បេក្ខសមណ​សិស្ស​-​សិស្ស ជាង​៦០០​អង្គ​/​នាក់ ប្រឡង​យក​អាហារូបករណ៍​ព្រះសីហនុ​រាជ​

1742
ចែករម្លែក
ពិធី​កាត់​វិញ្ញាសា​ប្រឡង​ចូលរៀន​នៅ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ​ភ្នំពេញ ( កាត់​វិញ្ញាសា​) (​រូបៈ មេសា​)

​ដោយ​៖ មេសា / ភ្នំពេញ​៖ បេក្ខសមណ​សិស្ស​-​សិស្ស ជាង​៦០០​អង្គ និង នាក់ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨​នេះ បាន​ចូលរួម ប្រឡង​យក​អាហារូបករណ៍ ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន ២០១៨-២០១៩ នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ក្នុងនោះ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជរាជ​ធានី​ភ្នំពេញ មាន​ចំនួន​២០១​អង្គ និង នាក់​, ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​ប្រចាំខេត្ត​កំពង់ឆ្នាំង មាន​ចំនួន​២៥៤​អង្គ និង នាក់​, ពុទ្ធិក​សាកល​វិទ្យា​ល័​ព្រះសីហនុ​រាជ ប្រចាំខេត្ត​បាត់ដំបង មាន​ចំនួន ១៣៣ អង្គ និង នាក់​។ នេះ​គឺជា​ការប្រឡង​យក អាហារូបករណ៍​១០០ ភារ​យ រយៈពេល​៤​ឆ្នាំ ៤៥០​កន្លែង ។​

​ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ​បណ្ឌិត ឃី សុវណ្ណ​រតនា ព្រះ​សាកលវិទ្យាធិការរង​ទទួលបន្ទុក​ដឹកនាំ គ្រប់គ្រង​ពុ​ទ្ឋិ​ក​សាកលវិទ្យាល័យ ព្រះសីហនុ​រាជ មាន​ព្រះ​ថេរ​ដីកា​ថា ការប្រឡង​ពេលនេះ គឺជា​ការវិនិច្ឆ័យ មួយ​ប្រកបដោយ​យុត្តិធម៌ ចំពោះ​ការសិក្សា និង​ជា​រង្វាស់​កម្រិត​ចំណេះដឹង របស់​បេក្ខសមណ​សិស្ស​-​សិស្ស​គ្រប់រូប ។ ហេតុនេះ បេក្ខសមណ​សិស្ស​-​សិស្ស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ឲ្យ​អស់ពី​ចិត្ត និង​ស្មោះត្រង់​បំផុត ដើម្បី​ឲ្យ​ការប្រឡង​នេះ ប្រព្រឹត្តទៅ ដោយ​ជោគជ័យ និង​កិត្តិយស​ថ្លៃថ្នូរ​។​

លោក ផ្លោក ផន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​តំណាង​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​លើកឡើងថា ការរៀបចំ​ឲ្យ​មានការ​ប្រឡង​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា សមណ​សិស្ស​-​សិស្ស​ពិតជា​មាន​សមត្ថ​ភាព​គ្រប់គ្រាន់ ក្នុង​ការចូល​សិក្សា​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ដោយមាន​ទំនុកចិត្ត និង​ចំណេះដឹង​យ៉ាងពិត​ប្រាកដ ហើយ​លោក រំពឹងថា ពុទ្ធិក​សាកលវិទ្យាល័យ ដ៏​មាន​វ័យ​ចំណាស់​មួយ​នេះ នឹង​បណ្តុះបណ្តាល សមណ​សិស្ស​-​សិស្ស​គ្រប់រូប ឲ្យ​មានចំណេះដឹង​ខ្ពង់ខ្ពស់ និង​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី ដើម្បី​ចូលរួម​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​ទៅមុខ​បន្ថែមទៀត​។​

​ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ​បណ្ឌិត ឃី សុវណ្ណ​រតនា បាន​បន្ថែមថា ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ នឹង​បង្កើត​ឲ្យ​មាន​ថ្នាក់បណ្ឌិត បន្ថែមទៀត ដើម្បី​ឲ្យ​មាន​ជម្រើស​ច្រើន​ដល់ សមណ​សិស្ស​-​សិស្ស ក្នុងការ​ពង្រឹង និង​ពង្រីក​ចំណេះដឹង ទាំង​ផ្លូវ​ព្រះធម៌ និង​ផ្លូវ​វិទ្យាសាស្ត្រ​។​

​គួរ​បញ្ជាក់ថា ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះស្ថាន​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា ដែលមាន​វ័យ​ចំណាស់ និង មាន​កិត្តិនាម​ជាងគេ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ការបណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​ក្លាយជា​បញ្ញវន្ត​ជាច្រើនរូប ប្រកបដោយ​ពុទ្ធិ គុណធម៌ សីលធម៌ និង​ចរិយា​ធម៌ ហើយ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ទីនោះ មាន​គ្រហស្ថ​ប្រុស​ស្រី​ផងដែរ ។ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បាន​នឹង​កំពុងតែ​បណ្តុះបណ្តាល​សមណ​និស្សិត និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ប្រកប ដោយ​ជោគជ័យ​លើ​ឯកទេស​ចំនួន​៩ បាន​១៤​ជំនាន់ ហើយ​កំពុង​គ្រោង​នឹង​បើក​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជាច្រើន​ជំនាន់​និង​ជាច្រើន​ឯកទេស​បន្ថែមទៀត​៕L

ក្ខសមណៈ និង បេក្ខជន បេ​ក្ខ​នារី ជុំគ្នា​ស្តាប់​ឱវាទ និង វិន័យ​មុនពេល​ចូល​ប្រឡង (​បេក្ខសមណៈ​) (​រូបៈ មេសា​)