នេះជាទិដ្ឋភាពដ៏រន្ធត់តក់ស្លុតដែលកម្លាំងបំណាក់ដីភក់ និងទឹកបានរុញរថយន្តតូចធំរាប់សិបគ្រឿងឱ្យធ្លាក់ចេញពីផ្លូវប៉ើងដូចឡានជ័រនៅប្រទេសចិន ភាគខាងត្បូងកាលពីពេលថ្មីៗនេះ។
អាជ្ញាធរចិន បានប្រកាសកាលពីថ្ងៃទី១៣ ខែមិថុនាថា មនុស្សយ៉ាងតិច ៤៩នាក់បានបាត់បង់ជីវិត និង ១៤ នាក់ទៀតកំពុងបាត់ខ្លួន ចាប់តាំងពីភ្លៀងខ្លាំងបានចាប់ផ្តើមធ្លាក់ កាលពីដើមខែនេះ។
ទឹកជំនន់ បំណាក់ដីនិងបំណាក់ភក់ដែលបង្កឡើងដោយភ្លៀងខ្លាំងបានបង្កផលប៉ះ ពាល់ដល់ប្រជាជនយ៉ាងច្រើនរហូតដល់ទៅជាង ៤,៥ លាននាក់នៅក្នុងខេត្តចំនួន ៨ របស់ចិន។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយចិន បាននិយាយថា ផ្ទះជាង ៧.០០០ខ្នងបានបាក់រលំ ដំណាំលើផ្ទៃដីជាង ៣១.០០០ ហិកតាត្រូវបានបំផ្លាញ និងប្រជាជនជាង ៣០០.០០០ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលទឹកជំនន់បានឡើងដល់កម្ពស់ ២ ម៉ែត្រនៅតំបន់ខ្លះ។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយចិនបានចេញសេចក្ដីថ្លែងការណ៍តាមគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា គ្រោះមហន្តរាយនេះបានបង្កការខូចខាតផ្ទាល់ សរុបជាទឹកប្រាក់ប្រមាណ ១,៤ ពាន់លានដុល្លារ៕ ប្រែសម្រួលៈខុម/Ha