បោះបង់​ការចិញ្ចឹម​ជ្រូក​ជាង​៦០​ភាគរយ​ខណៈ​មាន​ការនាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​

802

(​ស្វាយរៀង​)៖​ប្រជាពលរដ្ឋ​និង​សហគមន៍​ចិញ្ចឹម​ជ្រូក​ក្នុង​ខេត្តស្វាយរៀង​បាននាំគ្នា​លើកឡើងថា​បច្ចុប្បន្ននេះ​ការចិញ្ចឹម​ជ្រូក​របស់​ពួកគាត់​កំពុង​ជួប​ផល​លំបាក​យ៉ាងខ្លាំង​ដោយសារ​មាន​ការនាំ​ជ្រូក​ចូលមក​កម្ពុជា​ពី​ប្រទេសជិតខាង​ហើយ​មិនសូវមាន​ឈ្មួញ​មករក​ទិញ​តាម​ផ្ទះ​ដូច​កាលពីមុន​នោះទេ​។

​អ្វីដែល​គួរ​ព្រួយបារម្ភ​នោះ​គឺ​ខាង​ក្រសួងកសិកម្ម​ចេញ​ច្បាប់​ឲ្យ​មាន​ការនាំ​ជ្រូក​ពី​ប្រទេស​ជិត​ចូលមក​កម្ពុជា​ជាពិសេស​យកមកចែក​ចាយ​នៅក្នុង​ខេត្តស្វាយរៀង​មាន​ចំនួន​ច្រើន​ដែល​ធ្វើ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចិញ្ចឹម​ជ្រូក​បាន​ហើយ​គ្មាន​អ្នកទិញ​។​

​លោក​កឹម​ផល​ជា​អ្នក​ចិ​ញ្ចឹ​ជ្រូក​សហគមន៍​នៅ​ភូមិ​ជាស​ឬ​ស្សី​ឃុំ​កំពង់ចំឡង​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា​លោក​ចិញ្ចឹម​ជ្រូក​១៧​ក្បាល​ក្នុងពេល​បច្ចុប្បន្ននេះ​ខុសប្លែក​កាលពីមុន​ដែល​អាច​ចិញ្ចឹម​ដល់​៣០​ទៅ​៤០​ក្បាល​ឯណោះ​។​

លោក​បាន​បន្តថា​ពេលដែល​ចិញ្ចឹម​ជ្រូក​ធំ​បាន​ផល​នោះ​បែប​ជា​គ្មាន​ទីផ្សារ​ទៅវិញ​ហើយ​ខុសពី​ឆ្នាំមុនៗ​ដែលមាន​ឈ្មួញ​មករក​ទិញ​ដល់ផ្ទះ​និង​លក់បាន​តម្លៃ​ថ្លៃ​គួរសម​ដោយ​ក្នុង​១​គីឡូ​បាន​៧៥០០​រៀល​ដល់​៩០០០​រៀល​។​លោក​ផលប​បាន​បន្តថា​ប​ច្នុ​ប្បន្ន​នេះ​ជ្រូក​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង​ស្ទើរតែ​មិន​គ្រប់​ថ្លៃ​ទិញ​ចំណី​ជ្រូក​ផង​។​

​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ឲ្យ​ដឹង​ទៀតថា​ពេល​មាន​ឈ្មួញ​មករក​ទិញ​គេ​ទម្លាក់​ថ្លៃ​ដោយ​ទិញ​១​គីឡូ​៥.០០០​រៀល​ដល់​៦.០០០​រៀល​។​ចំណែក​លោក សុខ​មុខរបរ​កសិករ​បាន​ប្រាប់​សា​ព័ត៌មាន​ឲ្យ​ដឹងថា​លោក​ស្ទើរតែ​លែង​ចិញ្ចឹម​ទៅហើយ​ពីព្រោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​មាន​ឈ្មួញ​មក​ដឹក​ជ្រូក​ចេញពី​វៀ​មណា​ម​ឆ្លងកាត់​តាម​មុខផ្ទះ​របស់គាត់​ទាំងយប់​ទាំង​ថ្ងៃ​តាម​រថយន្ត​ប្រហែលជា​១០​គ្រឿងក្នុង​១​ថ្ងៃៗ​នោះ​។​លោក​បាន​បន្តទៀត​ថាបើ​ក្រសួង​នៅតែ​បន្ត​ឲ្យ​ឈ្មួញ​ដឹក​ជា​ហូ​ហែរ​ដូច្នេះ​ទៀត​នោះ​ច្បាស់​ជា​ខេត្តស្វាយរៀង​លែងមាន​អ្នក​ចិញ្ចឹម​ជ្រូក​ទៀតហើយ​។​

