បែកធ្លាយ​ភាពមិនប្រក្រតី​នៃ​ការវាស់វែង​និង​ចេញ​ប័ណ្ណ​នៅ​តំបន់ភ្នំ ថ្លុក​ត្របែក

141
ចែករម្លែក

ដោយៈ ទេព ក​ង្រី​/ ​កំពង់ឆ្នាំងៈ​ដីភ្នំ​ថ្លុក​ត្របែក ផ្នែក​ខាងកើត​ជាប់​ទំនប់​ត្រពាំង​ពោធិ៍ ជា​ប្រភេទ​ដីភ្នំ ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជាច្រើន​ឆ្នាំ​ណាស់​មកហើយ​ទីតាំង​នេះ​ពុំ​ធ្លាប់មាន​ជនណាម្នាក់​ចូលមក​កាន់កាប់​ឬ​ប្រើប្រាស់​ដី​នេះ​ជា​លក្ខណៈ​ឯកជន​នោះទេ​។​ទើបតែ​ក្នុងអំឡុង​ឆ្នាំ​២០១៩​មាន​ជនខិលខូច​មួយចំនួន​បាន​ចូល​ទន្ទ្រាន​កាន់កាប់​យក​ដីភ្នំ​ផ្នែក​ខាងកើត យកមក​ធ្វើជា​កម្ម​សិទ្ធ​ឯកជន បន្ទាប់ពី​ដី​នៅ​ទីតាំង​តំបន់​នេះ ត្រូវបាន​គេ​អភិវឌ្ឍន៍​សាងសង់​ផ្លូវ​អាស៊ាន ដែលមាន​ទំហំ​៦០​ម៉ែត្រ​។​មន្ត្រី​នៃ​មន្ទី​ជំនាញ​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​ករណីនេះ​មន្ទីរ​កំពុង​ធ្វើ​របាយការណ៍​ដើម្បី​បញ្ជាក់​អំពី​បញ្ហា​នេះហើយ​។​

បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា អ្នក​ដែល​បាន​ចូល​កាន់កាប់​ទន្ទ្រាន​ដីភ្នំ​ខាងលើ​នោះ មានដូចជា មួយ​.​ក្បាលដី​លេខ​៦៩៦​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ អ៊ំ សារឿន ភេទ​ស្រី មាន​ទីលំនៅ​ភូមិ​ទី​៣ សង្កាត់​លេខ​៤ ក្រុង​មិត្តភាព ខេត្ត​ព្រះសីហនុ កាន់កាប់​ដី​ទំហំ​៤.៨១០ ម៉ែត្រការ៉េ ការទទួលបាន​នេះ គឺជា​អំណោយ​ពីរ​ដ្ឋ ដែល​ក្បាលដី​នេះ​ជា​ដីភ្នំ ហើយ​ការចូល​ទន្ទ្រាន​កាន់កាប់​និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា គឺជា​ការ​ស៊ុមគ្រលុំ​គ្នា​ជា​ប្រព័ន្ធ​ដោយហេតុថា ឈ្មោះ អ៊ំ សារឿន ជា​ម្ដាយបង្កើត​របស់លោក ឈុន កុម្ភៈ អនុប្រធាន​មន្ទី​រៀបចំ​ដែនដី ដែល​បាន​ឡើងកាន់តំណែង​ជំនួស​លោក ង៉ែត សា​វ៉ុ​ទ្ធ ដែល​ទទួលមរណភាព​កន្លងទៅ​។

​ម្យ៉ាងទៀត​ឈ្មោះ អ៊ំ សារឿន មាន​ទីលំនៅ បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ ពុំ​ធ្លាប់មាន​ប្រវត្តិ​មក​រស់នៅ និង​កាន់កាប់​ដីធ្លី​នៅ​តំបន់ភ្នំ ថ្លុក ត្របែក នេះ​ទេ តែ​បែ​ជាមាន​ភ័ព្វសំណាង​ទទួលបាន​ដី​តំបន់ភ្នំ​នេះ ពី​អាជ្ញាធរ ផ្តល់​ឲ្យ​ទៅ​គាត់​ទៅវិញ​។​កន្លងមក​ទីតាំង​ដី​នេះ ជា​ប្រភេទ​ដីព្រៃ​ភ្នំ ពុំ​ធ្លាប់មាន​រូបភាព​ណាមួយ បញ្ជាក់បាន​ថា ដី​នេះ​មានការ​ប្រើប្រាស់​នោះទេ ( យោង​រូបភាព​ថត​ពីលើ​) ទើបតែ​បច្ចុប្បន្ននេះ​ក្រោយពី​ចេញ​ប័ណ្ណ​កាន់កាប់​រួច ទើប​មាន​សកម្មភាព​កាប់​ទន្ទ្រាន និង​មាន​ភាពមិនប្រក្រតី​មួយចំនួនទៀត​ដូចជា ចូលកាន់​កាប់​ដី​តាំងពី​ឆ្នាំ​១៩៨៩ តែ​ទើបតែ​មក​កាប់ឆ្កា​ព្រៃ​នៅ​ឆ្នាំ​២០១៩-២០២០​នេះ​ទៅវិញ​។

