បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ស្នាក់ការ​ប៉ូលិស​ឥណ្ឌូនេស៊ី​

270
ចែករម្លែក

​ការផ្ទុះ​គ្រាប់​ដែល​គេ​សង្ស័យថា​ជា​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បាន​កើតឡើង​នៅក្រៅ​ស្នាក់ការ​ប៉ូលិស​នៅក្នុង​ក្រុង​មេ​ដាន របស់​ឥណ្ឌូនេស៊ី ដោយ​បាន​សម្លាប់​ជន​វាយ​​ប្រហារ​ម្នាក់​និង​របួស​ប៉ូលិស​ជាច្រើន​នាក់​កាលពី​ថ្ងៃ​ពុធ​ទី​១៣​វិច្ឆិកា ។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា​ជន​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​និង​ប៉ូលិស​ខ្លះ​បាន​រងរបួស​ក្នុងការ​ផ្ទុះ​នៅ​ម៉ោង​ប្រមាណ​៨​និង​៤០​នាទី​​ព្រឹក​។​

​ហេតុផល​ចំពោះ​ការវាយប្រហារ​កាលពី​ថ្ងៃ​ពុធ នៅ​មិនទាន់​ត្រូវ​គេ​ដឹង​ភ្លាមៗ​នៅឡើយ​ទេ តែ​ឥណ្ឌូនេស៊ី រង​ការបះបោរ​ផ្តាច់​ទឹកដី​និង​សកម្មប្រយុទ្ធ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយ​​ការវាយប្រហារ​ខ្លះ​ផ្តោត​លើ​មុខសញ្ញា​សន្តិសុខ​។​

​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ពួក​រ៉ាឌីកាល់​អ៊ីស្លាម ដែល​ខ្លះ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ចា​ម៉ា​អះ អាន់​សា​រុត ដូ​ឡះ បាន​វាយប្រហារ​លើ​ប៉ូលិស​។​ការវាយប្រហារ​នេះ​បានកើត​​ឡើង​មួយ​ខែ​ក្រោយ​ជន​អ៊ីស្លាម​និយម​ម្នាក់​ចាក់​អោយ​របួស​រដ្ឋមន្ត្រី​សន្តិសុខ​របស់​ប្រទេស​៕​ដោយ​៖​វាសនា​

ប៉ូលិស​ឈរ​យាម​នៅ​ច្រកចូល​ស្នាក់ការ​ប៉ូលិស​ក្រោយ​ការផ្ទុះ​នៅ​មេ​ដាន​កាលពី​ថ្ងៃ​១៣​វិច្ឆិកា​