បែកធ្លាយ​កាស៊ីណូ​ព្រែក​ចាក ខេត្តកំពត អនុញ្ញាតឱ្យ​ខ្មែរ​ចូល​លេង​! ចាញ់ល្បែង​បែកគំនិត​កិបកេង​ប្រាក់​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ជិត​មួយ​ម៉ឺន​ដុល្លារ​

3187
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨ នេះ បញ្ជូន​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ICall and Vfone ដោយសារ​ចាញ់ល្បែង​នៅ​កាស៊ីណូ​ព្រែក​ចាក ខេត្តកំពត បែកគំនិត​កិបកេង​ប្រាក់​ក្រុមហ៊ុន​ជិត​មួយ​ម៉ឺន​ដុល្លារ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់ ក្រោម​ការសន្និដ្ឋាន​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។

​ជនសង្ស័យ​ឈ្មោះ ពេជ្រ ដា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ម្តុំ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​លោក ប៉េង សា​ម៉ា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​លក់​ទូរស័ព្ទ ICall and Vfone នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ឃាត់ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច​។

​នគរបាល​និយាយថា ឈ្មោះ ពេជ្រ ដា​រ៉ា បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​នេះ ក្នុង​ឆ្នាំ​២០១៦ មាន​ដំណែង​ជា​អ្នកតំណាង​ការលក់​តាម​បណ្ដា​ខេត្ត​។ ក្នុង​ខែមករា ឆ្នាំ​២០១៨ ដល់​ខែមេសា ឆ្នាំ​២០១៨ ឈ្មោះ ពេជ្រ ដា​រ៉ា បាន​យក​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ចំនួន​១៩​លើក ទៅ​លក់​ឱ្យ​អតិថិជន​តាម​បណ្ដា​ខេត្ត គិត​ជា​ទឹកប្រាក់​ចំនួន​៨,៤៤៤​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ប្រាក់​នេះ ឈ្មោះ ពេជ្រ ដា​រ៉ា មិនបាន​ប្រគល់ជូន​ក្រុមហ៊ុន​ទេ ដោយ​អះអាងថា អតិថិជន​ជំពាក់​ប្រាក់​។ ក្រោយ​ការស្រាវជ្រាវ​ទើប​ដឹងថា ឈ្មោះ​នេះ បាន​កិបកេង​ប្រាក់​ក្រុមហ៊ុន ទើប​ឃាត់ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច​តែម្ដង​។

​ជនសង្ស័យ ពេជ្រ ដា​រ៉ា សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​កិបកេង​ប្រាក់​ក្រុមហ៊ុន​មែន ដោយបាន​ចាញ់ល្បែង​នៅ​កាស៊ីណូ​ព្រែក​ចាក ខេត្តកំពត​៕​