បំផ្ទុះ​និងផ្សារបំបែកទូរ​ATM លួច​លុយ​នៅ​ក្រុងកែប

1207
ចែករម្លែក

(​កែប​)៖ មាន​ជន​មិន​ស្គាល់មុខ បានបំផ្លាញ​ទូរ​ម៉ាស៊ីន ATM សម្រាប់​ដក​ប្រាក់​របស់​ធនាគារ ABA​បណ្តាល​ឲ្យ​ផ្ទុះ​រលំ​បាក់​និង​ឆេះ​បំផ្លាញ​ទាំង​លុយ​ទាំង​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង​ទៀបភ្លឺ ទី​១៥ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

​ម៉ាស៊ីន​ទូរ ATM សម្រាប់​ដក​ប្រាក់​របស់​ធនាគារ ABA ស្ថិត​នៅមុខ​អាហារ​ដ្ឋា​ន ដេលី តាមផ្លូវ​ជាតិ​លេខ​៣៣A ខាងជើង​ឆ្នេរកែប ក្រុងកែប ខេត្ត​កែប ដែល​បណ្តាល​ឲ្យ​ឆេះ​ទូ​នោះ​តែម្តង​។​

​ស្នងការ​នគរបាល​ខេត្ត​កែប បាន​សន្និដ្ឋានថា​អំពើ​បំផ្លាញ​ម៉ាស៊ីន​ទូរ​ATM​នេះ​ជា​អំពើចោរកម្ម​លួច​យកលុយ ហើយ​នៅពេលនេះ​កម្លាំង​នគរបាល​របស់លោក សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​នឹង​កំពុងបើក​ការស្រាវជ្រាវ​ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​ជនល្មើស​។​

សមត្ថកិច្ចបានបញ្ជាក់ប្រាប់អ្នកកាសែតថា ទឹកប្រាក់ប្រមាណជាង១ម៉ឺនដុល្លារត្រូវបានបាត់បង់ និងខូចខាត។

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ករណីនេះ បង្កឡើង​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​យក​បំពង់​ផ្សារ​ដែក​យកមក​កាត់​ដើម្បី​យកប្រាក់​ក្នុង​ទូរ​តែ​មិនបាន​សំរេច​បណ្តាលអោយ​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ឆេះ​អស់ទាំង​ស្រុង​។​វត្ថុតាង​បន្សល់ទុក​មាន​បំពង់​ផ្សារ​នឹង​ទុយោ​ប្រហែល​បី​ម៉ែត្រ កូនសោរ​លេខ​ដប់​ចំនួន​មួយ កំប៉ុង​បាញ់ថ្នាំ​ខ្មៅ​មួយ​កំប៉ុង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​។​

​សូមបញ្ជាក់ថា​ករណី​បំផ្លាញ​ទូរ​ATM​ដើម្បី​លួច​លុយ​បែបនេះ​ក៏​ធ្លាប់​បានកើត​មាននៅ​រាជធានី​ភ្នំពេញ​តែ​វា​ជា​ករណី​លើក​ទី​១​ដែល​បាន​​កើតឡើង​នៅ​ខេត្ត​កែប​៕​វាសនា​