​លោក​នាង​ចន្ថា​ប្រធាន​សហគមន​ចិញ្ចឹម​ជ្រូក​ខេត្តស្វាយរៀង​បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា​នៅ​ការដ្ឋាន​ចិញ្ចឹម​ជ្រូក​និង​កសិករ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួ​សារបាន​ផល​ហើយ​ជ្រូក​គ្មាន​ទីផ្សារ​លក់​ចេញ​នោះទេ​។​លោក​បាន​បន្តថា​ដោយ​សរុប​ក្នុង​ខេត្តស្វាយរៀង​ទាំងមូល​កកស្ទះ​ជ្រូក​នៅតាម​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​រួម​និង​កសិករ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ប្រហែល​ជិត​៧​ម៉ឺន​ក្បាល​ឯណោះ​។​

លោក​ក៏​សូម​សំ​ណូ​ពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ទប់​ស្តា​ត់​ការនាំ​សត្វ​ជ្រូក​ចូលមក​ពី​ប្រទេសជិតខាង​ផង​ដើម្បី​ឲ្យ​ជ្រូក​ខ្មែរ​យើង​មានតម្លៃ​និង​ក៏​អាច​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាកសិករ​ដែល​ខំ​ចិញ្ចឹម​បាន​។​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ដែល​លោក​ប៉ែន​ច​ន្ធី​ប្រធានការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា​ពលរដ្ឋ​បោះបង់​ការចិញ្ចឹម​ជ្រូក​ពិតជា​មាន​មែន​។​

កត្តា​បោះបង់​ការចិញ្ចឹម​ជ្រូក​នេះ​មូលហេតុ​មកពី​ការទិញ​កូនជ្រូក​មក​ចិញ្ចឹម​មានតម្លៃ​ដើម​ថ្លៃ​និង​កត្តា​រួមផ្សំ​ចំណី​ជ្រូក​ក៏​នៅ​តម្លៃ​ខ្ពស់​ផងដែរ​។​ការចិញ្ចឹម​បាន​លក់​ហើយ​គ្មាន​ទីផ្សារ​ជាពិសេស​មានការ​អនុញ្ញាត​ពី​ក្រសួង​អោយ​មានការ​នាំចូល​ជ្រូក​ចូល​តាម​ច្រកព្រំដែន​ខេត្តស្វាយរៀង​ច្រើន​យកមក​លក់​ពាសពេញ​ខេត្ត​ដែលនាំអោយ​ជ្រូក​របស់​កសិករ​គ្មាន​ទីផ្សារ​បែបនេះ​។​

​លោក​បន្តថា​ទោះបីជា​កសិករ​របស់​បោះបង់​ការចិញ្ចឹម​តាម​គ្រួសារ​ច្រើន​បន្តិច​ក្តី​តែ​ការ​តាម​កន្លែង​ប្រមូលផ្តុំ​និង​កសិដ្ឋាន​នានា​នៅក្នុង​ខេត្ត​នៅតែមាន​ការចិញ្ចឹម​ដើម្បី​រង់ចាំ​ការផ្អាក​ការនាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​ដែរ​។​លោកមា​គ​ឆ​វណ្ណា​រុន​ប្រធាន​មន្ទីរ​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា​បញ្ហា​ទីផ្សារ​ជ្រូក​ធ្លាក់​ចុះថ្លៃ​ថោក​នោះ​មន្ទី​របស់លោក​បាន​សហ​ការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​និង​សហគមន៍​អ្នក​ផលិត​នៅ​គ្រប់​តំបន់​ដើម្បី​រក​ទីផ្សារ​ជ្រូក​រួចរាល់​ហើយ​។​

តែ​មិនបាន​ដោយសារ​ប្រទេសជិតខាង​គេ​ផលិត​បាន​ច្រើន​ដូច​យើង​ដែរ​ដោយ​តម្លៃ​ផលិត​របស់គេ​មានតម្លៃ​ទាប​ជាង​យើង​ទើប​គេ​អាច​លក់​តម្លៃថោក​ក៏បាន​ចំណេញ​។​នេះ​ជាទី​ផ្សារសេរី​បើ​ទំនិញ​ណា​លក់​ថោក​អ្នកទិញ​ច្បាស់​ជា​សម្រុក​ទៅ​ទិញ​របស់​នោះ​យកមកប្រើ​ប្រាស់​ក្នុង​ជីវភាព​របស់គេ​៕

បោះបង់​ការចិញ្ចឹម​ជ្រូក​ជាង​៦០​ភាគរយ​ខណៈ​មាន​ការនាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​