៀន​ថ្នាក់​ឧ​ត្ត​ម​សិក្សា​បន្តទៀត​។​ជាមួយគ្នានេះ​គេ​ក៏​គេ​ឃើញ​បេក្ខជន​ខ្លះទៀត​បាននាំគ្នា​ទៅតាម​ទី​វត្ត​ដើម្បីឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក​សុំឱ្យ​ប្រឡង​ជាប់​ថែមទៀត​។​

​បើតាម​ការលើកឡើងរ​បស់​បេក្ខជន​មួយចំនួន​បានឱ្យដឹងថា​ការ​បន់ស្រន់​នេះ​គឺជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​និង​ជា​រឿង​ផ្លូវ​ង​ងឺ​ត​ដែល​តែង​ជួយ​ថែរក្សា​ពួកគេ​មុន​ធ្វើ​អ្វីមួយ​សំខាន់​ក្នុង​ជីវិត​។​

​យុវជន​សុទ្ធា​ដែល​កំពុងធ្វើការ​បន់ស្រន់​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យដឹងថា ការ​បន់ស្រន់​នេះ​វា​ជា​ជំនឿ​ដែល​ពួកខ្លួន​ជឿ​តាម​មនុស្ស​ជំនាន់​មុន ប៉ុន្តែ​យ៉ាងណា​ការ​បន់ស្រន់​វា​ក៏​ផ្គួប​ផ្សំ​ជាមួយ​ការខិតខំ​រៀនសូត្រ​ផងដែរ​។​

​យុវជន​វ័យ ១៩​ឆ្នាំ​រូបនេះ​បាន​ប្រាប់ថា “​តាម​ប្រពៃណី​ខ្មែរ​យើង​នៅពេល​ធ្វើ​អ្វីមួយ​សំខាន់​ក្នុង​ជីវិត គឺ​គេ​តែង​សុំ​ខាង​ផ្លូវ​ង​ងឹ​ង​ជួយ​អញ្ចឹង​ហើយ​។ ខ្ញុំ​ឃើញ​រាមច្បង​ប្រឡង​កាលពី​ឆ្នាំមុនៗ ធ្វើបែបនេះ​ដែរ ទទួលជោគជ័យ​គ្នាច្រើន ក៏​ចេះតែ​ធ្វើតាមៗ​គ្នា​ទៅ​។ បើ​យើង​មិន​ជឿ​ក៏​វា​មិនកើត​ដែរ​ពីព្រោះថា ខ្មែរ​យើង​ជឿ​លើ​ព្រះពុទ្ធសាសនា​”​។​

​ប្រាប់​ដូចគ្នានេះ​យុវតី សុ​បញ្ញា​បានឱ្យដឹងថា កញ្ញា​បានឃើញ​គេ​បន់ស្រន់​បែបនេះ​ក៏បាន​ធ្វើតាម​មិត្តភក្តិ​ផងដែរ​។​តាមពិត​កញ្ញា​ក៏​ជឿ​ខ្លះ​មិន​ជឿ​ខ្លះ ប៉ុន្តែ​យ៉ាងណា ដល់​ថ្ងៃ​សំខាន់​បែបនេះ​បើ​មិន​ជឿ​ក៏​ត្រូវតែ​ជឿ​ដែរ​។​

​យុវតី​រូបនេះ​បន្ថែមថា “​ខ្ញុំ​គិតថា​យើង​គួរតែ​ជឿ​ខ្លះ​ពីព្រោះថា​ខាង​ផ្លូវ​ង​ងឹ​ង ដូនតា​យើង​ក៏បាន​ជឿជាក់​យូរយា​មកហើយ​។​យើង​ប្រតិបត្តិ​តាម​បន្ត​គ្នា​ដើម្បី​សុំ​សេចក្តីសុខ និង​ទទួលជោគជ័យ​។​ខ្ញុំ​បន់ស្រន់​នេះ​ដើម្បី​សុំឱ្យ​ថ្ងៃ​ប្រឡង​សុខ​សប្បាយ​និង​ឱ្យ​ប្រឡង​ជាប់​អាច​បន្ត​ថ្នាក់​មហាវិទ្យាល័យ​ទៀត​ដើម្បី​ងាយ​រក​ការងារ​ធ្វើ​។​

​គួរបញ្ជាក់​ថា​នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការបិទបញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ លេខ​បន្ទប់ នៅតាម​គ្រប់​មណ្ឌល​ប្រឡង ទូទាំង​២៥​រាជធានី​-​ខេត្ត ដើម្បី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​សម័យ​ប្រឡង​នៅ​ថ្ងៃទី​១៩- ខែសីហា ឆ្នាំ​២០១៩​ស្អែក​នេះ​៕

#