បែកធ្លាយ​ដំណឹង​ថ្មី​ថា អនុរដ្ឋ​លេខា​ធិការ​ក្រសួង​មួយ កំពុង​ប្រើ​លុយកាក់​សូកប៉ាន់​ពលរដ្ឋ ដើម្បី​ចុច​GPS​យក​ដី​ក្បែរ​ព្រំដែន​នៅ​ស្រុក​កោះ​ញែក​

488
ចែករម្លែក

ដោយ:សាត​ចាន់​បុត្រ​/​មណ្ឌលគិរី ៖ ​នៅ​ថ្ងៃទី​១៦ ​កក្កដា​នេះ​រស្មី​កម្ពុជា​ទើប​ទទួលបាន​ដំណឹង​ថ្មី​មួយ ករណី​ថា​មាន​អនុរដ្ឋលេខាធិការ​ក្រសួង​ម្នាក់ បាន​ប្រើប្រាស់​លុយកាក់ យកទៅ​សូកប៉ាន់​អជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​ល​រដ្ឋ​ក្នុងភូមិ​កោះ​ម្យើ​ល​ក្រោម ឃុំ​ណង​ឃី​លិ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដើម្បី​ចុច​យក​ដី​ទំហំ​រាប់រយ​ហិកតា ក្បែរ​តំបន់​ព្រំដែន​។​

​ប្រភព​ដែល​គួរឱ្យ​ទុកចិត្ត​មួយ​បាន​ប្រាប់​មក​ថា កាលពី​ថ្ងៃទី​១៥ ​កក្កដា លោក​សេង សុវណ្ណ​រ៉ា មាន​តួនាទី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បា​នប​ញ្ជួ​ន​អ្នក​ក្រោម​ឱវាទ លួងលោម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កោះ​ម្យើ​ល​ក្រោម ដោយ​ក្នុង​១​គ្រួសារ​ផ្តល់ប្រាក់​១​រយ​ដុល្លា ជា​ថ្នូ​ធ្វើ​មិនដឹង ធ្វើ​មិនលឺ ពេល​លោក​ចុច​ហ៊ុ​ព័ទ្ធ​យក​ដី​ចំណុច (​អូរ​រវេ​)​ដែល​ស្ថិត​ក្នុងភូមិ​កោះ​ម្យើ​ល​ក្រោម​នោះ​។​

​សេចក្តី​រាយ​ការ​ដដែល​បញ្ជាក់ថា ដី​ចំណុច អូរ​រវេ​នោះ​គឺ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ខ្សែរ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា​វៀតណាម ហើយក៏​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​នគរបាល​កា​ពារ​ព្រំដែន​វរៈ​សេនា​តូច​៣០៣​ផងដែរ​។​ប្រភព​បញ្ជាក់ថា លោក​សេង សុវណ្ណ​រ៉ា ទើប​សែន​ប្រពន្ធ​ក្មេង ត្រូវជា​កូនស្រី​លោក​របស់លោក​មេភូមិ​កោះ​ម្យើ​ល​នេះ ទើប​លោក​ស្គាល់​ភូមិសាស្ត្រ​តំបន់​នោះ​។​

​ករណីនេះ ប្រព័ន្ធ​ទូរ​សព្ទ​របស់លោក​សេង សុវណ្ណ​រ៉ា រស្មី​កម្ពុជា​បាន​ចុច​ចូល តែ​អ្នកទទួល​មិនមែន​លោក​នោះទេ​។​ដោយឡែក​លោក​មេភូមិ​កោះ​ម្យើ​ល​ក្រោម​និង​លោក​មេឃុំ​ណង​ឃី​លិ​ក ពុំ​អាច​ស្វែងរក​ការបញ្ជាក់​បាន​នោះទេ​នា​ថ្ងៃទី​១៦​កក្កដា​នេះ​។​

​សូមបញ្ជាក់ថា​លោក​សេង សុវណ្ណ​រ៉ា ក៏ត្រូវ​បាន​ពលរដ្ឋ​ក្នុងស្រុក​អូ​រាំង​លើក​យកមក​ពិភាក្សា​ជាមួយ​អជ្ញាធរ​មូលដ្ឋាន​យ៉ាង​ក្តៅគគុក​ផងដែរ នា​វេទិការ​សាធារណៈ​នៅ​ព្រឹក​ថ្ងៃទី​១៦​កក្កដា​នេះ ក្នុង​ដំណើររឿង​ពលរដ្ឋ​ចោទថា លោក​បាន​រំលោភ​យក​ដី​សហគមន៍​ជនជាតិដើម​ក្នុងស្រុក​អូររាំង​ច្រើន​រយ​ហិកតា​នោះ​៕B/