បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត របួស​៣៤​នាក់​នៅ​ទីក្រុង​ឡា​ហ័​រ ប្រទេស​ប៉ា​គី​ស្ថាន​

332

​ក្រុមមន្ត្រី​បាន​និយាយថា ការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ បានធ្វើឱ្យ​របួស​មនុស្ស​ចំនួន​៣៤​នាក់ នៅ​ទីក្រុង​ឡា​ហ័​រ ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ​ទី​៨​សីហា​។​

​លោក អាប់​ឌុល​ឡាស ខាន់ សាំ​បាល់ មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​គ្រឿងផ្ទុះ​នេះ​ត្រូវបាន​បង្កប់​ក្នុង​រថយន្ត​ធំ​មួយ​ដែល​ដឹក​ផ្លែឈើ​”​។​

​លោក​បាន​និយាយថា ក្រុម​អាជ្ញាធរ​បានធ្វើការ​ស៊ើបអង្កេត​ដើម្បី​កំណត់ថា​តើ​រថយន្ត​នេះ​បាន​មកដល់​តំបន់​នេះ​យ៉ាងដូចម្តេច​និង​ពេលណា​នោះ​។​

​លោក ចាម សាច​ជី​ដ ហូ​ស​សេន អ្នកនាំពាក្យ​អង្គភាព​សង្គ្រោះ បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា កម្លាំង​ផ្ទុះ​នេះ​បាន​បំផ្លាញ​អគារ​មួយ​និង​រថយន្ត​ជាច្រើន​គ្រឿង​ដែល​ស្ថិតនៅ​ជិត​នោះ​។​

​ការ​បំផ្ទុះ​នេះ​បានកកើតឡើង គឺ​ពីរ​បី​សប្តាហ៍ បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​មួយ ដែល​ត្រូវបាន​ប្រកាស​ទទួលខុស​ត្រូវ​ដោយ​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​នោះ បានសម្លាប់​មនុស្ស​ចំនួន​២៦​នាក់​និង​របួស​រាប់សិប​នាក់​ទីផ្សារ​មួយ​នៅ​ទីក្រុង​ឡា​ហ័​រ​៕ ដោយ៖ សុខា

​ប៉ូលិស ពិនិត្យមើល​នៅ​កន្លែង​បំផ្ទុះ​គ្រាប់បែក នៅ​ទីក្រុង ឡា​ហ័​រ