បែកធ្លាយ​រឿង​មេ​ប៉េអឹម​ខេត្តព្រះវិហារ ស៊ីដាច់​លុយ​ឧ​បត្ដ​ម្ថ​៨០​លាន​រៀល និង​ផ្ទុះ​រឿង​ពុករលួយ​

565

ដោយ​: ឫទ្ធិ​ស័ក្តិ / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេ​ប៉េអឹម​ខេត្តព្រះវិហារ ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​ចោទប្រកាន់ថា បាន​ស៊ីដាច់​លុយ​ឧ​ប​ត្ថ​ម្ថ​ចំនួន ៨០​លាន​រៀល ដែលជា​លុយ​ឧបត្ថម្ភ​ដល់​អង្គភាព ដើម្បី​ចែក​មន្ត្រី​អាវុធហត្ថ​។ ករណីនេះ ធ្វើ​ឲ្យ​កូនចៅ​មិន​សប្បាយចិត្ត និង​សូម​ឲ្យ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស មេត្តា​ពិនិត្យមើល​ករណីនេះ​ផង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេ​ប៉េអឹម​ខេត្តព្រះវិហារ (រូបឯកសារ)

​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ បាន​ស៊ីដាច់​លុយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមាណ ៨០​លាន​រៀល ដែល​បាន​ឧបត្ថម្ភ​ដល់​អង្គភាព “​ខ​26-2” កាលពី​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ក្រៅពី​លុយ ៨០​លាន​រៀល លោក​ឧ​ត្ត​សេនីយ៍​ត្រី កង សៅ​គុណ បានធ្វើ​សកម្ម​ភាពមិនប្រក្រតី​ជាច្រើន​ទៀត​។

​ប្រភព​ដដែល​បាន​ទម្លាយ​ទៀតថា សកម្ម​ភាពមិនប្រក្រតី​ធំៗ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មានដូចជាៈ​
១៖ យក​ដី​អង្គភាព មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ដូចជា​ដី​នៅ​ស្នាក់ការ​ស្រ​យ៉ង់ និង ដី​ស្នាក់ការ​កំពង់​ស្រឡៅ​។​
២៖ បង្ខំ​មេបញ្ជាការ​មូលដ្ឋាន​តាម​បណ្តាល​ក្រុង​ស្រុក កាត់​ប្រាក់ខែ​ក្នុង​មួយខែ ៥០​ម៉ឺន​រៀល ដើម្បី​ធ្វើ​អគារ​ថ្ម​តាម​បណ្តា​ក្រុង​-​ស្រុក ហើយ​អួតថា​ខ្លួន​ជា​អ្នក​កសាង​។​
៣៖ គំរាម​គំហែង​មេបញ្ជាការរង រហូតដល់​យុទ្ធជន ប្រមាថ​ចាប់​ដាក់គុក កាត់ឈ្មោះ​ចោល​។​
៤៖ ចាប់​ឡាន​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​ជ័យ​សែន ជំរិត​ទា​ប្រាក់​ចំនួន ៦​លាន​រៀល កាលពី​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៨​ជា​ថ្នូរ​នឹង​ការដោះលែង​ទៅវិញ​។​
៥៖ ចំពោះ​ឡាន​ដឹកឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​នៅក្នុង​ខេត្ត គឺ​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ៥០០​ដុល្លារ​។​
៦៖ ចំពោះ​ឡាន​យី​ឌុប​ដឹកឈើ​ខុសច្បាប់​ផ្សេងៗ​ទៀត ដែល​ឆ្លងកាត់​ក្នុង​ខេត្ត​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ១៥០​ដុល្លារ​។​

​មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ បានបញ្ជាក់​អះអាង​ទៀតថា ការទទួលប្រាក់​ពីស​កម្ម​ភាពផ្ទុយ​ច្បាប់​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ ប្រគល់​ឲ្យ​លោក កង ពុទ្ធា ជា​ប្អូនបង្កើត​របស់លោក​ជា​អ្នក​យកលុយ​នៅ​ចំណុច​ស្នាក់ការ​សន្តិសុខ នៅ​ព្រំប្រទល់​ខេត្តព្រះវិហារ និង​កំពង់ធំ ហើយ​លោក ចាន់ សី ជា​អ្នក​ចាំ​យកលុយ​នៅ​ស្នាក់ការ​សន្តិសុខ ព្រំប្រទល់​ខេត្តព្រះវិហារ និង​សៀមរាប​។​

​ចំពោះ​ករណី​ខាងលើនេះ ក្រុមមន្ត្រី​ប៉េអឹម​នៅ​ខេត្តព្រះវិហារ ទទូច​សូម​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ចាត់​ក្រុមអធិការកិច្ច​ចុះ​ស្រាវជ្រាវ​ករណីនេះ​ផង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ នៅពេលនេះ​៕ ល​