បែកធ្លាយ​រឿង​មេ​វរៈ ៨១៩ កំពុងបើក​ភ្លើង​ខៀវ​ឱ្យ​ឈ្មួញ នាំចូល​រថយន្ត​ច​ង្កួ​ត​ស្តាំ និង​ម៉ូតូ​

737
ចែករម្លែក

ថ្មីៗ​នេះ សារ​សម្លេង​មួយ បាន​បែកធ្លាយ​ស្តីពី​ការចរចា​គ្នា​រវាង​ឈ្មួញ​រកស៊ី នាំចូល​រថយន្ត​ចង្កូត​ស្តាំ និង​ម៉ូតូ​អត់​ពន្ធ ជាមួយនឹង​លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេបញ្ជាការ​នគរបាល​វរៈ​ការពារ ព្រំដែន​គោក លេខ​៨១៩ ប្រចាំ​ស្រុក​កំរៀង និង​ប្រចាំ​ច្រករបៀង​ព្រះពុទ្ធ ហៅ​ច្រក​បឹង​ឆ្នាំង ស្ថិតក្នុង​ទឹកដី​ស្រុក​កំរៀង ខេត្តបាត់ដំបង ជាប់​ព្រំដែន​កម្ពុជា ថៃ ដែល​សារ​នេះ គឺជា​ការសុំ សម្របសម្រួល តម្លៃ​ដើម្បី​នាំ​រថយន្ត​ចង្កូត​ស្តាំ ២ គ្រឿង ចូល​តាម​ច្រក​ខាងលើ​។​

​ប្រភព​ច្បាស់​ការណ៍​មួយ បាន​បង្ហើប​ឱ្យ​អ្នក​សារ​ព៍​ត័​មាន​ដឹងថា មួយរយៈ​កន្លងមកនេះ គឺ​ចាប់ តាំងពី​លោក ម៉​ង់ ស៊ី ទៅកាន់​ជា​មេបញ្ជាការ នគ​បាល​វរៈ​ការពារ​ព្រំដែន​គោក លេខ​៨១៩ មក គឺមាន​ការបើក​ភ្លើង​ខៀវ យ៉ាង​ពេញបន្ទុក ដើម្បីឱ្យ​ក្រុម​ឈ្មួញ បាន​នាំចូល​នូវ​រថយន្ត​ប្រភេទ ចង្កូត​ស្តាំ ដែលជា​ប្រភេទ​រថយន្ត ត្រូវ​ហាមឃាត់ ឱ្យចូល​យ៉ាងគំហុក ពី​ថៃ​មក​កម្ពុជា ដើម្បី​ទទួលបាន​នូវ​លាភសក្ការៈ​ផ្ទាល់ខ្លួន​។​

​ប្រភព​ដដែល បាន​លើកឡើងថា រថយន្ត​ដែល​គេ​បាន​បើកដៃ ឱ្យ​ឈ្មួញ​នាំចូល​នោះ សុទ្ធសឹងតែ ជា​ប្រភេទ​រថយន្ត​ទំនើបៗ និង​មាន​បំពាក់​ស្លាក​លេខ​ថៃ នៅឡើយ​។ លុះ​មកដល់​ដី​ខ្មែរ ទើប​លោក​មេបញ្ជាការ​រូបនេះ ចាត់ចែង​បញ្ជា​ទៅ​លោក នាយរង​ប៉ុស្តិ៍ ខូវ សុភាព ជា​អ្នក​ដោះដូរ ស្លាក​លេខ វិញ ទើប​ប្រគល់​ទៅឱ្យ​ឈ្មួញ បញ្ចេញ​ទៅ​លក់​នៅ​ទីផ្សារ ដោយ​ភាគច្រើន គឺ​គេ​បញ្ចេញ​ទៅកាន់ ក្រុង​ប៉ោយប៉ែត ។​

