បេសកជន​ពិសេស​របស់ ដូ​ណា​ល់ ត្រាំ សម្រាប់​កូរ៉េ​ខាងជើង ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង​

479
ចែករម្លែក
  • 7
    Shares

​ស្ថានទូត​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មីនា ថា​បេសកជន​ពិសេស​អាមេរិក​ម្នាក់​សម្រាប់​កូរ៉េខាងជើង កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង​ដើម្បី​សម្របសម្រួល​​គោល​នយោបាយ​ជាមួយ​ចិន គឺ​មួយ​ខែ​បន្ទាប់​ពី​ការបរាជ័យ​នៃ​កិច្ច​ជំនួប​កំពូល​ស្តិ​ពី​រំលាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​។​

​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បាន​ប្រាប់​សារព័ត៌មាន​Agence France-Presse ថា​លោក ស្ទេ​ហ្វិន ប៊ី​អេ​ហ្គា​ន់ បេសកជន​ពិសេស​អាមេរិក​នេះ កំពុងស្ថិត​នៅ​ទីក្រុង​ប៉េកាំង​​ដើម្បី​បន្ត​ការសម្របសម្រួល​រវាង​សហរដ្ឋអាមេរិក​និង ចិន​ស្តីពី​គោលនយោបាយ​ដែល​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង​។​

​ដំណើរ​ទស្សនកិច្ច​របស់លោក ស្ទេ​ហ្វិន ប៊ី​អេ​ហ្គា​ន់ គឺ​ជួន​ពេល​ជាមួយ​នឹង​ការមកដល់​នៃ​មន្ត្រី​កូរ៉េខាងជើង​ជាន់ខ្ពស់​ម្នាក់ ដែល​ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​ក្រុមមន្ត្រី​​រដ្ឋាភិបាល​ចិន​និង​បេសកជន​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ចិន កាលពី​ថ្ងៃ​អង្គារ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​Yonhap​។​

​វា​មិន​ច្បាស់​ទេ​ថា​តើ​ដំណើរ​ទស្សនកិច្ច​ដោយ​ក្រុមមន្ត្រី​អាមេរិក​និង​ក្រុមមន្ត្រី​កូរ៉េខាងជើង​នេះ​មាន​ការជាប់​ទាក់ទង​គ្នា​ដែរ​ឬ​ទេ​នោះ​។​

​ដំណើរ​ទស្សនកិច្ច​របស់លោក ស្ទេ​ហ្វិន ប៊ីយេ​ហ្គា​ន់ កើត​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់​ត្រាំ បានបញ្ចប់​កិច្ច​ជំនួប​កំពូល​ភ្លាមៗ​កាល​ថ្ងៃទី​២៧​និង​២៨​ខែ​កុម្ភៈ​​នៅ​វៀតណាម ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ដោយសារ​តែ​ការខ្វែងគំនិត​គ្នា​រវាង​ភាគី​ទាំង​២​អំពី​ការរំលាយចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​​ជើង​៕

លោក ស្ទេ​ហ្វិន ប៊ី​អេ​ហ្គា​ន់ បេសកជន​ពិសេស​អាមេរិក​