បោះឆ្នោតក្រុមប្រឹក្សា អាណត្តិ​ទី​៣ ប្រព្រឹត្តទៅដោយ​រលូន គោរព​ច្បាប់ យុត្តិធម៌ និង​តម្លាភាព​

649
ចែករម្លែក

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សាស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ត្រូវ​បានគ​.​ជ​.​ប​. អាជ្ញាធរ ​រាជរដ្ឋាភិបាល គណបក្សនយោបាយ និង​អ្នក​សង្កេតការណ៍ មើលឃើញថា បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ដោយ​រលូន គោរព​ច្បាប់​យុត្តិធម៌ ត្រឹមត្រូវ និង​តម្លាភាព​។

​ក្នុងឋានៈ​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​សម្ដេចក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ប្រដាប់អាវុធ និង​សមត្ថកិច្ចពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ខិតខំ​ថែរក្សា​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ សារ​ធារ​ណៈ ក្នុង​ដំណើរការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ថ្ងៃទី​២៦ ឧសភា ប្រព្រឹត្តទៅប្រកបដោយ​ជោគជ័យ សុវត្ថិភាព និង គ្មាន​អំពើហិង្សា​។

​សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ថា សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​មុខតំណែង បាន​ទៅ​បំពេញភារកិច្ច​របស់ខ្លួនយ៉ាង​ពេញលេញ គ្មាន​ការរាំងស្ទះ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង​។ ជោគជ័យ​នេះ បានបង្ហាញ​ពី​ការចូលរួមចំណែក​យ៉ាងសំខាន់របស់​ប្រជាពលរដ្ឋ​គ្រប់រូប និង​គ្រប់​គណបក្សនយោបាយ​ក្នុងសង្គម​ខ្មែរ​ដែល​ប្រតិបត្តិយ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោល​កាណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ភាពសុខដុមរមនាក្នុងសង្គម​។

​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា អាណត្តិ​ទី​៣ កាលពី​ថ្ងៃអាទិត្យ ទី​២៦​ឧសភា ឆ្នាំ​២០១៩ ក្នុងចំណោម​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ១១.៥៧២​នាក់ គឺមាន​តែ ៧​នាក់​ប៉ុណ្ណោះដែល​មិនបាន​ទៅ​បោះឆ្នោត ក្នុងនោះមាន​ម្នាក់បាន​ស្លាប់​ដោយសារគ្រោះថ្នាក់​ចរាចរពេលធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​។

​ផ្អែក​តាម​លទ្ធផល​បឋម ប្រកាស​ដោយ គ​.​ជ​.​ប​. ក្នុងចំណោម​គណបក្ស​ចូលរួម​ប្រជែងការបោះឆ្នោត​ទាំង​៧ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​លើសលុប​។ យ៉ាងណាក៏ដោយ ការប្រកាស​ពី​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ដែលជា​ការប្រកាសពី​ចំនួន​អាសនៈ ដែល​គណបក្សនយោបាយទទួលបាន នឹងត្រូវ​គ​.​ជ​.​ប ប្រកាស​យ៉ាងយូរនៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩​។​

​ការចុះឈ្មោះ​គណបក្ស ការបើក​ទីស្នាក់ការ​គណ​ប​បក្ស ការលើក​ស្លាក​គណបក្ស​ការចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ​ព្រមទាំង​សកម្មភាពឃោសនា​រក​សំឡេងឆ្នោត សកម្មភាព​របស់​អ្នកសង្កេតការណ៍ អ្នកសារព័ត៌មាន​ត្រូវបានអង្គការ​សមាគម​ឃ្លាំមើល​ការបោះឆ្នោត មើលឃើញថា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា គ្មាន​ការជេរប្រមាថ គ្មាន​ការ​សម្លុត​គំរាមកំហែង និង​គ្មាន​ការលក់ដូរសន្លឹកឆ្នោត​។​

