បេក្ខជន​៥​រូប​សុំ​អន្តរាគមន៍​ទៅ​សម្តេច​តេ​ជោ​ចំពោះ​លទ្ធផល​នៃ​ការប្រឡង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០

209
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​បេក្ខជន​បេ​ក្ខ​នារី​ចំនួន​៥​រូប​បានដាក់​ពាក្យសុំ​អន្តរាគមន៍​ទៅ​សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​កម្មវត្ថុ​“​ស្នើសុំ​សម្តេច​តេ​ជោ​ហ៊ុនសែន​មេត្តា​អន្តរាគមន៍​ទៅ​គណៈកម្មការ​នាយក​រៀប​ចំការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០” ។

​អ្នកដាក់ពាក្យ​អន្តរាគមន៍​ទាំង​៥​រូប ថ្លែងថា ក្នុង​គោលបំណង​នៃ​ការសុំ​អន្តរាគមន៍​ទៅ​សម្តេច​តេ​ជោ ហ៊ុនសែន​គឺ​ដើម្បី​ជំរុញឱ្យមាន​តម្លាភាព​លើ​លទ្ធផល​នៃ​ការប្រឡង​លើ​វិញ្ញាសារ​សរសេរ​និង​វិញ្ញាសារ​ផ្ទាល់មាត់​។​ពាក្យ​អន្តរាគមន៍​នេះ​ធ្វើឡើង​ក្រោយ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បំភ្លឺ​រួចហើយ​ដែរ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ថ្មីៗ​នេះ ។​

​លោក គង់ ប៊ុន​រិ​ទ្ធ បេក្ខជន​មួយរូប​ក្នុងចំណោម​៥​រូប​ដែល​ដាក់​ពាក្យសុំ​អន្តរាគមន៍​នេះ​ថ្លែង​នៅ​ថ្ងៃទី​៣ ខែមករា នេះ ថា ពាក្យសុំ​អន្តរាគមន៍​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន គឺ បានដាក់​រួចរាល់​ហើយ កាលពី​រសៀល​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​នេះ​។​លោក​គង់​ប៊ុន​រិ​ទ្ធ​អះអាងថា​តាមរយៈ​ជំនួប​ទាំង​២​លើក​កន្លងមកនេះ​ការស្នើសុំ​របស់​ពួកគាត់​ពុំបាន​ទទួល​ការឆ្លើយតប​ជា​វិជ្ជមាន​ណាមួយ​ពី​គណៈកម្មការ​នាយក​ដែល​បង្ហាញឱ្យឃើញ​ពី​តម្លាភាព​ចំពោះ​លទ្ធផល​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​ទេ​។

​ការស្នើសុំ​របស់​របស់​ពួកគាត់​ពុំមាន​គោលបំណង​អ្វី​ក្រៅពី​ចង់ឱ្យមាន​ការជ្រើសរើស​ធនធានមនុស្ស​មា​នស​ម​ត្ថ​ភាព​ពិតប្រាកដ​មក​បម្រើការ​ងា​រលើ​វិស័យ​យុត្តិធម៌​ជូន​ជាតិ​មាតុភូមិ​របស់​យើង ។ ចំពោះ​ការឆ្លើយតប​របស់​គណៈ​កម្ម​ការ​នាយក​គឺ​មិន​ស្របតាម​ការស្នើសុំ​របស់​ពួកគាត់​អំពី​ការបង្ហាញ តម្លាភាព​នៃ​ការប្រឡង​ដែល​ការអនុវត្ត​បែបនេះ​ពោលគឺ​កំពុងតែ​ដើរ​ផ្ទុយទៅនឹង​គោលនយោបាយ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ បង្ហាញថា​ដើម្បី​បង្ហាញ​នូវ​តម្លាភាព​ភាពត្រឹមត្រូវ​និង​ជំនឿ​ទុកចិត្ត​ក្នុងការ​អនុវត្ត​គោលការណ៍​សម្រាប់​ដំណាក់កាល​នីមួយៗ​នៃ​ការប្រឡង​គឺមាន​ការចូលរួម​សង្កេតការណ៍​យ៉ាង​ពេញលេញ​និង​ដោយ​សកម្ម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​សូម​វាយតម្លៃ​ខ្ពស់​សម្រាប់​ការខិតខំ​ប្រឹងប្រែង​រប​ស់​បេក្ខជន​ទាំងអស់​ដែល​បាន​ចូលរួម​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​និង​សូម​លើកទឹកចិត្ត​ចំពោះ​បេក្ខជន​ដែល​មិន​បានទទួល​ជ័យលាភី​លើ​ការប្រឡងប្រជែង​លើក​នេះ អោយ​បន្ត​ខិតខំ​ប្រឹងប្រែង​ចូលរួម​ប្រឡងប្រជែង នាឱកាស​សម័យ​ប្រឡង​ក្រោយៗ​ទៀត ៕S/​