បេក្ខជន​ប្រធានាធិបតី​ទុយ​នេ​ស៊ី​ដែល​គេ​ចាប់​ដាក់គុក លោក ណា​ប៊ី​ក កា​រ៉​យ ចាក​ចេញពី​ពន្ធនាគារ​

140
ចែករម្លែក

​បេក្ខជន​ប្រធានាធិបតី​និង​ជា​សេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក ណា​ប៊ី​ល កា​រ៉​យ (Nabil Karoui) បាន​ចាក​ចេញពី​ពន្ធនាគារ​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​៩​តុលា កន្លែង​ដែល​គាត់​ត្រូវបាន​ចាប់​ដាក់គុក​ចាប់តាំងពី​ខែសីហា​គឺ​បួន​ថ្ងៃមុន​ការបោះឆ្នោត​ប្រធានាធិបតី​ទុយ​នី​ស៊ី​និង​លទ្ធផល​ផ្លូវការ​នៅក្នុង​ការបោះឆ្នោត​សភា​បានដាក់​គណបក្ស​របស់​គាត់​ដែល​ទើប​បង្កើត​ថ្មី​នៅ​ចំណាត់ថ្នាក់​ទី​ពីរ​។​

​ការដោះលែង​លោក​កា​រ៉​យ​គឺជា​ឆុត​ឆាកនយោបាយ​ចុងក្រោយបង្អស់​នៅក្នុង​រដូវ​បោះឆ្នោត​ដ៏​ច្របូកច្របល់​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយ​នេះ ដែល​ព្យាយាម​ធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យ​រីកលូតលាស់​។ នៅពេល​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រូវបាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ពុធ​គឺ​បី​ថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត វា​ច្បាស់​ណាស់​ថា​នយោបាយ​ទុយ​នី​ស៊ី​នឹង​ត្រូវគេ​ល្បង​សាកមើល​។​

​គណបក្ស Qalb Tounes ឬ​បក្ស​បេះដូង​ទុយ​នី​ស៊ី​ទំនងជា​មានជោគ​វាសនា​ប្រឈមមុខ​នៅក្នុង​សភា​ជាមួយ​សត្រូវ​នយោបាយរ​បស់​ខ្លួន​គឺ​គណបក្ស​អភិរក្ស​អ៊ីស្លាម​និយម​ឈ្មោះ Ennahdha​។​

​គណៈកម្មាធិការ​បោះឆ្នោត​បានប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា​គណបក្ស​អ៊ីស្លាម​និយម​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ​ដោយ​ទទួលបាន ៥២ អាសនៈ​ខណៈដែល​គណបក្ស​បេះដូង​ទុយ​នី​ស៊ី​ទទួលបាន ៣៨ អាសនៈ​។​

​គណបក្ស Ennahdha នឹងត្រូវ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។ ប៉ុន្តែ​ជាមួយ​អាសនៈ​ចំនួន ២១៧ នៅក្នុង​សភា​តំណាង គណបក្ស​ទាំងពីរ​គឺ​នៅ​ឆ្ងាយ​ពី​សំឡេង​ភាគច្រើន​ខ្លាំងណាស់​។ នោះបាន​ដាក់​ប្រទេស​នេះ​នៅលើ​មាគ៌ា​នយោបាយ​ប្រេះឆា​។ ទុយ​នី​ស៊ី​បានចាប់ផ្តើម​បដិវត្តន៍​ផ្កាម្លិះ​មុនគេ​ក្នុង​ឆ្នាំ ២០១១​។​

​ការចាប់​ដាក់គុក​និង​ការដោះលែង​លោក​កា​រ៉​យ​អាយុ ៥៦ ឆ្នាំ​ចុងក្រោយ​បំផុត​នេះ​បានបង្ហាញ​ពី​រដូវ​កាល​បោះឆ្នោត​ដ៏​ចម្លែក​របស់​ទុយ​នី​ស៊ី ដែល​ឃើញ​បេក្ខជន​ឈានមុខ​គេ​ពីររូប​បាន​ឈានដល់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ហើយ​មាន​គណបក្ស​ជាង ២០០ ប្រជែង​គ្នា​នៅក្នុង​ការបោះឆ្នោត​នៅ​ចន្លោះ​ការបោះឆ្នោត​ប្រធានាធិបតី​ចំនួន​ពីរ​ជុំ​។​

​លោក​ខា​អ៊ី​ស សា​អ៊ី​ដ (Kais Saied) អាយុ ៦១ ឆ្នាំ​ជា​សាស្ត្រាចារ្យ​ច្បាប់​ម្នាក់ ដែល​ប្រជែង​ជាមួយ​លោក​កា​រ៉​យ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នោះ គឺ​គ្មាន​គណបក្ស​ទាល់តែសោះ​។​

​បងប្រុស​របស់លោក​កា​រ៉​យ គឺ​លោក ហ្គា​ហ្ស៊ី កា​រ៉​យ (Ghazi Karoui) ដែល​ត្រូវ​អាជ្ញាធរ​យុត្តិធម៌​តាម​ចាប់ខ្លួន​ប៉ុន្តែ​បាន​រត់គេចខ្លួន​នោះ ឈ្នះ​អាសនៈ​សភា​នៅ​តំបន់ Bizerte ។​

​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃអាទិត្យ​គឺមាន​កំរិត​ទាប​ជាង​ការបោះឆ្នោត​កន្លងទៅ​។ អង្គនីតិបញ្ញត្តិ​គឺ​មើល​ការខុសត្រូវ​លើ​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​ដែលមាន​សារៈសំខាន់​បំផុត ខណៈ​ទុយ​នី​ស៊ី​កំពុង​តស៊ូ​ប្រឆាំងនឹង​ភាព​អត់​ការងារ​ធ្វើ​និង​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ ចំពេល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​អ៊ីស្លាម​ជ្រុលនិយម​និង​ការគំរាមកំហែង​នៃ​ការវាយប្រហារ​ភេរវកម្ម​៕ ដោយ៖ កញ្ញាដាលីស

បេក្ខជន​ប្រធានាធិបតី​និង​ជា​សេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក ណា​ប៊ី​ល កា​រ៉​យ ចេញពី​គុក​កាលពី​ថ្ងៃ​ពុធ