បេសកជន​ទទួលបន្ទុក​កិច្ច​ទូទៅ ព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ ដាក់ពាក្យ​លាឈប់​ពី​ហ្វ៊ុនស៊ិនប៉ិច​

2162
ចែករម្លែក
  • 451
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ លោក វ៉ា វុត្ថា​រ៉ា មាន​តួនាទី បេសកកម្ម​ទទួលបន្ទុក​កិច្ច​ទូទៅ​ព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានដាក់​ពាក្យ​លាលែង​ពី​តួនាទី និង​លាឈប់​ពី​សមាជិកភាព​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយ​លោក​គ្មាន​ជំនឿ​លើ​គណបក្ស ក្រោម​ការដឹកនាំ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ នេះ​បើ​យោងតាម​លិខិត​សុំ​លាឈប់​របស់លោក​លោក វ៉ា វុត្ថា​រ៉ា បាន​ថ្វាយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ ដែល​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨​។​

(ពីឆ្វេងទៅស្តាំ) សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​លោកវ៉ា វុត្ថារ៉ា

​លោក វ៉ា វុត្ថា​រ៉ា បានទូល​ថ្វាយ​សម្តេចក្រុមព្រះ​ថា មូលហេតុ​ដែល​លោក​ដាក់ពាក្យ​លាឈប់​ពី​សមាជិកភាព​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយសារតែ​អស់ជំនឿ នឹង​គ្មាន​សង្ឃឹមថា មានឱកាស​បម្រើ​ជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេចក្រុមព្រះ​។​

​គួរបញ្ជាក់​លោក វ៉ា វុត្ថា​រ៉ា ជា​អតីត​ចៅហ្វាយ​ក្រុងកែប​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អាណត្តិ​ទី​២ និង​ជា​អភិបាលរង​ខេត្តស្ទឹងត្រែង អាណត្តិ​ទី​៣​។​

​សូមជម្រាបថា នាពេល​កន្លងមកនេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចាក​ចេញពី​គណបក្ស​នេះ ដោយសារតែ​មានការ​ប្រកាន់​បក្ខពួក និង​គិតពី​មន្ត្រី​ដែល​តស៊ូ​ស្មោះត្រង់​ជាមួយ​បក្ស​៕