បេតិកភណ្ឌ​អរូបី​: រកត្រី​ត្រៀម​ឡើង​មាឃ ជា​ទំនៀម​បុរាណ​របស់​អ្នកស្រុក​អង្គរ​!

367

(​ភ្នំពេញ)៖​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​តំបន់​បេតិកភណ្ឌ​រស់​ដែល​សម្បូរ​ទៅដោយ​មរតក​អរូបី​ជាច្រើន​ហើយ​ត្រូវបាន​អ្នកស្រុក​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ ពិធីបុណ្យ​ឡើង​មាឃ​ឬ​បុណ្យ​ឡើងអ្នកតា​ក៏​ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ក្នុងចំណោម​បេតិកភណ្ឌ​អរូបី​ជាច្រើន​ប្រតិបត្តិ​ដោយ​អ្នកស្រុក​អង្គរ​។​

​ជា​រៀងរាល់ឆ្នាំ រាប់រយឆ្នាំ រាប់​ជំនាន់​មនុស្ស​មកហើយ ឱ្យតែ​ដល់​ខែមាឃ (​ពិសេស​៣​កើត​ខែមាឃ​ឬ​កំឡុងពេល​ណាមួយ​ក្នុង​ខែមាឃ​) អ្នកស្រុក​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​មិនដែល​ខកខាន​និង​តែងតែ​នាំគ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​ជា​លក្ខណៈ​សហគមន៍​ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃ​តាម​ទំនៀមទម្លាប់​ពី​បុរាណ​។​

​ការចាប់​ត្រី​រួម​ធ្វើឡើង​នៅ​ត្រពាំង​បឹង​ដែលជា​ត្រពាំង​បុរាណ មានទឹក​ខួបប្រាំងខួបវស្សា អ្នកស្រុក​បាន​អភិរក្ស​ទុក​ការពារ​មិន​អនុញ្ញាតឱ្យ​នរណាម្នាក់​ចូលមក​នេសាទ​ផ្តេសផ្តាស់​ខុសពី​ខែមាឃ​នេះឡើយ លុះត្រាតែ​មានការ​ណាត់គ្នា​ពី​មេភូមិ​ជាមុន ហើយ​កំណត់​ថ្ងៃ​នេសាទ​រួម ទើប​អ្នកស្រុក​អាច​ទៅរក​ចាប់បាន​។​

​លោក​មេភូមិ​បង្កោង​មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ខែមាឃ​មកដល់ គាត់​តែងតែ​ប្រកូក​ប្រកាស និង​កំណត់​ពេលវេលា​សមស្រប​ណាមួយ​ដល់​អ្នកស្រុក​ក្នុងភូមិ ដើម្បីឱ្យ​ពួកគាត់​នាំគ្នា​ទៅ​ចាប់​ត្រី​ទាំងអស់គ្នា​ហើយ​ត្រី​ដែល​ចាប់បាន​នោះ​សម្រាប់ធ្វើ​ទឹក​នំ​បញ្ចុក​និង​ធ្វើ​ម្ហូបអាហារ​រួម សម្រាប់​ពិធី​ឡើង​មាឃ ឬ​បុណ្យ​ឡើងអ្នកតា​នៅក្នុង​ខែ​នេះ​តាម​ទំនៀម​បុរាណ​។ ទោះបី​ពិធី​នេះ​មិនបាន​ប្រារព្ធ​ក្នុង​ថ្ងៃ​ណាមួយ​ច្បាស់លាស់ តែ​មិនឱ្យ​ហួស​ពី​ខែមាឃ​នេះឡើយ​។​

​លោក​មេភូមិ​បញ្ជាក់ថា ក្នុងការ​នេសាទ​ត្រី គឺ​យើង​ប្រកូក​ប្រកាស​ឱ្យ​អ្នកស្រុក​មក​ជុំគ្នា ហើយក៏​ចាប់ផ្តើម​ដុត​កាំជ្រួច​ទើប​អ្នកស្រុក​អាច​ចុះ​រកបាន​។​ភាគច្រើន​តែង​ចាប់ផ្តើម​ពី​ព្រឹកព្រាងៗ​ប្រហែល​ម៉ោង​ជិត​៥​ភ្លឺ តែដោយសារ​ឆ្នាំនេះ​រងា​ពេក ទើប​យើង​ចាប់ផ្តើមរ​កនៅ​ម៉ោង​៦​ព្រឹក​។ ត្រពាំង​បឹង​នេះ​ត្រូវបាន​ថែរក្សា ការពារ​បាន​យ៉ាង​ល្អ មិនឱ្យ​អ្នក​ក្រៅ​មក​នេសាទ​ឡើយ និង​ហាម​ដាច់ខាត​ការនេសាទ​ដោយ​ប្រើ​ម៉ាស៊ីន​ឆក់ និង​អូស​មង​។ ចំពោះ​ទិន្នន័យ​ត្រី​ឆ្នាំ​នេះដែរ គឺ​ទទួលបាន​ច្រើនជាង​ឆ្នាំមុន​។ ចំណែក​ការរក​ត្រី​ដើម្បី​យកទៅ​ធ្វើ​ពិធី​នេះ គឺ​បានអនុញ្ញាត​ប្រជាជន​ប្រើប្រាស់​តែ​ឧបករណ៍​បុរាណ​ទាំងអស់ មានដូចជា​ឈ្នាង អង្រុត និង​សំណាញ់​ជាដើម​។​

​ការ​ប្រារព្ធ​ពិធីបុណ្យ​ឡើង​មាឃ​ឬ​ឡើងអ្នកតា​នេះ ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​អរូបី ក្រៅពី​បង្ហាញឱ្យឃើញ​តម្លៃ​វប្បធម៌ ការថែរក្សា​មរតក​វប្បធម៌ ក៏បាន​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​និង​ភាពរស់រវើក​នៅតាម​សហគមន៍ និង​ដើម្បី​អបអរ​ដល់​ទិន្នផល​ទទួលបាន ក្រោយពី​បាន​ប្រមូល​ផល​ស្រូវ​រួចរាល់​ហើយ​។ ចំពោះ​ពិធី​នេះ ក៏​មានការ​ប្រារព្ធ​ប្រហាក់ប្រហែលគ្នា​នៅតាម​ស្រុក និង​ខេត្ត​មួយចំនួនទៀត​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​៕​ដោយៈ​អាជ្ញាធរ​ជាតិ​អប្សរា​/sn

រកត្រី​ត្រៀម​ឡើង​មាឃ ជា​ទំនៀម​បុរាណ​របស់​អ្នកស្រុក​អង្គរ​(​រូបថត​អាជ្ញាធរ​ជាតិ​អប្សរា​)