​ចំណែក​តម្លៃ​លើ​ការនាំ​ចូល រថយន្ត​ចង្កូត​ស្តាំ សម្រាប់តែ​លោក មេបញ្ជាការ ម៉​ង់ ស៊ី គឺ​ចាប់ពី ១០.០០០ បាត ដល់ ៣០.០០០ បាត ទៅតាម​ប្រភេទ និង​ស៊េរី​រថយន្ត រហូត​មានពេលខ្លះ បានកើត​ទៅជា​ទំនាស់ ក៏មានដែរ ដោយសារតែ​ការទាមទា​នូវ តម្លៃ​មិនបាន​ដូច​បំណង ។ ការគ្រប់គ្រង​ច្រករបៀង នៅក្នុង​តំបន់​ខាងលើ ពី​សំណាក់​លោក ម៉​ង់ ស៊ី គឺ​គេ​បាន​វាតទី និង​លាតសន្ធឹង​យ៉ាង​ឆ្ងាយ ដើម្បី​ក្តោប​ក្តាប់​នូវ​បទល្មើស​គ្រប់​ប្រភេទ ទាំង​ការនាំ​ម៉ូតូ​ចូល ក៏ដូចជា​ការនាំ​ឈើ​គ្រញូង របស់លោក « ភី​យ៉ៃ​ណុង »​ដែល​ឈ្មោះ​នេះ គឺជា​មេ​ឈ្មួញ​រកស៊ី ឈើ​គ្រញូង ពី​ថៃ​មក​ដី​ខ្មែរ នៅ​ចន្លោះ​ប៉ុស្តិ៍​ស្វាយ និង​ប៉ុស្តិ៍​អូរ​ជ្រៃ គឺ​ត្រូវ​បង់​ឱ្យ​លោក ម៉​ង់ ស៊ី ទាំងអស់​។​

​ជា​ចុងក្រោយ ប្រភព​ច្បាស់​ការណ៍ បាន​បញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ គឺ​នៅ​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ លោក ម៉​ង់ ស៊ី បាន​បើកភ្លើង​ខៀវ ឱ្យ​រថយន្ត​ចំនួន ២ គ្រឿង ចូល​តាម​ចំណុច ចំការ​ស្វាយ និង​ត្រង់​បង្គោល​ឡាក់ លេខ​៥៣ ដែល​ចំណុច​ទាំង ២ នេះ មាន​ចម្ងាយ​ពី​ច្រក របៀង​ព្រះពុទ្ធ ឬ​ច្រក​បឹង​ឆ្នាំង ប្រហែល ៧០០ ម៉ែត្រ​តែប៉ុណ្ណោះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​មេបញ្ជាការ វរៈ ៨១៩ បាន​ប្រមូល​លុយ​ពី​មន្ត្រី មួយចំនួន នៅក្រោម​ឱវាទ ក្នុង​ម្នាក់ៗ ចាប់ពី ១.៥០០ ដុល្លារ ដល់ ៣.៥០០ ដុល្លារ ដោយ​សន្យាថា នឹង​តម្លើង​ឋានន្តរសក្តិ ឬក៏​តម្លើង តួនាទី​ឱ្យ តែ​ធាតុពិត គឺ​រហូតមក​ទល់នឹង​ពេលនេះ មាន​រយៈពេល​ជិត ១ ឆ្នាំ​ហើយ ដែល​គ្មាន ពន្លឺ​អ្វី​បន្តិច​ទាល់តែសោះ គឺ​គេ​បាន​យកលុយ ទៅ​ស៊ីចាយ យ៉ាង​សប្បាយ​ទៅវិញ​ថែមទាំង​ស៊ី ដាច់​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពីស​ម្តេច ទៅលើ​បណ្តា​ប៉ុស្តិ៍ គ្រប់​ប៉ុស្តិ៍​តាម​ខ្សែបន្ទាត់​ព្រំដែន​ផងដែរ ។

​តាមរយៈ​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ លោក ម៉​ង់ ស៊ី បាន​គម្រាមថា លោក​នឹង​ប្តឹង​ទៅលើ​ប្រភព​ណា ដែល​រាយការណ៍​មិន​ពិត ដើម្បីឱ្យ​កាសែត​ផ្សាយ​ពាក់ព័ន្ធ​នឹង​រឿង អាស្រូវ​របស់លោក ដោយ​លោក​បាន​សង្កត់ធ្ងន់ថា បើ​លោក​ចេះ​រកស៊ី​អីចឹង​លោក​មិនចាំបាច់ មក​ធ្វើជា​ប៉ូលិស​នោះទេ ហើយ​លោក​ក៏បាន​អះ​អង​ថា បើ​ចង់ដឹង​រឿងនេះ​ច្បាស់​ត្រូវ​សួរ​ទៅ លោក​អភិបាលស្រុក​កំរៀង​ផង​។

