បំបែកសំបុក​ក្រុមសង្គមងងឹត​:​ឃាត់ខ្លួន​ចិន​ជាង​២០០​នាក់​នៅ​ខុន​ដូ​មួយកន្លែង​

1696
ចែករម្លែក

ភ្នំពេញៈ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ បានធ្វើការ​បំបែកសំបុក​ក្រុម​ឧក្រិដ្ឋជន​ជា​ជនជាតិ​ចិន​ចំនួន​ជាង ២០០​នាក់ ពាក់ព័ន្ធ​ការធ្វើសកម្មភាព ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត (VOIP) នៅក្នុង​ខុន​ដូ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
​ការបើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុមសង្គមងងឹត​ចិន​គឺ​ដោយ​នាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ និង​ដោយមាន​ការចូលរួម​ពី​លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​អយ្យការ​សាល​ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​។​
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ថា កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​ចុះបង្ក្រាប​ទីតាំង​ធ្វើ​សកម្មភាព​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ក្នុងនោះ​ឃាត់ខ្លួន​ជនជាតិ​ចិន​ជាង ២០០​នាក់ និង​ដកហូត​វត្ថុ​តាម​មួយចំនួន​។​
​ ​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បង្ហាញ​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៦ ខែសីហា កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេ​វរ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២៣១​នាក់ ស្រី​២៨​នាក់ ពីបទ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ចំណុច​អគារ​ខុន​ដូ ផ្លូវ​៥៧៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​២៣១​នាក់ ជា​ជន​ជាតិចិន​៕MN
ដោយៈមុនីរ័ត្ន សរិទ្ធ

សមត្ថកិច្ច​ចុះបង្ក្រាប​ក្រុម​ជនជាតិ​ចិន​ជម្រិត​ទារប្រាក់​តាម​អ៊ី​ន​ធឺ​ណិ​ត​