បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​កន្លែង​ជួបជុំ​មួយ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន សម្លាប់​មនុស្ស​៨​នាក់​

159
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដ៏​ខ្លាំង​មួយ​បាន​សម្លាប់​មនុស្ស​៨ នាក់​និង​១៦ នាក់​ផ្សេងទៀត​បាន​រងរបួស​នៅ​ខេត្ត​បា​លូ​ជី​ស្ថាន ប្រទេស​​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​កុម្ភៈ នៅពេល​ដែល​គ្រាប់បែក​នេះ​ត្រូវបាន​បំផ្ទុះ​នៅ​កន្លែង​ប្រមូលផ្តុំ​ជួបជុំ​អ្នក​កាន់​សាសនា​អ៊ីស្លាម​មួយ​នៅក្នុង​ទីក្រុង​ក្នុង​តំបន់​នេះ​។​

​ប៉ូលិស​បាន​និយាយថា​ការផ្ទុះ​បាន​កើតឡើង​នៅ​ជិត​ក្លឹប​សារព័ត៌មាន​នៅ​ទីក្រុង​កេ​តា​ជា​ទី​ដែល​ក្រុម​អ្នកគាំទ្រ​រាប់សិប​នាក់​របស់​ក្រុម​សកម្មប្រយុទ្ធ​និកាយ​ស៊ុន​នី​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​។

​ពួកគេ​បាន​បន្ថែមទៀតថា​មន្ត្រីប៉ូលិស​ច្រើន​នាក់​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​ទាំងនោះ​។​

​គ្មាន​នរណា​ម្នាក់​អះអាង​ទទួលខុសត្រូវ​ភ្លាមៗ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ទេ​។ ក្រុម​បំបែក​ខ្លួន​Baluch និង​ក្រុម​សកម្មប្រយុទ្ធ​និកាយ​ស៊ី​អ៊ី​ត​និង​ស៊ុន​នី​ដែល​​ជា​គូប្រជែង​គ្នា​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ខេត្ត​នេះ និង​បាន​ធ្វើ​ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​កាលពីមុន​។​

​ប្រធាន​ប៉ូលិស​ក្រុង​នេះ បាន​និយាយថា​ពួក​អ្នកគាំទ្រ​របស់​គណបក្ស Ahle Sunnat Wal Jammat​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​សូត្រធម៌​សាសនា​អ៊ីស្លាម​​ជា​លើ​ដំបូង​នៅ​ពេល​ដែល​អ្នក​បំផ្ទុះ​គ្រាប់បែក បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ទីនោះ​។​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​បំផ្លាញ​ហាង​និង​យានយន្ត​មួយចំនួន​នៅក្បែរ​​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​បំផ្លាញ​ហាង​និង​យានយន្ត​មួយចំនួន​នៅក្បែរ​នោះ​នៅ​ទីក្រុង​កេតា​កាលពី​ថ្ងៃ​១៧​កុម្ភៈ​