បែកធ្លាយ​រូបភាព​ទូរស័ព្ទ Huawei Mate 30 ស៊េរី​ថ្មី ដែល​ប្រហែល​គ្មាន​សេវា​ឬ​កម្មវិធី​របស់ Google

353
ចែករម្លែក

​ក្រុមហ៊ុន Huawei នឹងដាក់​បង្ហាញ​ទូរស័ព្ទ​ស៊េរី Mate 30 នៅ​ថ្ងៃទី ១៩ ខែកញ្ញា ប៉ុន្តែ​អ្នកជំនាញ​ខាង​ទម្លាយ​រូបភាព​ដ៏​ល្បី ឈ្មោះ @evleaks បាន​លាតត្រដាង​ទូរស័ព្ទ​នេះ​ឱ្យឃើញ​តាមរយៈ​ការ​បង្ហោះ​រូបភាព​នៃ​ទូរស័ព្ទ​ថ្មី​នេះ​មួយ​សំណុំ​។​

​ជា​ស៊េរី​ស្មា​ត​ហ្វូ​ន​ថ្លៃ Huawei Mate 30 Pro ត្រូវគេ​មើលឃើញ​មាន​រន្ធ​កាមេរ៉ា​មុខ​មួយ​និង​អេក្រង់​ធំ​ទូលាយ​រាង​កោង​នៅ​ផ្នែក​ខាងឆ្វេង​និង​ខាងស្តាំ​នៃ​ឧបករណ៍​។ នេះ​បានបញ្ជាក់​នូវ​របាយការណ៍​មុនៗ​ដែលថា​មាន​អេក្រង់​ធំ​កោង​នៅ​គែម រន្ធ​សំឡេង​តូចឆ្មារ និង រន្ធ​កាមេរ៉ា​មុខ​មួយ​។​

​នៅ​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​ចំនួន ៤ គ្រាប់​ដាក់​ជុំគ្នា​ជា​រង្វង់​មូល ដែលមាន​ស្លាក​យីហោ Leica​។ លែ​ន​របស់​កាមេរ៉ា​២​គ្រាប់​ត្រូវគេ​និយាយថា​ជា “Sensor ប្រភេទ Sony IMX មាន​ទំហំ​ធំ​ទ្វេដង​”​។ មួយ​ក្នុងចំណោម​នោះ​គឺជា Sensor ទំហំ ១/១,៧ អ៊ី​ញ ដែលមាន​កំរិត​រូបភាព ៤០ មេ​ហ្គា​ភិ​ច​សែ​ល ហើយ​មួយទៀត​គឺ​ទំហំ ១/១,៥ អ៊ី​ញ ដែល​បង្កើតឡើង​រួមគ្នា​ដោយ​ក្រុមហ៊ុន Huawei និង Sony​។​

​ចុងក្រោយ ក្រុមហ៊ុន Huawei ទំនងជា​នឹង​ចេញ​នូវ​ម៉ូត Porsche Design សម្រាប់ Mate 30 ផងដែរ ដែលមាន​ស្បែក​គ្រប​លើ​ផ្នែក​ខាងក្រោយ​នៃ​ឧបករណ៍​។​

​ទូរស័ព្ទ Mate 30 ប្រហែល​ចេញលក់​ដោយ​គ្មាន​សិទ្ធិ​ចូល​ប្រើ​សេវាកម្ម​ឬ​កម្មវិធី​របស់ Google ទេ​។ គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​តើ​ក្រុមហ៊ុន​នឹង​ដោះស្រាយ​យ៉ាងម៉េច​ចំពោះ​បញ្ហា​នេះ​៕ ដោយ៖ កញ្ញាដាលីស