បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​១៩​នាក់​នៅ​ទីក្រុង​អា​ហ្វ​ហ្គា​នី​ស្ថាន​

2890
ចែករម្លែក

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគខាងកើតនៃទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យទី០១កក្កដាបានសម្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់ដែលភាគច្រើនជាសមាជិកនៃជនជាតិភាគតិចស៊ីក(Sikh)។

ប៉ូលិសបាននិយាយថា​ ពួកគេបានកំពុងធ្វើដំណើរក្នុងរថយន្តមួយដើម្បីទៅជួបប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដែលកំពុងធ្វើទស្សនកិច្ចនៅខេត្តNangarhar នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះគ្រាប់បែក។

ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ទាំងនេះ គឺម្នាក់ជាបេក្ខជន ជាជនភាគតិចស៊ីក ដែលបានគ្រោងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសភានៅខែតុលា ។

ក្រុមរដ្ឋអ៊ីស្លាម(ក្រុមISIS) បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារនេះ។

កាលពីប៉ុន្មានម៉ោងមុនការវាយប្រហារនេះ លោក Ashraf Ghani បានបើកដំណើរការមន្ទីរពេទ្យមួយនៅទីក្រុងJalalabad ក្នុងអំឡុងដំណើរទស្សនកិច្ច២ថ្ងៃរបស់លោកនៅខេត្តNangarhar។ ក្រុមមន្ត្រីបាននិយាយថា​លោក មិនបានស្ថិតនៅទីនោះទេ នៅពេលការបំផ្ទុះគ្រាប់បែកអត្តឃាត បានកើតឡើងនោះ។

លោក Awtar Singh Khalsa ជាបេក្ខជន ជាជនភាគតិចស៊ីក ដែលបានឈរឈ្មោះសម្រាប់ការបោះឆ្នោតសភានៅថ្ងៃទី២០ខែតុលា បានស្លាប់ក្នុងចំណោមអ្នកស្លាប់ទាំងនេះ។

ប្រធានមន្ទីពេទ្យនៅខេត្តNangarhar បាននិយាយប្រាប់សារព័ត៌មានAFPថា មនុស្ស១៧នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនេះ គឺជាជនជាតិភាគតិចស៊ីកនិងហិណ្ឌូ និងថាមនុស្ស២០នាក់បានរងរបួសក្នុងការវាយប្រហារនេះ៕ដោយ៖សុខា/sn

អគារនិងរថយន្តនៅជិតកន្លែងវាយប្រហារនេះ ត្រូវបានខូចខាត ដោយកម្លាំងផ្ទុះគ្រាប់បែកនេះ

#