បោះឆ្នោត​នៅ​ថៃ​៖ លឿន​ពេក​ទេ​ដឹង​ អំពី​ការប្រកាស​ថារ​ក​បាន​សំឡេង​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបា​ល​ចម្រុះ​ថៃ​?

617
ចែករម្លែក
  • 21
    Shares

​វា​ហាក់ដូចជា​លឿន​បន្តិច ​ដែល​សម្ពន្ធភាព​មួយ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ ប្រកាស​ថា ​ក្រុម​ខ្លួន​ជោគជ័យ​នៅក្នុង​ការប្រមូល​បាន​អាសនៈ​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះមួយ​​។​ទោះជា​អាច​រកបាន​សំឡេង២២៥​ ក្នុងចំណោម​សមាជិក​សភា​សរុប​៥០០ ក៏​ឱកាស​របស់​ក្រុម​នេះ​រកបាន​សំឡេង​គ្រប់​សម្រាប់​ឈ្នះ​ការតែងតាំង​នាយករដ្ឋមន្ត្រី​ម្នាក់​វា​ស្តួចស្តើង​ណាស់​​ ជា​ពិសេស​ត្រូវ​ឆ្លង​ការ​ការអនុម័ត​យល់ព្រម​ពី​ព្រឹទ្ធសភា​របស់​ក្រុម​យោធា​។​

​ក្រុម​នយោបាយ​ណាមួយ​ត្រូវ​រក​ឲ្យ​បាន​ការគាំទ្រ​ពី​សភា​និង​ព្រឹទ្ធសភា​យ៉ាងតិច​៣៧៦​ ក្នុងចំណោម​សភា​និង​ព្រឹទ្ធសភា​៧៥០​រូប ដើម្បី​ឈ្នះ​បាន​តំណែង​នាយករដ្ឋមន្ត្រី​។​ក្រោម​រដ្ឋ​​ធម្មនុញ្ញ​ថ្មី​របស់​ថៃ ព្រឹទ្ធសភា​ដែល​តែងតាំងឡើង​ដោយ​ក្រុម​យោធា​ចំនួន​២៥០​រូប នឹង​ចូលរួម​ជាមួយ​ស​មាជិក​សភា​៥០០​រូប​ដើម្បី​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​មួយរូប​។​

​ពេល​នេះ​វា​គ្មានអ្វី​ត្រូវ​សង្ស័យ​ទេ ព្រឹទ្ធ​សភា​មុខ​ជា​នឹង​បោះឆ្នោត​គាំទ្រ បុគ្គល​ដែល​តែងតាំង​ពួកគេ នោះ​គឺ​ប្រមុខ​របប​សឹក​លោក​ប្រា​យុទ្ធ ចាន​អូ​ចា​។​

​សភាពការណ៍​មុខ​ជា​នឹង​ឈាន​ដល់​ការ​ទាល់ច្រក​មួយ បើ​សម្ពន្ធភាព​ដឹកនាំ​ដោយ​ភឿ​ថៃ​នៅ​តែ​ចចេស​បង្កើត​រដ្ឋាភិបាល​មួយ​ជាមួយនឹង​សំឡេង​ភាគច្រើន​តិចតួច តែ​មិន​អាច​​បាន​ការអនុម័ត​សម្រាប់​មុខតំណែង​នាយករដ្ឋមន្ត្រី​នោះ​។​

សម្ពន្ធភាព​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ​កាលពី​ថ្ងៃ​ពុធ​បាន​ប្រញាប់ប្រញាល់​ធ្វើ​សន្និសីទកាសែត​មួយ​ប្រាប់​គេឯង​ថា ខ្លួន​រក​បាន​ស​មាជិក​សភា​២២៥​រូប ខណៈ​គណៈកម្មាធិការ​​រៀបចំ​ការបោះឆ្នោត​នៅ​មិន​ទាន់​ប្រកាស​លទ្ធផល​

​គូ​ប្រជែង​របស់​ភឿ​ថៃ គឺ​គណបក្ស​ផា​ឡាំង ប្រចា​រ៉ា​ត ដែល​ជា​របស់​ក្រុម​យោធា ទំនង​ជា​ឈ្នះ​បាន​១១៩​អាសនៈ​ និង​ក៏​កំពុង​ទាក់ទាញ​បក្ស​ផ្សេងៗ​ដើម្បី​បង្កើត​ក្រុមចម្រុះ​ផង​ខ្លួន​​ដែរ​។​

