បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅសល់​លុយ​សំរាប់​ប្រតិបត្តិការ​តែ​២​ខែ​ទៀត​

441
ចែករម្លែក

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា​សហប្រជាជាតិ​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​ដែលជា​ថវិកា​​ជំនួយ​ដែល​មិន​បង់​ឱ្យ​សម្រាប់​កងទ័ព​រក្សា​សន្តិភាព​របស់ខ្លួន ដោយ​តុល្យភាព​ប្រាក់​មាននៅ​ពេល​នេះ​គឺអាច​ចំណាយ​លើ​ប្រតិបត្តិការ​សម្រាប់​រយៈពេល​ជិត​២​ខែ​ប៉ុណ្ណោះ​។​

​លោក Antonio Guterres បាន​ប្រាប់​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​នៅក្នុង​លិខិត​មួយ​កាលពី​សប្តាហ៍​មុន​ថា អង្គការសហប្រជាជាតិ​បាន​បង្ខំចិត្ត​បង្កើត​គណនី​​សន្សំ​មូលនិធិ​និង​គណនី​ពិសេស​ដើម្បី​គ្រប់គ្រង​ការចំណាយ​ដែល​បានមកពី​ប្រាក់​ជំនួយ​កាលពី​ដំណាច់​ឆ្នាំមុន​។​

​លោក បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​លិខិត​នោះ​ថា “​បេសកកម្ម​រក្សា​សន្តិភាព​សកម្ម​នេះ​ត្រូវបាន​រំពឹងថា​នឹង​ប្រឈម​នឹង​ការខ្វះខាត​ថវិកា​ដោយសារ​ការផ្តល់ប្រាក់​​ជំនួយ​យឺតយ៉ាវ​” ។​

​លោក​បន្តថា ” បច្ចុប្បន្ន​ប្រាក់​ដែល​មិនទាន់​បង់​ឱ្យ​គឺមាន​ចំនួន​ជិត​២​ពាន់​លាន​ដុល្លារ​ហើយ​តុល្យភាព​ថវិកា​ដែលមាន​នៅពេលនេះ គឺអាច​ផ្គត់ផ្គង់​បាន​រយៈពេល​ជិត​២​ខែ​​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​នោះ គឺអាច​ផ្គត់ផ្គង់​បាន​រយៈពេល​៤​ខែ​។​

​ថវិកា​សម្រាប់​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ចាប់ពី​ខែកក្កដា​ឆ្នាំ ២០១៨ ដល់​ខែមិថុនា​ឆ្នាំ​២០១៩ គឺមាន​ចំនួន​សរុប​៦,៧ ពាន់​លាន​ដុល្លារ ដោយ​សហរដ្ឋ​​អាមេរិក ចិន​និង​ជប៉ុន បង់ប្រាក់​ច្រើនជាងគេ​៕​ដោយ​:​សុខា​/sn

លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​