បំបែកសំណុំរឿង​ឆបោក​រថយន្ត​៤២​គ្រឿង​តាម​ចាប់​ជនសង្ស័យ​ដល់​ខេត្តស្ទឹងត្រែង​

1338
ចែករម្លែក

​ដោយ​: សុខុម / ស្ទឹងត្រែង​: ជនសង្ស័យ​ម្នាក់ទៀត​រង​ការចាប់ខ្លួន ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចេញ​ដោយ​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​បក្ខពួក​ចំនួន​៣​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ឆបោក​រថយន្ត​សេរី​ទំនើប​ចំនួន​៤២​គ្រឿង​។​

​ទាក់ទិន​ករណី​ខាងលើ ប្រភពព័ត៌មាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ស្រី​ប្រុស​ចំនួន ០៣​នាក់ ទៅ​តុលាការ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន និង​ស្រាវជ្រាវ​បន្ត ដើម្បី​ចាប់ខ្លួន​ក្រុម​បក្ខពួក​បន្ថែម ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ជួល​រថយន្ត អ្នកដទៃ ចំនួន​៤២​គ្រឿង​ទៅ​បញ្ចាំ និង​ជួល​បន្ត​។ ប្រភព​ដដែល​បន្តថា ជនសង្ស័យ​ដែល​រង​ការចាប់ខ្លួន​ទាំង​៣​នាក់​ខាងលើ​១.​ឈ្មោះ ឃា​ម រដ្ឋា ហៅ​យ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ២.​ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ទី​៣.​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ។​

​យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ នុប សុ​វណ្ណា ជា​អាជីវករ នៅ​ខេត្តកណ្តាល បាន​ជួល​រថយន្ត​អោយទៅ​ឈ្មោះ ឃា​ម រដ្ឋា ហៅ​យ៉ា​ចំនួន​៩​គ្រឿង ចាប់តាំងពី​អំឡុង​ខែមីនា រហូតដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។ ចំណែក​ដើមបណ្តឹង​ឈ្មោះ អឿន ឡោ ជា​អាជីវករ នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក៏បាន​ជួល​រថយន្ត​ឱ្យទៅ​ជនសង្ស័យ​អស់​ចំនួន ០៣​គ្រឿង រហូតដល់ ចុងខែ​មករា ឆ្នាំ​២០១៨ ជនសង្ស័យ​ពុំ​ឃើញ​យកប្រាក់​ឈ្នួល​មក​បង់ និង​ធ្វើ​កិច្ចសន្យា​បន្ត បែរ​រក​លេស​ភូតកុហក​គេចវេះ ដោយ​សន្យា​ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃនោះ ទើប​ពួកគាត់​ដាក់ពាក្យ​បណ្តឹង​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​ស្រាវជ្រាវ​តាមច្បាប់​។

​ប្រ​ភ​ព័ត៌មាន​ឲ្យ​ដឹងថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃា​ម រដ្ឋា ហៅ​យ៉ា យកមក​សួរនាំ​។ ដោយ​ចម្លើយសារភាព រូបនាង​ពិតជា បាន​ជួល​រថយន្ត​ពី​ម្ចាស់​ទាំង​០២​នាក់ ខាងលើ អស់​ចំនួន​១២​គ្រឿង​ពិតប្រាកដ​មែន​។ បន្ទាប់​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ចំនួន​០២​នាក់​បន្ថែមទៀត គឺ​ឈ្មោះ ឈ័ន ភក្តី ហៅ សា​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស និង​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី​។ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​០៣​នាក់ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​រកឃើញ​ជនរ​ង​គ្រោះ​ចំនួន​១៤​នាក់​ផ្សេងទៀត ដែល​បាន​ចាញ់កល ក្រុម​ទាំងនេះ​ដូចគ្នា ហើយ​បាន​ទំនាក់ទំនង​ទៅ​ជនរងគ្រោះ​ទាំង​១៤​នាក់មក​ដាក់ពាក្យ​បណ្តឹង​។ ក្នុងនោះ ជនរងគ្រោះ ដែល​កម្លាំង​កងរាជអាវុធហត្ថ​រកឃើញ ចំនួន​១៦​នាក់ ត្រូវបាន​ក្រុម​ទាំង​០៣​នាក់ ជួល​រថយន្ត​អស់​ចំនួន​៣៤​គ្រឿង​។​

​ក្រោយ​ស្វែងរក​ជនរងគ្រោះ និង​បែកធ្លាយ​ក្រុម​ទាំងនេះ​ជួល​រថយន្ត​មិនបាន​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ រហូតដល់​៣៤​គ្រឿង កម្លាំង​ជំនាញ​បាន​តស៊ូ​ករណីនេះ​បន្ថែម ក្រោម​ការសាកសួរ​បន្ត​ក្រុម​ជនសង្ស័យ​បាន​សារ​ភាពជា​លើក​ទី​២​ថា ក្រុម​ខ្លួន​ពិតជា​បាន​ជួល​រថយន្ត​ពី​ជនរងគ្រោះ​យកទៅ​បញ្ចាំ និង​ដាក់​ជួល​បន្ត​ពិតប្រាកដ​មែន តែ​មិនមែន​ជួល​ត្រឹមតែ​៣៤​គ្រឿង​នោះទេ គឺ​ពួកនាង​បាន​ជួល​រហូតដល់​ទៅ​៤២​គ្រឿង ពី​ជនរងគ្រោះ​ទាំង​១៦​បូករួម នឹង​ង​ជនរងគ្រោះ​ផ្សេងទៀត​ដែល​សមត្ថកិច្ច មិនទាន់​អាចទាក់ទង​មក​ដាក់ពាក្យ​បណ្តឹង​បាន គឺ​សរុប​រថយន្ត​ទាំងអស់​៤២​គ្រឿង​។ ដោយ​រថយន្ត​ចំនួន​០៨​គ្រឿង​យកទៅ​ជួល​បន្ត និង​៣៤​គ្រឿង​ទៀត​យកទៅ​បញ្ចាំ​។

​ដោយមាន​ការសាកសួរ និង​ការផ្តល់​ចម្លើយ​លម្អិត​បន្ថែម​ពី​ក្រុម​ជនសង្ស័យ​ដែលមាន​បក្ខពួក​បន្ថែម និង​បានដឹងថា ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឈិន ថុល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ធ្វើដំណើរ​មកកាន់​ខេត្តស្ទឹងត្រែង លោក កូយ សៅ ចៅ​ក្រោម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​។ ក្រោយ​កម្លាំង​កងរាជអាវុធហត្ថ​អនុ​វត្ត​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ឈិន ថុល គ្រា​ប្រទះឃើញ​នៅ​ភូមិ​ស្ពានថ្ម​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹ​ត្រែង​ជំនាញ​បាន​ដកហូត​រថយន្ត​០១​គ្រឿង ក្រោយ​ការសាកសួរ​ជំនាញ​បាន​រកឃើញ​រថយន្ត​ចំនួន​០៣​គ្រឿង​ទៀត សរុប​ចំនួន​០៤​គ្រឿង​។​

​បន្ទាប់​បញ្ចប់​នីតិវិធី​ប្រគល់​ទទួល ក្រោម​ការសម្រួល​ពីសា​លា​ដំបូង​ខេត្តស្ទឹងត្រែង កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានប្រគល់​ភារកិច្ច​បន្តទៅ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​ជនសង្ស័យ​រួម​វត្ថុតាង​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​បន្ត​នីតិវិធី​ផងដែរ​៕ ល​