បេក្ខជន​ប្រឡង​ជាង​៦០០​នាក់​នៅ​កោះកុង កំពុង​ផ្តោត​ការយកចិត្ត​ដាក់​លើ​វគ្គ​សិក្សា​បំប៉នបន្ថែម

1077
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: យុវ​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប ឆ្នាំ​២០១៨ ប្រមាណ​ជា​៦០០​នាក់ នៅ​ទូទាំង​ខេត្តកោះកុង កំពុង​ផ្តោត​ការយកចិត្ត​ដាក់​យ៉ាងខ្លាំង ទៅលើ​មុខវិជ្ជា​សិក្សា​បំប៉នបន្ថែម​នីមួយៗ ខណៈ​ការប្រឡង​នៅសល់តែ​២៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៣​កក្កដា​នេះ​ថា វគ្គ​សិក្សា​បំប៉ន ដែលមាន​រយៈពេល​១២​សប្តាហ៍ មុន​ថ្ងៃ​ប្រឡង​មកដល់ ធ្វើ​ង​ឡើង​ក្នុង​គោលបំណង​ចម្បង ដើម្បី​ពង្រឹង​ចំណេះដឹង​សមត្ថភាព​ដល់​យុវ​សិស្ស​ឱ្យ​កាន់​មាន​ភាគរយ​ជាប់​ច្រើន​។

​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ កម្មវិធី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ចូល​មកដល់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​កោះកុង បាន​ដាក់ឱ្យ​ដំណើរការ​នូវ​កម្មវិធីសិក្សា​បំប៉នបន្ថែម​លើ​មុខវិជ្ជា​សំខាន់ៗ​ដល់​សិស្សានុសិស្ស​កម្រិត​មធ្យម​សិក្សា​ថ្នាក់​ទី​១២ ដោយ​វគ្គ​បណ្តុះបណ្តាល​នេះ ប្រព្រឹត្តទៅ​រយៈពេល​១២​សប្តាហ៍ មុន​ថ្ងៃ​ប្រឡង ខែសីហា ឆ្នាំ​២០១៨​។​

​លោក សៀង កក្កដា ប្រធាន​លេខាធិការដ្ឋាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​ខេត្តកោះកុង ឱ្យដឹង​នៅ​ថា វគ្គ​បំប៉ន​ចំណេះដឹង​សិក្សា​បន្ថែម​ដល់​យុវ​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប​ជាង​៦០០​នាក់ នៅ​ឆ្នាំ​២០១៨​នេះ ផ្តោតលើ​មុខវិជ្ជា​សិក្សា​ចំនួន​៥ រួមមាន​៖ គណិតវិទ្យា ភាសា​ខ្មែរ គីមីវិទ្យា រូបវិទ្យា និង​ជីវៈវិទ្យា​។

​បើតាម លោក សៀង កក្កដា កាលដែល​សហភាព​សហ​ព័ន្ធ​យុវជន​ខេត្ត ក្រុមយុវជន​១៦៧ និង​ក្រុមយុវជន ក​១២ បង្កើតឱ្យមាន​វគ្គ​សិក្សា​បំប៉ន​ខ្លី​នេះ​ឡើង គឺ​ក្នុង​គោលបំនង​ដើម្បី​បង្កើន​នូវ​ចំណេះដឹង​សមត្ថភាព​ពិតប្រាកដ​ដល់​យុវជន​ត្រៀមប្រឡង​។ ដោយ​លោក​រំពឹងថា ពួកគេ​មាន​ភាគរយ​ជាប់​ជ័យលាភី​ភាគរយ​ច្រើនជាង​បណ្តា​ឆ្នាំ​កន្លងទៅ ចំណែកឯ​ម៉ោង​សិក្សា​វិញ ពុំ​ពាក់ព័ន្ធ​ម៉ោង​សិក្សា​រដ្ឋ​ទេ គឺ​បែង​ចែកជា​២​វេន​ថ្ងៃ​ចុង​សប្តាហ៍ ព្រឹក និង​រសៀល មិន​គិតថ្លៃ​សិក្សា​រៀនសូត្រ​ឡើយ​។​