​បើតាម​ការសិក្សា​ស្រាវជ្រាវ និង​ដោះស្រាយ​ផលប៉ះពាល់​របស់​អន្តរក្រសួង​នៅក្នុង​ឆ្នាំ​២០១៨-២០១៩ ស្ដីពី​ការសាងសង់​ផ្លូវ​វាង​ក្រុង​កំពង់ឆ្នាំង ទីតាំង​នេះ​មិន​ត្រូវបាន​ដោះស្រាយ​ឡើយ ព្រោះ​ដី​ទំនេរ​គ្មាន​ម្ចាស់ និង​ជា​ប្រភេទ​ដីព្រៃ​ភ្នំ​របស់​រដ្ឋ​។

​គួរ​បញ្ជាក់ថា លោក​ឈុន​កុម្ភៈ​ក៏​ទើបតែ​ចូល​បំរើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​២០០៧​នឹង​បាន​ផ្លាស់​មក​បំរើ​ការងារ​នៅ​ខេត្តកំពង់ឆ្នាំង ក្នុងអំឡុង​ឆ្នាំ​២០១០​។ ពេល​បិទ​ផ្សាយ​ទំហំ​ដី​មានតែ​២.៥៦៧​ម៉ែត្រការ៉េ ក្រោយ​បញ្ចប់​ការបិទ​ផ្សាយ​ដី​មាន​ទំហំ​ដល់​ទៅ​៤.៨១០​ម៉ែត្រការ៉េ ។ ដូចនេះ​បញ្ជាក់​ឲ្យ​ឃើញថា ដី​នេះ​គឺ​លោក ឈុន កុម្ភៈ ចូលមក​កាន់កាប់​ក្រោយពេល​អរ​ន្ត​ក្រសួង​ចុះមក​ធ្វើការ​សិក្សារ និង​ដោះស្រាយ​ផលប៉ះពាល់​។​

ពីរ​.​ក្បាលដី​លេខ ៦៩៧ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ឈួន ចាន់​នារី ដែល​ត្រូវជា​ប្រពន្ធ​របស់លោក​លី សុភា ប្រធាន​មន្ទី​រៀបចំ​ដែនដី​ខេត្តកំពង់ឆ្នាំង និង ឈ្មោះ ហ៊ុល បូរ៉ា​មី ដែល​ត្រូវជា​ប្រពន្ធ​លោក ឈុន កុម្ភៈ អនុប្រធាន​មន្ទី​រៀបចំ​ដែនដី ខេត្តកំពង់ឆ្នាំង ដែលមាន​ទំហំ​ដី​១០.៤៦១​ម៉ែត្រការ៉េ ទទួលបាន​តាមរយៈ​ការទិញ​បន្ត​។ ទីតាំង​នេះ​មិន​ខុសពី​ក្បាលដី​៦៩៦​ខាងលើ​នោះទេ គឺជា​ប្រភេទ​ដីព្រៃ​ភ្នំ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។
​ក្បាលដី​នេះ​តាម​ការបិទ​ផ្សាយ​កន្លងមក គឺ​ផ្ទៃដី​បាន​តាមរយៈ​ការទិញ​មាន​ទំហំ​ត្រឹមតែ​៦.១៥៧ ម៉ែត្រការ៉េ ហើយក៏​ជា​ប្រភេទ​ដីព្រៃ​ភ្នំ តែ​ក្រោយ​ការបញ្ចប់​ការបិទ​ផ្សាយ​ផ្ទៃដី​នេះ​ត្រូវបាន​កែ​រហូតដល់​ទំហំ​១០.៤៦១​ម៉ែត្រការ៉េ​។ ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ក្រៅពី​ផ្ទៃដី​ដែល​បាន​ទិញ​នៅក្នុង​កិច្ចសន្យា​គឺជា​ដី​ដែល​រំលោភ ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ទាំងស្រុង​សុទ្ធសាធ​។

