បេក្ខភាព​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​ខេត្ត សន្យា​ជំរុញ​ឱ្យ​ភាព​អភិវឌ្ឍន៍​កាន់តែច្រើន​នៅ​កោះកុង​

635
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: បេក្ខភាព​ឈរឈ្មោះ​ជា​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ខេមរភូមិន្ទ និង​ខេត្តកោះកុង បាន​ប្តេជ្ញាចិត្ត​រក្សា​ជំហរ​របស់ខ្លួន ធ្វើយ៉ាងណា​ជំរុញ​ដល់​កិច្ច​អ​ភី​វឌ្ឍន៍​អោយ​កាន់តែ​សំបូរបែប​តាម សេចក្តី​តម្រូវការ​រប​ស់​ពលរដ្ឋ​នៅ​អាណត្តិ​ទី​៣ ក្រោយ​ជាប់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុង​នាពេល ខាងមុខ​។​

​លោក កាយ សំ​រួម បេក្ខជន​ឈរឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកោះកុង និង​លោក កុក សំអាន បេក្ខជន​ឈរឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ខេមរភូមិន្ទ បានបង្ហាញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​កាលពី​១៨ ខែឧសភា​ថា នៅពេលដែល​ពួកគាត់​បន្ត​ជាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុង យក​អស់​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​ពិនិត្យ និង​ជំរុញ​ឱ្យ​ការកែលម្អ​រាល់​កិច្ច​អនុវត្ត​របស់​គណៈ​អភិបាលក្រុង និង​ខេត្ត អោយបាន​ស៊ីជម្រៅ ស្របពេល​ទៅនឹង​អ្វីដែល​ប្រជាពលរដ្ឋ​មាន​តម្រូវ​ការចង់បាន​ពិតប្រាកដ​។​

​បេក្ខជន​ភាព​ទាំង​ពីររូប ដែល​ឈរឈ្មោះ​អោយ​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា បោះឆ្នោតអោយ បាន​វាយតម្លៃ​ពី​លទ្ធផល​ការងារ​ដែល​អភិបាលក្រុង និង​អភិបាលខេត្ត អនុវត្ត​កន្លងទៅ​កាលពី​អាណត្តិ​ទី​២ គឺមាន​ភាពល្អប្រសើរ ត្បិត​មាន​ចំណុច​ខ្លះ​ខាត​ត្រូវការ​បំពេញបន្ថែម​ក៏ដោយ ក៏​ពលរដ្ឋ​រីករាយ​នឹង​ទទួលយក​។ មិនថាតែ សុខ​សុវត្ថិភាព​រស់នៅ សង្គមកិច្ច​គាំពារ​ស្ត្រី​កុមារ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ក​កើតជា​បន្តបន្ទាប់​។​

​លោក កាយ សំ​រួម និង​លោក កុក សំអាន នៅ​អាណត្តិ​ទី​៣​នេះ ក្រុមប្រឹក្សា​ស្រុក ក្រុង និង​ខេត្ត ចាំបាច់​ត្រូវតែ​សកម្ម​រឿង​តាមដាន​ដំណើរការ​អនុវត្ត​រប​ស់​អភិបាល​នីមួយៗ ដើម្បី​ត្រួតពិនិត្យ គាំទ្រ និង​វាយតម្លៃ​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​ស្របទៅនឹង​ការផ្ទេរ​ធនធាន អំណាច និង​ថវិកា មកអោយ​ថ្នាក់ក្រោម​ជាតិ​។​
​ចំណែកឯ លោក លឹម ឌី ចៅសង្កាត់​ដងទង់ លោក កាយ ក្រុង ចៅសង្កាត់​ស្ទឹង​វែង និង​លោក អ៊ឹង អុន សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ស្ទឹង​វែង ពេញចិត្ត​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​បេក្ខជន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុង ពី​កិច្ច​ពង្រីក​ការអភិវឌ្ឍន៍​ខេត្តកោះកុង​អោយ​រីកចម្រើន​ទៅមុខ​។ ក្រោយ​ជាប់ឆ្នោត​អាណត្តិ​ទី​៣​នៃ​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុង​។​

​ទៀតសោត​អាជ្ញាធរ​ចៅសង្កាត់​ទាំង​៣​ខាងលើ សុទ្ធតែ​ចង់បាន​ការអភិវឌ្ឍន៍​លើ​វិស័យ​អទិភាព​ចម្បង​ដែល​ពួកគាត់ ក៏ដូចជា​ប្រជាពលរដ្ឋ​ចង់បាន តាមរយៈ​បង្ហាញ​ភាព​ចិត្ត​ទុក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក ក្រុង និង​ខេត្ត​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ​។​
​បច្ចុប្បន្ន​ពី​ភាព​រីកចម្រើន បូករួម​ទាំង​កំណើន​ពលរដ្ឋ​កើនឡើង​ពី​១​ឆ្នាំទៅ​១​ឆ្នាំ តម្រូវ​ការចង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ពុំទាន់​បំពេញ​ជូន​ពលរដ្ឋ​ល្អប្រសើរ​នៅឡើយ​ទេ​។ ពីព្រោះ​ផ្លូវ​បេតុង បណ្តាញ​ភ្លើងអគ្គិសនី ទឹកស្អាត និង​ប្រព័ន្ធ​ប្រឡាយ​លូ ជាដើម ជា​កត្តាចាំបាច់​សម្រាប់​ការ​រ​ស់​នៅ និង​ប្រកប អាជីវកម្ម ខណៈ​មូលដ្ឋាន​ពួកគាត់​នៅ​ជាយក្រុង ជួប​ការខ្វះខាត​អស់​ពេល​ច្រើន​ឆ្នាំ​មកហើយ​។​

​លោក សេង ណេង ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ខេត្តកោះកុង ឱ្យដឹងថា ខេត្តកោះកុង មាន​គណបក្សនយោបាយ​ដែល​ឈរឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា​ខេត្ត ក្រុង និង​ស្រុក មាន​ចំនួន​៣ ដោយ​ទី​១ គឺ​៖ គណបក្ស​ប្រជាជន​កម្ពុជា ទី​២ គណបក្ស​យុវជន​កម្ពុជា និង​ទី​៣ គឺ​គណបក្ស​សញ្ជាតិ​ខ្មែរ​។ ចំពោះ​អង្គ​បោះឆ្នោត​វិញ មាន​ចំនួន​១៦៧​នាក់ បេក្ខភាព​ឈរឈ្មោះ​ខេត្ត ក្រុង និង​ស្រុក​ចំនួន​១០៦​នាក់ អាសនៈ​ចំនួន ១៩ មណ្ឌលបោះឆ្នោត​មាន​៨ និង​ការិយាល័យ​បោះឆ្នោត​ចំនួន​៧៕ ល​