​រីឯ​ការចុះឈ្មោះ​អ្នកបោះឆ្នោត ការពិនិត្យ​មើល​ឈ្មោះ​អ្នកបោះឆ្នោត ការ​ទៅ​បោះឆ្នោត ពេល​តម្រង់​ជួរ ពេល​ចូលទៅ​បោះឆ្នោត និង​ត្រឡប់​ចេញ​វិញ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា គឺធ្វើឡើងដោយ​ស្ម័គ្រចិត្ត គ្មាន​ការបង្ខិតបង្ខំ និង​ប្រកបដោយ​ទឹកមុខ​រីករាយ​។​

​ចំណែក​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ក៏ត្រូវ​បាន​អង្គការ​សមាគម​ឃ្លាំមើល​ការបោះឆ្នោត បានប្រកាសថា មាន​លក្ខណៈ​ធម្មតា គ្មាន​ភ័យខ្លាច​អ្វី​ទាំងអស់​។ ចំណែក​អាជ្ញាធរ​ដែនដី នៅ​គ្រប់គ្រង​រដ្ឋ​ជាធម្មតា​ពិសេស​គ្រប់គ្រង​ថែរក្សា​សន្តិភាព សង្គម ដោយ​មិន​រើសអើង​គណបក្ស​។​

​ជាមួយគ្នា​នោះ​មន្ត្រី​គ​.​ជ​.​ប​. នៅតាម​ការិយាល័យ​បោះឆ្នោត ក៏ត្រូវ​បាន​គេ​វាយតម្លៃថា បាន​អនុវត្ត​ន៍ភារកិច្ច​របស់ខ្លួន ទៅតាម​នីតិវិធី ដោយ​រលូន​ក្នុង​ថ្ងៃ​បោះឆ្នោត ដូចជា ដំណើរការ​បោះឆ្នោត ការរាប់​សន្លឹកឆ្នោត ការ​បូកសរុប​លទ្ធផល​បោះឆ្នោត​…​។​ល​។​

​គ​.​ជ​.​ប​. បានប្រកាសថា ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ មាន​អ្នកកាសែត ដែល​គ​.​ជ​.​ប​. បានចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​អ្នកសារព័ត៌មាន​ជាតិ -​អន្តរជាតិ ចំនួន ២៩០ នាក់ មកពី​អង្គភាព​សារព័ត៌មាន​ចំនួន ២៤​ដើម្បី​ចូលរួម​យកព័ត៌មាន ក្នុងការ​បោះឆ្នោត​។ ដោយឡែក ភ្នាក់ងារ​គណបក្សនយោបាយ មាន​ចំនួន ៧០៤​នាក់ មកពី ៥ គណបក្ស និង​អ្នកសង្កេតការណ៍​បោះឆ្នោត មាន​ចំនួន ១០១០ នាក់ មកពី​អង្គការ​សមាគម ចំនួន ១៩ ស្ថាប័ន​។​

​ជារួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នេះ ពិតជា​បាន ប្រព្រឹត្តទៅដោយ​រលូន គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការបង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្តាប់ធ្នាប់ និង​ស្ថិត នៅក្នុង​បរិយាកាស​នយោបាយ ប្រជាធិបតេយ្យ សេរី និង​ពហុបក្ស​។ រី​ឯគ​.​ជ​.​ប ដែលជា ស្ថាប័ន​តែមួយគត់​រប​ស់​ជាតិ ក្នុង​រៀបចំ​ការបោះឆ្នោត​ក៏បាន​អនុវត្ត​ន៍ការបោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ នេះ ស្របទៅតាម​ច្បាប់បោះឆ្នោត និង​លិខិតបទដ្ឋាន គតិយុត្តនិង​បាន​ប្រកាន់យក​ជំហរ​អ​ព្យា​ក្រឹត្យ យុត្តិធម៌ ស្អាតស្អំ និង​តម្លាភាព​៕ ដោយ​:​ម៉េង​ឆៃ/Ha​