​សរុបសេចក្ដី​មក​ក្បាលដី​ទាំងពីរ​នេះ គឺធ្វើឡើង​ដោយមាន​ភាពមិនប្រក្រតី និង​អាច​មានការ​ស៊ុមគ្រលុំ​គ្នា ក្នុងការ​ទន្ទ្រាន​កាន់កាប់​យក​ដី​រដ្ឋ​មក​ធ្វើជា​កម្ម​សិទ្ធ​ពី​សំណាក់ ប្រពន្ធ​លោក​ប្រធាន​មន្ទីរ ដែនដី​និង​លោក​អនុប្រធាន​មន្ទី​ដែនដី​ខេត្តកំពង់ឆ្នាំង​។​ថ្វីបើ​ក្នុង​ប័ណ្ណ​មិនមាន​ឈ្មោះ​ប្រធាន​មន្ទីរ​ក៏ពិតមែន​។​ម្យ៉ាងទៀត​ក្បាលដី​ទាំងពីរ​នេះ​ត្រូវបាន​ចូលមក​កាន់កាប់​ក្រោយពេល​អរ​ន្ត​ក្រសួង​ចុះមក​ធ្វើការ​សិក្សា​និង​ដោះស្រាយ​ផលប៉ះពាល់​។ កន្លងមក​លោក លី សុភា និង លោក ឈុន កុម្ភៈ ក៏​ធ្លាប់​បានធ្វើ​ការរារាំង​ដល់​ក្រុមហ៊ុន​សាងសង់​ផ្លូវ​មិន​ឲ្យ​ធ្វើការ​ឈូសឆាយ​ដោយ​ផ្អែកទៅលើ​ដី​ទាំងពីរ​នេះ មាន​ប័ណ្ណ​កម្ម​សិទ្ធ តែ​ក្រោយមក​នៅពេល​ថ្មីៗ​នេះ ប្រហែល​មាន​អ្វីមួយ​ទើប​បុគ្គល​ទាំងពីរ​នេះ ព្រម​ប្រគល់​ដី​ដែល​ត្រូវ​សាងសង់​ផ្លូវ​ឲ្យ​រដ្ឋ​វិញ​។​

​ក្រៅពីនេះ នៅមាន​ក្បាលដី​មួយចំនួនទៀត​ដូចជា ក្បាលដី​លេខ ៦៩៨ ទំហំ ២.៥៦៦​ម៉ែត្រការ៉េ ។ ក្បាលដី​លេខ ៦៩៩​ទំហំ​២.១០៣​ម៉ែត្រការ៉េ និង ក្បាលដី​លេខ​៧០០ ទំហំ​១៨.២០៨​ម៉ែត្រការ៉េ ។ ក្បាលដី​លេខ ៧១០​មាន​ទំហំ​១.៣៧១​ម៉ែត្រការ៉េ និង ក្បាលដី​លេខ​៧១២​មាន​ទំហំ​២.១៩៨​ម៉ែត្រការ៉េ​។ ក្បាលដី​លេខ ៧១១​មាន​ទំហំ ២.១៣១​ម៉ែត្រការ៉េ ។
​ ​ក្បាលដី​ទាំង​ប្រាំមួយ​នេះ ស្ថានភាព​កាន់កាប់​មិន​ខុសពី​ក្បាលដី​លេខ​៦៩៦​និង​លេខ​៦៩៧​ខាងលើ​នោះទេ គឺ​សិទ្ធ​តែ​ជា​ប្រភេទ​ដីភ្នំ ។
​ដោយឡែក​ចំពោះ​ក្បាលដី​ផ្សេងទៀត ដែលជា​របស់​ប្រជាជន ហើយ​ការកាន់កាប់​របស់​ពួកគាត់ ក្នុងស្ថានភាព និង​ទីតាំង​ដូចគ្នា​ដែរ​លោក​ប្រធាន​មន្ទី មិន​ចុះហត្ថលេខា​ឲ្យ​ទេ ដោយ​សំអាងថា ជា​ដីភ្នំ និង​ស្ថិតនៅ​គម្រប​ព្រៃ​ឆ្នាំ​២០០២ របស់​រដ្ឋបាល​ព្រៃឈើ​។

​ជុំវិញ​ព័ត៌មាន​ខាងលើនេះ​លោក​លី​សុភា​ប្រធាន​មន្ទីរ​ដែនដី​បានបញ្ជាក់​កាលពី​រសៀល​រសៀល​ថ្ងៃទី​១៤​ខែកុម្ភៈ ថា គាត់​កំពុង​ធ្វើ​របាយការណ៍​បំភ្លឺ​ជូនទៅ​អាជ្ញាធរខេត្ត​នឹង​ក្រសួង​រៀបចំ​ដែនដី​ហើយ​៕​សរន