​ភាសា​ដែល​ទម្លាក់​ឱ្យ​អ្នកសារព័ត៌មាន​សួរ​ទៅ លោក​អភិបាលស្រុក ធ្វើឱ្យមាន​ការងឿងឆ្ងល់ កាន់តែខ្លាំង​ថា តើ​លោក​អភិបាលស្រុក មាន​ជាប់​ការពាក់ព័ន្ធ នៅក្នុង​រឿងនេះ​ដែរ ឬ​យ៉ាងណា ? ប៉ុន្តែ​តាម​ការបកស្រាយ របស់លោក​អភិបាលស្រុក សុខ គឹម​ខុន បានឱ្យដឹងថា រឿងនេះ លោក​គ្រាន់តែ​ដឹងថា បើតាម​ច្រករបៀង តែម្តង គឺ​គេ​មិនអាច​នាំចេញ​បានទេ ព្រោះ​ភាគី​ថៃ ក៏​មានការ​រឹតបន្តឹង​ដែរ ប៉ុន្តែ​គេ​ខ្លាច​តែ​រថយន្ត ចេញ​តាម​ចំការ​ដំឡូង ឬ​ចំការ​ស្វាយ ដែល​នៅ​សងខាង​ប៉ុស្តិ៍ ព្រោះ​ខ្សែបន្ទាត់​ព្រំដែន នៅក្នុង​តំបន់​នេះ គ្មាន​អូរ​ទេ គឺ​ដី​រាបស្មើ​ទាំងអស់​។

​ដោយឡែក ចំពោះ​ប្រភព​មួយ ដែល​ធ្លាយ​ពី​ជួរ​ថ្នាក់ដឹកនាំ​កំពូលៗ នៅក្នុង​ស្នងការដ្ឋាន នគរបាល​ខេត្ត គឺ​បានឱ្យដឹងថា ប្រមាណ​ជា ២ ខែ​មុន​លោកស្នងការ បាន​កោះប្រជុំ ដល់​បណ្តា​មេ​វរៈ និង​មេ​ប៉ុស្តិ៍​ជួរមុខ​ទាំងអស់ ដោយ​ដាក់វិន័យ​យ៉ាង​តឹងរឹង​បំផុត គឺ​ហាម​ដាច់ខាត ការបើក​ឱ្យ​រថយន្ត​ចង្កូត​ស្តាំ ហូរ​ចូលមក​កម្ពុជា ថែមទាំង​បានឱ្យ​មេៗ​ទាំងនោះ ផ្តិតមេដៃ​លើ​កិច្ច សន្យា​នោះ​ទៀតផង​។ ផ្ទុយទៅវិញ បែរជា​លេច​ធ្លាយ​នូវ ការបើក​ឱ្យ​ឈ្មួញ​នាំចូល​នូវ​ប្រភេទ រថយន្ត ចង្កូត​ស្តាំ​នេះ​វិញ​ដដែល តាម​ច្រក​ព្រះពុទ្ធ សបញ្ជាក់​ឱ្យឃើញថា លោក​មេបញ្ជាការ វរៈ​៨១៩ មិនបាន​គោរព​តាម​កិច្ចសន្យា ដែល​លោកស្នងការ បានកំណត់​នោះឡើយ​។​

​ដូច្នេះ​ប្រភព​ជាច្រើន ដែល​កំពុង​ទទួល​នូវ ការកៀបសង្កត់​ពី លោក​មេបញ្ជាការ​វរៈ​រូបនេះ នឹង​រង់ចាំ​មើលថា តើ​លោកស្នងការ នឹង​ចាត់វិធានការ​បែបណា ទៅលើ​បុគ្គល​ដែល​ផ្គើន​នឹង ថ្នាក់ដឹកនាំ ៕