​សម្រាប់​លោកគ្រូ​សាស្ត្រ​ចា​រ្យ សឹម សុខ​ហេង បង្កាត់​បង្រៀន​រូបវិទ្យា នៅ​វិទ្យាល័យ​កោះកុង លើកឡើងថា មិន​ខុសពី​ឆ្នាំមុនៗ​ទេ សិស្ស​ដែលជា​បេក្ខជន​ប្រឡង​ម្នាក់ៗ​ផ្តោតលើ​ការរៀនសូត្រ​ច្រើន ព្រោះ​ឆ្នាំនេះ​ជា​ប្រឡង​របស់​ពួកគេ​។ ចំពោះ​ការបង្ហាត់បង្រៀន​វគ្គ​បំ​ប៉ន ពួកគាត់​លើកយក​នូវ​ខ្លឹម​មេរៀន​ណា​ដែល​សំខាន់ៗ​មក​ពន្យល់ និង​ដាក់​អនុវត្ត​ដោះស្រាយ​នៅក្នុង​ថ្នាក់រៀន​ផ្ទាល់​តែម្តង​។​

​ពាក់ព័ន្ធ​វគ្គ​បំប៉ន​ជាង​៣​ឆ្នាំ​មកនេះ ត្រូវបាន​លោក សុខ​ហេង វាយតម្លៃថា ចំនួន​សិស្ស​ត្រៀមប្រឡង​មាន​ភាគរយ​ជាប់​ច្រើន បូករួម​នឹង​ការខិតខំ​រៀនសូត្រ​រប​ស់​ពួកគេ​ចាប់តាំងពី​ដើមឆ្នាំ​មក​។ រាល់​មុខវិជ្ជា​សំខាន់ គឺ​លោក ក៏ដូចជា សាស្ត្រាចារ្យ​ដ៏​ទៃ​សង្ខេប​ជា​មេរៀន​រូបមន្ត ព្រមទាំង​គន្លឹះ​ងាយៗ​យក​ពិន្ទុ​អោយ​សិស្ស​ដោះស្រាយ​លំ​ហាត់​។​

​ក្រៅពី​ការអះអាង​របស់​ក្រុម​លោកគ្រូ​សាស្ត្រាចារ្យ យុវជន ជ័យ ឌឿ និង​យុវតី ម៉ាន់ មួយ​ជា​បេក្ខជន​ត្រៀមប្រឡង​ឆ្នាំ​២០១៨​នេះ បាន​ចាត់ទុកថា វគ្គ​បំប៉ន​សិក្សាអប់រំ​បន្ថែម​មិន​គិតថ្លៃ​នេះ ពិតជា​បាន​ផ្តល់នូវ​គុណ​តម្លៃ​ច្រើន​ពួកគេ​ម្នាក់ៗ មុន​ឈានទៅ​បន្ត​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ខណៈ​ក្រសួង​អប់រំ​បន្ត​រឹតបន្តឹង​ការប្រឡង​ដូច​ឆ្នាំមុនៗ​។ ហើយ​ពួកគេ​ប្តេជ្ញាចិត្ត​ដែរ​ថា កិច្ចខិតខំ​សិក្សា​តាំងពី​ដើមឆ្នាំ​រហូតដល់​ពេល​ជិត​ប្រឡង​នេះ នឹង​ប្រឡង​ជាប់​ជ័យលាភី​។​

​កម្មវិធី​វគ្គ​បំប៉ន​ការសិក្សា​ខ្លី​ដល់​បេក្ខជន​ត្រៀមប្រឡង​បាក់​ឌុប ផ្តើម​អនុ​វ្ត​កាលពី​ថ្ងៃទី​២៧ ខែឧសភា នៅតាម​វិទ្យាល័យ​ក្រុង​ស្រុក​ចំនួន​៥​នៅក្នុង​ខេត្តកោះកុង ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨​ខាងមុខ​។ ថវិកា​ដែល​បម្រើ​ដល់​ការងារ​រៀបចំ​កម្មវិធី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ ក្រសួង​អប់រំ យុវជន និង​កីឡា ត្រៀម​ចាយវាយ​ជិត​៥​លាន​ដុល្លារ​។​

​ទោះបីជា កម្ពុ​ជាមាន​រវល់​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ ខែកក្កដា ក៏ដោយ ក៏​ក្រសួង​អប់រំ នៅតែ រឹតបន្តឹង​ដំណើរការ​ប្រឡង​មធ្យមសិក្សា​ទុ​តិ្ត​យ​ភូមិន្ទ​ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ​។​

​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែសីហា ដោយមាន​បេក្ខជន​ប្រឡង​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​សរុប​ចំនួន ១១៧,០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥​។ រីឯ​ការប្រកាស​លទ្ធផល ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល បន្ទាប់មក​នៅ​ទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​ខេត្ត​៕