បេសកជន​កីឡា​ជិះ​ស្គី​លើ​បន្ទះក្តារ​ដំបូង​របស់​ក្រសួងការបរទេស​អាមេរិក​ ​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ដើមខែ​ក្រោយ​

270

ភ្នំពេញៈ​នៅរសៀល​ថ្ងៃទី​២៨​ខែកក្កដា​នេះ​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​បញ្ជាក់​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថា អ្នកជិះ​ស្គី​លើ​បន្ទះក្តារ​ដំបូង​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ឈ្មោះ Neftalie Williams នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ពីថ្ងៃ​ទី ២ ដល់​ថ្ងៃទី ៦ ខែសីហា​នេះ​។ នៅពេលនេះ លោក Neftalie Williams កំពុង​សិក្សា​យក​សញ្ញាប័ត្រ​បណ្ឌិត នៅ​សាកលវិទ្យាល័យ Waikato នៃ​ប្រទេស​ណូ​វែ​ល​សេ​ឡង់ ។​

​សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា​កម្មវិធី​បេសកជន​កីឡា​នេះ​មានបំណង​លើក​កំពស់​ការយល់​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា ដោយ​ផ្សារភ្ជាប់​យុវជន​កម្ពុជា តាមរយៈ​ការបង្ហាត់បង្ហាញ​ការ​ជិះ​ស្គី​លើ​ក្តារបន្ទះ នៅតាម​អង្គការ​មិនមែន​រដ្ឋា​ភិ បាល វិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា​។ កម្មវិធី​នេះ​ថែមទាំង​អបអរ​ការដាក់បញ្ចូល​ការ​ជិះ​ស្គី​លើ​បន្ទះក្តារ​ជា​កីឡា​អូឡាំពិក​ជា​ផ្លូវការ ដោយ​ចាប់ផ្តើម​នៅក្នុង​កីឡា​អូឡាំពិក​រដូវក្តៅ ឆ្នាំ ២០២០ និង​អបអរការប្រកួត​ជ្រើស រើស​ជើងឯក​ជិះ​ស្គី​លើ​បន្ទះក្តារ​នៅ​អាស៊ីអាគ្នេយ៍ នៅក្នុងពេល​ខាងមុខនេះ​។ ក្រៅពីនេះទៀត កម្មវិធី​នេះ​មានបំណង​គាំទ្រ​ដល់​ការខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការអភិវឌ្ឍ​កី​ឡា​យុវជន​។​

​ស្ថានទូត​បញ្ជាក់ទៀតថា កម្មវិធី​របស់​កីឡា​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​នោះ​គឺ​ថ្ងៃ​ព្រហស្បតិ៍ ទី ៣ ខែសីហា​ម៉ោង ៩ ព្រឹក ជួប​ជាមួយ​អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា (​បន្ទប់​ប្រជុំ ក​)​។​ម៉ោង ១០ ព្រឹក សំណេះសំណាល​ជាមួយ​សិស្ស និស្សិត​ស្តីពី​វប្បធម៌​ជិះ​ក្តារ​ស្គី ការ​ជិះ​ក្តារ​ស្គី​ការទូត និង​តួនាទី​នៃ​ការ​ជិះ​ក្តា​ស្គី​នៅក្នុង​ការជំរុញ​ការសិក្សាអប់រំ​។ បណ្ណាល័យ​របស់​ស្ថានទូត​អាមេរិក នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា​។​ថ្ងៃ​សៅរ៍ ទី ៥ ខែសីហា​ពី​ម៉ោង​៩ ដល់​ម៉ោង ១១ ព្រឹក​៖ កម្មវិធី​សំ​ដែរ​ជូន​សាធារណជន​នៅ​សួន​មុខ​វត្ត​បុទុម ជិត​ស្តូប​មិត្តភាព កម្ពុជា វៀតណាម​។ បេសកជន​ជិះ​ក្តារ​ស្គី រួម​ជាមួយនឹង​ជនជាតិខ្មែរ​ខ្លះ​ដែល​ជិះ​ក្តារ​ស្គី និយាយ​ទៅកាន់​សាធារណជន អំពី​ការស្រឡាញ់​របស់លោក​ចំពោះ​កីឡា​នេះ ហើយ​គាត់​ជិះ​ក្តា​ស្គី​អោយមើល​។

អ្នកចូលរួម​ដែលមាន​ការចាប់ អារម្មណ៍​អាច​ជិះ​ក្តា​ស្គី​សាកល្បង​បាន​។ ក្តា​ស្គី​និង​គ្រឿង​ប្រដាប់​ការពារ​នឹងមាន​ផុ្ត​ល់​អោយ​។ សាធារណជន ដែល​ចង់​ចូលរួម ត្រូវ​ចុះឈ្មោះ​ជាមួយ​ស្ថានទូត​អាមេរិក ដោយ​ផ្ញើ​អ៊ីម៉េល​មកPASPhnomPenh@state.gov ។ កន្លែង​មានកំណត់​។​
​ សេចក្តីប្រកាសបានបញ្ជាក់ទៀតថា​អ្នកសារព័ត៌មាន​ដែល​ចង់យក​ព័ត៌មាន​នៅក្នុង​ព្រឹត្តិការណ៍​ទាំងនេះ ត្រូវ​ចុះឈ្មោះ​ជាមួយ​ផ្នែក​កិច្ចការ
សាធារណៈ​របស់​ស្ថានទូត​អាមេរិក តាម​ទូរស័ព្ទ​លេខ ០២៣ ៧២៨ ២៥៨ ឬ អ៊ីម៉េល​មក ChreaV@state.gov

អ្នកជិះ​ស្គី​លើ​បន្ទះក្តារ​ដំបូង​របស់​ក្រសួងការបរទេស​​អាមេរិក ឈ្មោះ Neftalie Williams

៕ដោយៈបញ្ញាសាស្ត្រ