​គណបក្ស​ប្រជាធិបតេយ្យ (៥២​អាសនៈ​)​និង​បក្ស​ភូម​ចៃ​ថៃ​(៥១)​ត្រូវ​គេ​ជឿ​ថា​ជា​បក្ស​សំខាន់​ដែល​នឹង​ចូលរួម​ជាមួយ ផា​ឡាំង ប្រចា​រ៉ា​ត ទោះ​ជា​បក្ស​ទាំងពីរ​នៅ​មិនទាន់​ប្រកាស​​ថា​ចូល​ខាង​ណា​ក្តី​។​តាម​ទម្លាប់ បក្ស​ប្រជាធិបតេយ្យ​ជា​សត្រូវ​ស្លាប់​រស់​របស់​ភឿ​ថៃ ឯ​បក្ស​ភូម​ចៃ​ថៃ ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ជា​បក្ស​ឱកាស​និយម​គឺ​មិន​ប្រកាន់​ខាង​ណា​ទេ ​ឲ្យ​​ឃើញ​ថា​ខាង​ណា​មាន​ប្រៀប​ក៏​ចូល​ខាង​នោះ​ឲ្យ​តែ​បាន​ប្រយោជន៍​។​

​តែ​ប្រភព​ផ្ទៃក្នុង​បក្ស​មួយ​និយាយ​ថា បក្ស​ប្រជាធិបតេយ្យ​អាច​ធ្វើ​ជា​បក្សប្រឆាំង ដោយ​មិន​ចូលរួម​ក្នុង​ក្រុម​ណាមួយ​ទេ ​ហើយ​បើ​ចូល​ជាមួយ​ផា​ឡាំង ប្រចា​រ៉ា​ត ក៏​ត្រូវ​ដាក់​លក្ខខណ្ឌ​​មាំទាំ​ដែរ ដើម្បី​កុំឲ្យគេ​ចោទ​ថា​គាំទ្រ​ក្រុម​យោធា​ឲ្យ​បន្ត​កាន់អំណាច​។​

​បើ​តាម​អ្នកជំនាញ់​និង​សង្កេតការណ៍ សម្ពន្ធភាព​ដឹកនាំ​ដោយ​ផា​ឡាំង ប្រចា​រ៉ាត​មាន​សំឡេង​តិច​ជាងក្រុម​ដឹកនាំ​ដោយ​ភឿ​ថៃ ដូច្នេះ​គណបក្ស​នេះ​ត្រូវ​គេ​រំពឹងថា​នឹង​ព្យាយាម​ទាក់​​ទាញ​សមាជិកសភា​មក​ពី​ក្រុម​ដឹកនាំ​ដោយ​ភឿ​ថៃ​ឲ្យផ្តាច់ខ្លួន​ចូល​មក​ខាង​ខ្លួន​។​ភឿ​ថៃ​ទំនង​ជា​ដឹង​ល្បិច​នេះ និង​បាន​ប្រាប់​ទៅ​សមាជិក​សភា​ឲ្យ​ដាក់​លិខិត​សុំលាលែង​​ជា​មុន​ដើម្បី​ធានា​ថា​នឹង​មិន​មាន​ការ​ក្បត់​បក្ស​។​

​ក្រុម​ភឿ​ថៃ ក៏​កំពុង​ទាក់ទាញ​បក្ស​ភូម​ចៃ​ថៃ ឲ្យ​មក​ចូល​ខាង​ខ្លួន ដោយ​មន្ត្រី​បក្ស​ភឿ​ថៃ​ថែម​ទាំង​ព្រលយ​ពាក្យ​ថា​អាច​ផ្តល់​តំណែង​នាយករដ្ឋមន្ត្រី​ដល់​ប្រធាន​បក្ស​នេះ​ផង​។​​តែ​ប្រធាន​បក្ស​លោក​អានុ​ធីន ឆាន​វី​រ៉ា​គុល បាន​និយាយថា​ គណបក្ស​របស់​លោក​នឹង​សម្រេច​ចិត្ត​ក្រោយ​លទ្ធផល​ឆ្នោត​ត្រូវបាន​ប្រកាស​១០០​ភាគរយ​៕​ដោយ​៖​វាសនា​/Ha